អាល្លឺម៉ង់​ឲ្យ​ជាង​២​លាន​ដុល្លារ​ដល់ ​MRC ដើម្បីតាមដាន​ផលប៉ះពាល់​ពី​ទំនប់​វា​រី​អគ្គិសនី​នៅ​ទន្លេមេគង្គ​ក្រោម​
ជាតិ
សង្គមជាតិ
អាល្លឺម៉ង់​ឲ្យ​ជាង​២​លាន​ដុល្លារ​ដល់ ​MRC ដើម្បីតាមដាន​ផលប៉ះពាល់​ពី​ទំនប់​វា​រី​អគ្គិសនី​នៅ​ទន្លេមេគង្គ​ក្រោម​
14, Dec 2019 , 11:51 am        
រូបភាព
រូបភាពពីលោក Peter Starr
រូបភាពពីលោក Peter Starr
 ភ្នំពេញ​៖ អាល្លឺម៉ង់​ផ្ដល់​ថវិកា​២,២​លាន​ដុល្លារ ឲ្យ​គណៈកម្មការ​ទន្លេមេគង្គ​(MRC) ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​ឆ្លងដែន ក្នុងការ​តាមដាន​ផលប៉ះពាល់​បរិស្ថាន​ឆ្លងដែន​ពី​ទំនប់​វា​រី​អគ្គិសនី​តាម​ដង​ទន្លេមេគង្គ​ក្រោម​។


​ការផ្ដល់​ថវិកា​នេះ  បានធ្វើ​ឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​លោក អាន ពេជ្រ​ហត្ថ​ដា នាយក​ប្រតិបត្តិ​លេខាធិការដ្ឋាន MRC និង​លោក Jens Lütkenherm ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​ប្រទេស​ឡាវ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩​។ លោក អាន ពេជ្រ​ហត្ថ​ដា បាន​លើ​ឡើង​ថា គម្រោង​របស់​អាល្លឺម៉ង់​សម្រាប់ MRC កើនឡើង​ប្រមាណ​៦,៤៥​លាន​អឺរ៉ូ ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២០១៦ ដល់​២០២០ រួមទាំង​ផែនការ​ថ្មី​ឆ្នាំ​២០២១ ដល់​២០២៥​។ ជាមួយគ្នា​ដែរ គម្រោង​ថវិកា​នេះ ប្រទេស​អាល្លឺម៉ង់ និង​គណៈកម្មការ​ទន្លេ​មេគង្គ មាន​គោលបំណង​ជំរុញ​កិច្ចសហប្រតិបត្តិការ លើ​ការរៀបចំ​ផែនការ និង​គ្រប់គ្រង​ធនធានទឹក​ឆ្លងដែន​ក្នុងចំណោម​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ក្រោម កម្ពុជា ឡាវ ថៃ និង​វៀតណាម​។ 
 
«​ការគាំទ្រ​របស់​ប្រទេស​អាល្លឺម៉ង់ ចំពេល​ដ៏​សំខាន់ គឺ​ពេលដែល​ទន្លេមេគង្គ​កំពុង​ប្រឈម​នឹង​ការថ្លឹងថ្លែង​ដ៏​ពិបាក រវាង ការ​ង្កើ​ន​ការអភិវឌ្ឍ​ក្នុង​វិស័យ​ថាមពល ដឹកជញ្ជូន និង​កសិកម្ម និង​ផលប៉ះពាល់​លើ​បរិស្ថាន និង​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ប្រជាជន​ក្នុងស្រុក​»​។  នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក អាន ពេជ្រ​ហត្ថ​ដា​។ 
 
​បើតាម​លទ្ធផល​ការតាមដាន​លំហូរ​ទឹក​របស់ MRC គ្រោះរាំងស្ងួត​ឆ្នាំ​២០១៩​នេះ បណ្ដាល​ឲ្យ​ទឹកទន្លេ​មេគ​ង្ដ​ធ្លាក់​ដល់​កម្រិត​ទាប បំផុត​នៅ​ប្រវត្តិសាស្ត្រ ឬ​ក្នុងអំឡុង​៦០​ឆ្នាំ​ចុង​ក្រោយនេះ​។ ទន្ទឹមនេះ លទ្ធផល​បានបង្ហាញ​បន្ថែមថា លំហូរ​ទឹក​ទាប​ខ្លាំង ការធ្លាក់ចុះ​យឺត​នៃ​សារធាតុ​កករ និង​វត្តមាន​សារាយ ឬ​ស្លែ​នៅលើ​ដីខ្សាច់ និង​ស្រទាប់​បាតទន្លេ គឺជា​មូល​ហេតុដែល បណ្តាល ឱ្យ​ពណ៌​ទឹកទន្លេ​មេគង្គ​ប្រែជា​ពណ៌​ខៀវ​បៃតង​នាពេល​ថ្មីៗ​នេះ​។ MRC បាន​ក្រើន​រម្លឹកថា ស្ថានភាព​ទឹក​ប្រែ​ពណ៌​ខៀវ​បៃតង អាច​នឹង​កើតមាន​នៅតាម​កន្លែង​ផ្សេងៗ​ទៀត និង​បង្កឱ្យមាន​ហានិភ័យ ដូចជា​ការប្រែប្រួល​ផលិតភាព​របស់​ទន្លេ ការកាត់បន្ថយ​ផលិតភាព​ជីវសាស្ត្រ​ចម្រុះ​ក្នុង​ង​ទឹក ដែល​បណ្តាលមកពី​ទឹក​ប្រែ​កាន់តែ​ថ្លា​ច្បាស់​។​
 
​ចំណែក​លោក Jens Lütkenherm ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​បាន​បញ្ជាក់ថា​៖«​ថវិកា​បន្ថែម​របស់​យើង​នឹង​ផ្តល់​លទ្ធភាព​ដល់ MRC ព​ន្លឿ​ន​កិច្ចការ​វាយតម្លៃ​ផលប៉ះពាល់​ទាំងនោះ និង​ធានាថា​ភាគី​ដែល​ធ្វើការ​សម្រេចចិត្ត ទាំង អស់​នៅក្នុង​អាង​ទន្លេ​បាន​យល់ដឹង​ពី​ផលវិបាក​នានា និង​ចាត់វិធានការ​ឱ្យបាន​ស​ម​ស្រប និង ទាន់ពេលវេលា​»​។ ទន្លេមេគង្គ​កំពុង​រង​នូវ​សម្ពាធ​ពី​ផលប៉ះពាល់​នៃ​គម្រោង​គ្រប់គ្រង​ទឹក​សម្រាប់​ប្រព័ន្ធធារាសាស្ត្រ ថាមពល​វា​រី​អគ្គិសនី និង​ការផ្គត់ផ្គង់​ទឹក​ក្នុងពេល​តែមួយ ហើយ MRC នឹង​ប្រើ​ថវិកា​នេះ ក្នុងការ​ពិនិត្យ​តាមដាន និង​គ្រប់គ្រង​បម្រែបម្រួល​របស់​អាង​ទន្លេមេគង្គ​៕ 
 

Tag:
 អាល្លឺម៉ង់​
  MRC
© រក្សាសិទ្ធិដោយ thmeythmey.com