យ៉ាងណាក្ដី រូបគេនៅតែមិនភ្លេចឡើយចំពោះបុរសនៅក្នុងដួងចិត្តរបស់ខ្លួនដែលបានណែនាំផ្លូវរហូតទទួលបានជោគជ័យយ៉ាងដូចច្នេះ។ បុរសដែលគេមិនអាចបំភ្លេចបាននោះ គឺ សពរបស់លោក Huan បន្ទាប់ពីរូបលោកតម្រង់ផ្លូវ និងណែនាំរឿងល្អៗមុនឈានដល់កម្រិតពិភពលោកនាពេលបច្ចុប្បន្ន។ ជើងខ្លាំងវ័យ ២២ឆ្នាំ រូបនេះបញ្ជាក់ថា បើគ្មានលោក Huan ទេ ក៏រូបគេមិនអាចឈរជើងដល់សព្វថ្ងៃនេះដែរ។
នៅពេល Rodtang នៅក្មេងខ្ចី រូបគេទទួលបានបទពិសោធន៍មិនអាចបំភ្លេចបានពេលប្រកួតនៅភូមិតូចមួយស្ថិតភាគខាងត្បូងប្រទេសថៃ។ នាពេលនោះលោក Huan ជាម្ចាស់ក្លិប Jitmuangnon Gym។ Rodtang បានរៀបរាប់ថា៖«លោក Huan ជាមិត្តជិតស្និទ្ធម្នាក់របស់ម្ចាស់ក្លិបរបស់ខ្ញុំនៅ Phatthalung។ គាត់ទៅក្លិបមើលការហ្វឹកហាត់របស់ខ្ញុំ និង ឃ្លាំមើលខ្ញុំកាលខ្ញុំនៅក្មេង។ គាត់[Huan] គិតថាខ្ញុំមានទេពកោសល្យ ហើយ សួរប៉ារបស់ខ្ញុំថាតើអាចមកហ្វឹកហាត់នៅបាងកកបានទេនៅក្លិប Jitmuangnon »។
ពីរបីឆ្នាំក្រោយមកទើប “The Iron Man” ធ្វើដំណើរយ៉ាងឆ្ងាយផ្លាស់មករាជធានីបាងកក និង អភិវឌ្ឍអាជីពឲ្យកាន់តែល្អឡើង។ គេទៅហ្វឹកហាត់នៅក្លិបប្រដាល់ Jitmuangnon Gym នារាជធានីបាងកក ហើយត្រូវបានគេនាំគ្នាមើលអ៊ូអរក្រោមក្រសែភ្នែកកូនសិស្សមានទេពកោសល្យជាច្រើន។ គ្រូបង្វឹក Huan បានធ្វើឲ្យរូបគេក្លាយជាតារាល្បីម្នាក់ក្នុងចំណោមកីឡាករជាច្រើននៅប្រទេសថៃ។ «The Iron Man» បន្តថា ៖« គាត់បង្ហាត់ខ្ញុំគ្រប់បែបយ៉ាង និងយកចិត្តទុកដាក់លើខ្ញុំដូចជាកូនអីចឹង។ ពួកយើងដូចឳពុកនិងកូន។ គាត់ចំណាយពេលបង្ហាត់ខ្ញុំយ៉ាងច្រើនតាំងពីក្បាច់គុនមិនចេះនឿយហត់ និង ចរិតលក្ខណៈ»។
ម្ចាស់ក្លិបខាងលើ បានជួយ Rodtang ឲ្យក្លាយជាកីឡាករល្អបំផុតម្នាក់ក្នុងអាជីពនៅសង្វៀនកម្រិតខ្ពស់បំផុតនៅប្រទេសថៃ និង ឈ្នះខ្សែក្រវាត់នៅសង្វៀនលំដាប់ពិភពលោក ONE Championship។
ទោះជាមានរឿងជាច្រើនកើងឡើងក្ដី ក៏ «The Iron Man» មិនអាចបំភ្លេចនូវគុណូបការៈរបស់លោក Huan បានទេ។ ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏លោក Huan តែងតែគាំទ្រផ្ដល់កម្លាំងចិត្តនិងស្មារតីដល់ Rodtang រហូតមកដែរ។ គ្រូបង្វឹក និងជាម្ចាស់ក្លិបរូបនេះ ធ្វើឲ្យ Rodtang ឈ្នះខ្សែក្រវាត់ Omnoi Stadium Muay Thai World Champion ពីរសម័យកាល និង ឈ្នះខ្សែក្រវាត់កម្រិតពិភពលោក ONE ខាងលើ។
