អន្តរជាតិ
នយោបាយអន្តរជាតិ
កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តដ៏សំខាន់មួយទៀតនៅទីតាំងបាញ់ផ្កាយរណប Sohae ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អំឡុងពេលចុះត្រួតពិនិត្យអង្គភាពទ័ពនាពេលកន្លងមក។ រូបភាព KCNA
× ទីក្រុងព្យុងយ៉ាង នៅថ្ងៃទី១៤ ខែធ្នូ បានប្រកាសពីការសាកល្បងដ៏សំខាន់មួយនៅឯមជ្ឈមណ្ឌលបាញ់ផ្កាយរណប Sohae ជាទីដែលលោក គីម ជុងអ៊ុន ប្រកាសបិទកាលពីឆ្នាំមុន។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ដែលប្រកាសពីការសាកល្បងនេះ មិនបានព័ត៌មានលម្អិតអ្វីឡើយ តែបញ្ជាក់ថា ការសាកល្បងនេះ នឹងជំរុញសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ការសាកល្បងនេះ ធ្វើឡើងស្របពេលដែលឱសានវាទរបស់កូរ៉េខាងជើងខិតកាន់តែកៀក។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង kCNA ផ្សាយថា ការសាកល្បងដ៏សំខាន់មួយ បានធ្វើឡើងដោយជោគជ័យនៅម៉ោងជាង១០ យប់ថ្ងៃទី១៣ ខែធ្នូ នៅឯទីតាំងបាញ់ផ្កាយរណប Sohae ដែលត្រូវបានស្គាល់ជាទូទៅជាមួយឈ្មោះ Dongchang-ri ។ កូរ៉េខាងជើង មិនបានបញ្ជាក់ពីព័ត៌មានអ្វីផ្សេងទាក់ទងនឹងការសាកល្បងនេះឡើយ។
ប៉ុន្តែអ្នកនាំពាក្យម្នាក់នៃបណ្ឌិត្យសភាវិទ្យសាស្ត្រការពារជាតិ ដែលជាស្ថាប័នទទួលបន្ទុកការបាញ់នេះ ត្រូវបាន KCNA ស្រង់សម្ដីថា ការស្រាវជ្រាវជោគជ័យនេះ នឹងត្រូវយកទៅអនុវត្តដើម្បីពង្រឹងសមត្ថភាពយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់កូរ៉េខាងជើងផ្ទាល់។
នេះជាការសាកល្បងលើកទីពីរនៅឯទីតាំង Sohae នេះ ក្រោយការធ្វើតេស្តម្ដងហើយកាលពីដើមធ្នូនេះ ខណៈទីតាំងនេះត្រូវបានប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រកាសបិទទ្វារចោលអំឡុងពេលជំនួបមេដឹកនាំអន្តរកូរ៉េកាលពីឆ្នាំ២០១៨ ។ អ្វីគួរឲ្យកត់សម្គាល់ ការសាកល្បងនេះ ធ្វើឡើងមួយថ្ងៃក្រោយអាមេរិកប្រកាសនៅថ្ងៃទី១២ ខែធ្នូ ថា ខ្លួនបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកចម្ងាយមធ្យមនៅមហាសមុទ្រប៉ាស៊ីហ្វិក។
ការសាកល្បងនេះ ទំនងជាសារព្រមានរបស់ក្រុងព្យុងយ៉ាងទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលមិនទាន់ធ្វើសម្បទានអ្វីដើម្បីបើកការចរចារំសាយនុយក្លេអ៊ែរឡើងវិញ។ ក្រុងព្យុងយ៉ាង បានទុកពេលត្រឹមដំណាច់ឆ្នាំ២០១៩ ឲ្យក្រុងវ៉ាស៊ីនតោនយកលក្ខខណ្ឌថ្មីមកចរចាជាមួយខ្លួន។ បើផុតឱសានវាទនេះ របបកុម្មុយនីស្តមួយនេះ បានព្រមានហើយថា នឹងធ្វើឲ្យអាមេរិកជួបបញ្ហាធំ។ កូរ៉េខាងជើង ក៏បានសួរទៅអាមេរិកថា ចង់បានកាដូអ្វីនៅថ្ងៃបុណ្យគ្រិស្តម៉ាសខាងមុខនេះដែរ។
ជាមួយនឹងការសាកល្បងផ្ទួនៗបែបនេះ មានការបារម្ភថា កូរ៉េខាងជើងកំពុងត្រៀមបាញ់គ្រាប់រ៉ុក្កែតចម្ងាយឆ្ងាយ ឬក៏មីស៊ីលបាលីស្ទិកផងក៏បានថា។ តាមការសន្យារបស់លោក គីម កូរ៉េខាងជើង មិនបានសាកល្បងនុយក្លេអ៊ែរ ឬមីស៊ីលបាលីស្ទិកអ្វីឡើយក្នុងឆ្នាំ២០១៩ នេះ ប៉ុន្តែការបង្កើនការសាកល្បងបែបនេះ ទំនងជាសញ្ញាថា នៅឆ្នាំ២០២០ កូរ៉េខាងជើងអាចវិលទៅរកសកម្មភាពដូចមុនឆ្នាំ២០១៨ វិញមិនខាន៕
Tag:
កូរ៉េខាងជើង
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com