អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី ទាត់ចោលការចោទថា លោកព្យាយាមបង្កើតសន្តិវង្សនយោបាយ
× ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី១២ ខែធ្នូ បានទាត់ចោលការចោទប្រកាន់លើរូបលោកថា ព្យាយាមចាក់ឬសគ្រួសារក្នុងឆាកនយោបាយ បន្ទាប់ពីកូនប្រុសបង្កើត និងកូនប្រសារប្រុសរបស់លោកដាក់ពាក្យធ្វើជាបេក្ខជនអភិបាលក្រុងសម្រាប់ការបោះឆ្នោតតំបន់នៅឆ្នាំក្រោយ។ សម្រាប់លោក វីដូដូ ការប្រឡូកចូលនយោបាយរបស់កូនៗ គឺជាការសម្រេចចិត្តរបស់ពួកគេផ្ទាល់ ហើយលទ្ធផលទៅជាយ៉ាងណា ក៏អាស្រ័យលើការសម្រេចចិត្តរបស់ប្រជាជនឥណ្ឌូណេស៊ីតែប៉ុណ្ណោះ។
មុខមាត់ និងកេរិ៍្តឈ្មោះស្អាតស្អំ មិនពាក់ព័ន្ធអ្នកនយោបាយជាន់ខ្ពស់ជំនាន់មុនរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី កំពុងរងការសង្ស័យខ្លាំង គ្រាដែលសមាជិកគ្រួសាររបស់លោកចូលប្រឡូកក្នុងឆាកនយោបាយ។ កូនប្រុសច្បងរបស់លោកឈ្មោះ Gibran Rakabuming Raka បានចុះឈ្មោះជាបេក្ខជនអភិបាលទីក្រុង Solo ខណៈកូនប្រសារប្រុសឈ្មោះ Bobby Nasution ប្រជែងកៅអីអភិបាលក្រុង Medan ក្នុងការបោះឆ្នោតថ្នាក់តំបន់នៅឆ្នាំ២០២០ ។
ដោយសារបញ្ហានេះ លោក វីដូដូ ដែលជាធ្លាប់ជាអតីតអភិបាលក្រុង Solo ដែរនោះ ក៏ត្រូវបានចោទសួរពីគោលបំណងនៅពីក្រោយរឿងរ៉ាវក្ដៅគគុកនេះ រហូតមានពាក្យរិះគន់ថា លោកកំពុងព្យាយាមបង្កើតវង្សត្រកូលនយោបាយដូចអ្នកនយោបាយជំនាន់មុនដែលមានសមាជិកគ្រួសារត្រួតត្រាឆាកនយោបាយឥណ្ឌូណេស៊ីមិនចេះដាច់។ លោក វីដូដូ ដែលមានអតីតភាពជាអ្នកលក់គ្រឿងសង្ហារឹមនោះ ត្រូវបានមើលឃើញថា ជាមនុស្សនៅក្រៅរង្វង់អ្នកនយោបាយជាន់ខ្ពស់ ឬយោធាដ៏មានឥទ្ធិពល។
«នោះជាការប្រកួតប្រជែង។ អ្នកអាចចាញ់ ឬឈ្នះក្នុងការប្រកួត ហើយវាអាស្រ័យលើប្រជាជនដែលមានសិទ្ធសម្រេចចិត្ត។» នេះជាការលើកឡើងរបស់លោក វីដូដូ ដែលស្បថចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូណេស៊ីមិនទាន់បានពីរខែស្រួលបួលផងនោះ ហើយផ្សាយដោយទីភ្នាក់ងារព័ត៌មានReuters ។ ទោះនេះជាការសម្រេចចិត្តរបស់កូនៗក្ដី មានមតិខ្លះលើកឡើងថា លោក វីដូដូ ក៏ទំនងជាបានបើកភ្លើងបៃតងផងដែរ។
គ្រួសារនយោបាយ សឹងតែក្លាយជាវប្បធម៌របស់ឥណ្ឌូណេស៊ី ដោយមេដឹកនាំជំនាន់មុន តែងបណ្ដុះកូនៗរបស់ខ្លួនឲ្យធ្វើនយោបាយដែរ។ ជាក់ស្ដែង គ្រួសារប្រធានាធិបតីទីមួយរបស់ឥណ្ឌូណេស៊ី គឺត្រកូលស៊ូកាណូ នៅតែជាកម្លាំងនយោបាយដ៏សំខាន់ក្នុងប្រទេសប្រជាធិបតេយ្យដ៏ធំរបស់ពិភពលោក។ កូនស្រីលោក ស៊ូកាណូ គឺអ្នកស្រី Megawati Sukarnoputri ជាប្រធានាធិបតីទីប្រាំ ហើយបច្ចុប្បន្នជាប្រធានបក្សកាន់អំណាច។ ប្រធានសភាសព្វថ្ងៃ អ្នកស្រី Puan Maharani ជាកូនស្រីបង្កើតអ្នកស្រី Megawati ទៅទៀត។
ចំណែកឯអតីតប្រធានាធិបតី Susilo Bambang Yudhoyono ក៏មានកូនប្រុសប្រឡូកក្នុងឆាកនយោបាយដែរ។ កាលពីខែតុលា លោក Susilo ដែលជាប្រធានបក្សប្រជាធិបតេយ្យនោះ បានតែងតាំងកូនប្រុសច្បងឈ្មោះ Agus Harimurti Yudhoyono ជាអនុប្រធានបក្សផងដែរ។
Tag:
ឥណ្ឌូណេស៊ី
ចូកូ វីដូដូ
© រក្សាសិទ្ធិដោយ thmeythmey.com