ពីនេះ ពីនោះ
ត្រី​អាចម៍កុក ហាក់​ត្រូវបាន​រង​ផលប៉ះពាល់​តាម​ផ្នែក​ខ្លះ​ចំពោះ​ពួកវា ដោយសារ​ទំ​បន់​វារិ​អគ្គិសនី និង​ការបំពុល​ទឹក​
14, Dec 2019 , 2:59 pm        
រូបភាព
 ​ត្រី​អាចម៍កុក​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា
​ត្រី​អាចម៍កុក​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ដកស្រង់​ត្រី​មាន​ស្រកា​មួយ​ប្រភេទ​ចេញពី​ប្រភព​៖ មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា​, fishbase.org និង iucnredlist.org ដែលជា​ប្រភេទ​ត្រី​មាន​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ឡាវ ថៃ និង​វៀតណាម​។

 
​ត្រី​អាចម៍កុក មានឈ្មោះ​វិទ្យាសាស្ត្រ (Labiobarbus siamensis) មាន​ប្រវែង​ដងខ្លួន​អតិបរមា​សរុប ២២ ស​.​ម មាន​រស់នៅ​ចាប់ពី​ពាក់កណ្តាល​ជម្រៅ​ទឹក ដល់​បាត​នៃ ទន្លេ ស្ទឹង បឹង អូរ ប្រឡាយ និង​តាម​តំបន់​វាលទំនាប​លិច​ទឹក​។ វា​ធ្វើចរាចរ​ផ្លាស់​ទី​ចេញ​ទន្លេ ស្ទឹង បឹង អូរ ប្រឡាយ និង​តាម​តំបន់​វាលទំនាប​លិច​ទឹក ចូលទៅក្នុង​ព្រៃ​លិច​ទឹក ក្នុង​រដូវវស្សា និង​ត្រឡប់​ចូលទៅ​កន្លែង​ដើម​វិញ នា​រដូវប្រាំង​។ ត្រី​អាចម៍កុក​ស៊ី ប្លង់តុង​រុក្ខជាតិ ស្លែ​ស្រទាប់​បាត និង ស៊ី​តិចតួច​នូវ​ប្លង់តុង​សត្វ​ជា​អាហារ​។ ភាគច្រើន​ប្រជាជន​ខ្មែរ​យើង និយម​យក​ត្រី​អាចម៍​ធ្វើ​ប្រហុក​។ ត្រី​អាចម៍កុក ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern (LC) ) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ដែលមាន​ការព្រួយបារម្ភ​តិចតួច ដែលថា​នឹង​អាច​ឈានទៅ​ផុត​ពូជ​បាន​នោះ​។ 
 
​លក្ខណៈ​សម្គាល់​៖ មាន​ពុកមាត់​ខ្លី​។ ស្រកា​នៅលើ​ខ្សែ​ឆ្នូត​ចំហៀង មាន​ចំនួន ៣៩ - ៤២​ស្រកា​។ ទ្រនង់ខ្នង​ទន់​បែក មាន​ចំនួន ២៥-២៨ ទ្រនង់​។ ស្រកា​ជុំវិញ​គល់​កន្ទុយ​មាន​ចំនួន ២០-២៣ ស្រកា​។ ព្រុយ​ខ្នង និង​ព្រុយ​កន្ទុយ​មាន​ពណ៌​ខ្មៅ​ស្រគាំ​។​
 
​បញ្ហា​ប្រឈម​ចំពោះ​ត្រី​ប្រភេទ​នេះ មានដូចជា​៖ ហាក់ដូចជា​ត្រូវបាន​រង​ផលប៉ះពាល់​តាម​ផ្នែក​ខ្លះ​ចំពោះ​ពួកវា ដោយសារ​ទំ​បន់​វារិ​អគ្គិសនី និង​ការបំពុល​ទឹក​។​
 
​សូម​ចូលរួម​ជួយ​ថែរក្សា​ព្រៃ​លិច​ទឹក ដែលជា​ជម្រក​ពង​កូន​របស់​មច្ឆជាតិ ឲ្យ​បាន​គង់វង្ស និង​ជួយ​លប់បំបាត់​រាល់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ដែល​ច្បាប់​ហាម​គាត់​គ្រប់​ប្រភេទ ប្រយោជន៍​ដើម្បី​ឲ្យ​ត្រី​គ្រប់​ប្រភេទ​សម្បូរ​ឡើងវិញ សម្រាប់​ទុក​ឲ្យ​កូនចៅ​យើង​ជំនាន់​ក្រោយ​។​

© រក្សាសិទ្ធិដោយ thmeythmey.com