ប៉ុន្តែរឿងដ៏សោកសៅគឺ ពេល Huan ទទួលមរណភាពកាលខែ មីនា ឆ្នាំ ២០១៨។ នេះជារឿងរន្ធត់ និងជាការបាត់បង់បុរសសំខាន់ម្នាក់ក្នុងពិភពក្បាច់គុនថៃ។ វាជារឿងមួយមិនគួរកើតនិងបង្កើតភាពស្រពិចស្រពិលជាច្រើននៅក្លិប Jitmuangnon Gym។ Rodtang បានរំលឹកយ៉ាងកម្សត់ថា៖«អ្វីៗគ្រប់យ៉ាងត្រូវបញ្ឈប់ពេលគាត់ស្លាប់។ គាត់ដូចជាឳពុករបស់ខ្ញុំ។ គាត់បង្រៀនខ្ញុំគ្រប់បែបយ៉ាង។ ខ្ញុំតក់ស្លុតពេលគាត់លាចាកលោក។ ខ្ញុំស្ទើរមិនជឿនឹងភ្នែក។ យើងមិនដឹងថាមានអ្វីកើតឡើងនៅក្លិបនោះទេ។ វាមានភាពចលាចលមួយជាច្រើន ប៉ុន្តែយើងមានគោលដៅត្រូវរក្សាកេរ្តិ៍ឈ្មោះរបស់គាត់»។
បែបណាក៏ដោយចាប់ពីពេលនោះមក Rodtang ត្រូវមើលថែខ្លួនឯង ហើយជាពេលវេលាដ៏លំបាកមួយដែលបានឆ្លងកាត់។ Rodtang បញ្ជាក់ថា លោក Huan បានកត់ត្រាការប្រកួតរបស់គេរាល់លើក ដូច្នេះរូបគេត្រូវតែដាក់គោលដៅយកឈ្នះគ្រប់ការប្រកួតដើម្បីជាការរំលឹកដល់គ្រូបង្វឹក Huan។
ពេលវេលាកន្លងទៅប៉ុន្តែ Rodtang មិនបំភ្លេចលោក Huan ឡើយព្រោះលោកបានជ្រោមជ្រែងរូបគេឲ្យខ្ពស់ត្រដែតក្នុងអាជីពប្រដាល់មួយនេះ។ Rodtang នៅតែរំលឹកដល់លោក Huan បែបនេះ៖«ពេលឡើងវ៉ៃខ្ញុំតែរំលឹកអំពីគាត់។ ខ្ញុំមានខ្សែរំសាកសពរបស់គាត់ ហើយខ្ញុំរក្សាទុកជាមួយខ្ញុំគ្រប់ពេលវេលា។ មុនពេលប្រកួត ខ្ញុំនឹកដល់គាត់ រំលឹកដល់គាត់ឲ្យគាំទ្ររូបខ្ញុំ និងការពារខ្ញុំ»។ បុរសរហស្សនាមមនុស្សដែក នៅតែបន្តដំណើរនិងរក្សាកេរ្តិ៍ឈ្មោះក្លិប Jitmuangnon Gym ដើម្បីជាការរំលឹកដល់គ្រូបង្វឹក និងអតីតម្ចាស់ក្លិប Jitmuangnon Gym ជារៀងរហូត។
ជាមួយគ្នានោះលោកស្រី Mare Ae ដែលជាប្រពន្ធរបស់លោក Huan បានបន្តកេរដំណែលរបស់ប្ដី និងធ្វើការលើវិស័យក្បាច់គុនតទៅមុខទៀត។ លោកស្រី Mare Ae បានគាំទ្រដល់ Rodtang ដូចប្ដីរបស់លោកស្រីដែរ។
Rodtang បន្ថែមថា ៖«លោក Huan មានមោទនភាពចំពោះខ្ញុំ។ គាត់ជួយខ្ញុំតាំងពីគ្មានអ្វីៗទាំងអស់។ ដូច្នេះខ្ញុំត្រូវធ្វើអ្វីៗ និងប្រកួតយកខ្សែក្រវាត់ដើម្បីគាត់។ មានរូបគាត់ទើបខ្ញុំមានអ្វីៗគ្រប់បែបយ៉ាងនៅពេលនេះ»។
កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