អន្តរជាតិ
នយោបាយអន្តរជាតិ
មេដឹកនាំអឺរ៉ុប នាំគ្នាបារម្ភពីការប្រកួតប្រជែងជាមួយអង់គ្លេស ក្រោយការចែកផ្លូវគ្នា
× លទ្ធផលបោះឆ្នោតសភាអង់គ្លេសនៅថ្ងៃទី១២ ខែធ្នូ បង្ហាញច្បាស់ថា ការចាកចេញរបស់អង់គ្លេស ជារឿងលែងលំបាកទៀតហើយ ក្រោយបក្សអភិរក្សរបស់នាយករដ្ឋមន្ត្រី បូរីសន ចនសុន ទទួលសំឡេងភាគច្រើន។ ការចាកចេញរបស់អង់គ្លេស ត្រូវបានមេដឹកនាំអឺរ៉ុបប្រមើលមើលថា នឹងបង្កើតជាការប្រកួតប្រជែងដ៏ខ្លាំងក្លាផ្នែកពាណិជ្ជកម្មមិនខាន។ ដើម្បីបង្ការទុកមុន មេដឹកនាំអឺរ៉ុបតាំងចិត្តរក្សាតម្លៃរបស់ខ្លួនឲ្យបានក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអង់គ្លេសដែលនឹងផ្ដើមចរចានៅពេលខាងមុខ។
ទន្ទឹមនឹងការសាទរលទ្ធផលបោះឆ្នោតនៅអង់គ្លេសដែលលោក បូរីស ចនសុន ទទួលជ័យជម្នះមិនធ្លាប់មាន មេដឹកនាំអឺរ៉ុប ក៏គ្នាបារម្ភពីស្ថានភាពក្រោយការចាកចេញរបស់អង់គ្លេសផងដែរ។ ជោគជ័យរបស់លោក ចនសុន នឹងបញ្ចប់បញ្ហាលែងលះគ្នាដែលអូសបន្លាយជាងបីឆ្នាំមកនេះ ដោយគ្មានអ្វីមករាំងស្ទះអ្វីទៀតឡើយ ព្រោះលោកនាយករដ្ឋមន្ត្រីអង់គ្លេសមានសំឡេងគ្រប់គ្រាន់ក្នុងសភាហើយ។ ប៉ុន្តែទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី នឹងក្លាយជារឿងឈឺក្បាលថ្មីមួយទៀត។
ប្រទេអឺរ៉ុបកំពុងបារម្ភថា អង់គ្លេស នឹងក្លាយជាប្រឈមសម្រាប់ពួកគេក្រោយការលែងលះនៅថ្ងៃទី៣១ ខែមករាខាងមុខ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល បានព្រមានចំៗថា ចក្រភពអង់គ្លេស នឹងក្លាយជាគូប្រជែងផ្នែកសេដ្ឋកិច្ចនៅមាត់ទ្វារផ្ទះអឺរ៉ុបតែម្ដង។ ចំណែកប្រធានាធិបតីបារាំងវិញ ក៏ចាត់ទុកអង់គ្លេសជាគូប្រជែងមិនយុត្តិធម៌សម្រាប់អឺរ៉ុបផងដែរ។
ដឹកមុខដោយបារាំង និងអាល្លឺម៉ង់ បណ្ដាប្រទេសសមាជិកអឺរ៉ុបអះអាងថា ពួកគេនឹងសម្រេចឲ្យបានកិច្ចព្រមពាណិជ្ជកម្មមួយជាមួយអង់គ្លេសនៅចុងបញ្ចប់ឆ្នាំ២០២០ ហើយគោលការណ៍ និងគុណតម្លៃរបស់អឺរ៉ុប គឺជាបញ្ហាអាទិភាព។ ក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបមេដឹកនាំអឺរ៉ុបនៅព្រុចសែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល និយាយថា កិច្ចព្រមព្រៀងកំណត់ទំនាក់ទំនងពាណិជ្ជកម្មអឺរ៉ុប និងអង់គ្លេស នឹងត្រូវសម្រេចឲ្យបានទោះក្នុងតម្លៃណាក៏ដោយ។
អ្វីដែលអឺរ៉ុបបារម្ភខ្លាំង គឺអង់គ្លេសក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយនៅជាប់អឺរ៉ុប ហើយក្លាយជាច្រកសម្រាប់ក្រុមហ៊ុនអន្តរជាតិធំៗអាចជ្រៀតចូលទីផ្សារអឺរ៉ុបដ៏ធំទូលាយបានដោយមិនចាំបាច់ឆ្លងនីតិវិធីស្មុគស្មាញអ្វីទេ។ នាយករដ្ឋមន្ត្រីហូឡង់ Mark Rutte លើកឡើងថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប្រាកដជាលំបាកដូចពេលចរចារកកិច្ចព្រមព្រៀងលែងលះដែរ។ អឺរ៉ុបក៏បារម្ភពីគោលដៅរបស់ក្រុងឡុងដ៍ដែលចង់ពន្លឿនការចរចានេះដែរ។
ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី អឺស៊ុឡា វ៉ុន ដឺ លៃអេន (Ursula von der Leyen) ទទួលស្គាល់ថា កាលបរិច្ឆេទចរចានេះ ជារឿងគួរប្រឈមសម្រាប់អឺរ៉ុប ប៉ុន្តែអឺរ៉ុបនឹងផ្ដើមការចរចានៅពេលដែលការចាកចេញរបស់អង់គ្លេសកើតឡើងនៅថ្ងៃទី៣១ ខែមករាខាងមុខ។ ជំហររបស់មេដឹកនាំអឺរ៉ុប គឺរក្សាទំនាក់ទំនងជាមួយអង់គ្លេសឲ្យបានជិតស្និទ្ធបំផុតតាមតែអាចធ្វើបាន តែត្រូវផ្អែកលើសិទ្ធិ និងកាតព្វកិច្ច ក៏ដូចជាការធានាគោរពបញ្ញត្តិពាណិជ្ជកម្មឲ្យត្រឹមត្រូវផងដែរ៕
Tag:
Brexit
អឺរ៉ុបប
អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com