បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សង្គមជាតិ
និស្សិត​កសិកម្ម​ម្នាក់ ជោគជ័យ​នឹង​របរ​ដាំ​ម្នាស់​នៅ​ខេត្តស្ទឹងត្រែង
14, Dec 2019 , 8:30 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក សាយ​ពន្លឺ​ចិ​ត្តះ ករុណា ជា​អតីត​និស្សិត​ជំនា​ញក​សិ​-​ឧស្សាហកម្ម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​(​ចម្ការ​ដូង​)​។ ក្រោយ​រៀន​ចប់ លោក​បាន​បង្កើត​កសិដ្ឋាន​ដាំ​ម្នាស់​នៅ​ស្រុកកំណើត​របស់ខ្លួន ទាំង​គ្មាន​ធនធាន​គ្រប់គ្រាន់​។ លុះ​មកដល់​បច្ចុប្បន្ន លោក​បាន​ក្លាយជា​ម្ចាស់​កសិដ្ឋាន​ដាំ​ម្នាស់​ទឹកឃ្មុំ​ដែលមាន​ចំណូល​ក្រាស់ក្រែល​ដែរ និង​បាន​ជួយផ្តល់​ការងារ​ដល់​ពលរដ្ឋ​មួយចំនួន​ទៀតផង​។​

  
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​ជីវ​ព័ត៌មាន​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​នៃ​គេហទំព័រ​ថ្មីៗ​ដូចតទៅ​៖ 



 
​ក្នុង​វ័យ​៣៥​ឆ្នាំ លោក សាយ​ពន្លឺ​ចិ​ត្តះ ករុណា គឺជា​ម្ចាស់​ចម្ការ​ម្នាស់​ស្ថិតនៅ​ឃុំ​អូរឫស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ បច្ចុប្បន្ន ម្នាស់​ទឹកឃ្មុំ​របស់លោក​ទទួលបាន​ផល​ក្នុង​មួយខែ​ចន្លោះ​ពី​៥​ពាន់​ទៅ​៦​ពាន់​ផ្លែ ដោយ​យកទៅលក់​នៅ​រាជធានី​ភ្នំពេញ ,​លក់​ឲ្យ​ភ្ញៀវទេសចរ​នៅនឹងកន្លែង និង​មួយចំណែក​ទៀត​ត្រូវបាន​កែច្នៃ​ជា​ទឹក​ម្នាស់​នៅក្នុង​សិប្បកម្ម​របស់ខ្លួន​។​
 
​បើតាម​លោក​ករុណា ម្នាស់​ទឹកឃ្មុំ​ខេត្តស្ទឹងត្រែង មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ជាង​ម្នាស់​ទឹកឃ្មុំ​ដែល​ដាំ​នៅ​ខេត្ត​ផ្សេង ដែល​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​លោក​ស្រ​វ៉ា​ដាំ​ម្នាស់​នៅក្នុង​ខេត្ត​ជាប់​ព្រំដែន​ឡាវ​មួយ​នេះ​។ ក្រៅពី​លក់​ម្នាស់​ស្រស់ ម្នាស់​ក៏​អាច​កែច្នៃ​បានជា​ច្រើន​មុខ ដូចជា ទឹក​ម្នាស់ ស្រា ស្ករ​គ្រាប់ ដំណាប់​គ្រាម និង​ដំណាប់​ប៉ាត​នំ​បុ័ង​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់​អតីត​និស្សិត​ជំនាញ​កែច្នៃ​អាហារ​ខាងលើនេះ​។ 
 
 
 
​ករុណា បានចាប់ផ្តើម​ដាំ​ម្នាស់​នៅ​ចុងឆ្នាំ​២០០៨​លើ​ទំហំ​ដី​៥​ហិច​តា ដែលជា​ដី​កេរ្តិ៍​របស់​ឪពុកម្តាយ​លោក បន្ទាប់ពី​រៀន​ចប់​បរិញ្ញាបត្រ​ជំនា​ញក​សិ​-​ឧស្សាហកម្ម​។ «​រៀន​ចប់​ភ្លាម​ឆ្នាំ​២០០៨ ខ្ញុំ​ចាប់ផ្តើម​តែម្តង​។ ខ្ញុំ​រៀន​ជំនាញ​កែច្នៃ ហើយ​ដើម្បី​ទទួលបាន​វត្ថុធាតុដើម​ដែល​ល្អឥតខ្ចោះ ទាល់តែ​យើង​ដាំ​សិន​។ ដូច្នេះ ដាំ​ម្នាស់​ឲ្យ​បានល្អ​ឥតខ្ចោះ​ហើយ បាន​ឈានទៅដល់​ការកែច្នៃ​ទឹក​ម្នាស់​មួយ​ដែលមាន​គុណភាព​ល្អឥតខ្ចោះ​បាន​។ អ៊ីចឹង វា​ត្រូវ​ឆ្លង​ដំណាក់កាល​នៃ​ការដាំដុះ​ហើយ បាន​ចូល​ជំនាញ​របស់ខ្ញុំ គឺ​ក​សិ​-​ឧស្សាហកម្ម (​ការកែច្នៃ​អាហារ​)​។ រាល់ថ្ងៃ​ហ្នឹង ខ្ញុំ​បាន​យក​ម្នាស់​មក​ធ្វើ​ទឹក​ម្នាស់​សុទ្ធ​១០០​ភាគរយ ហើយ​កំពុង​ត្រៀម​ធ្វើ​ស្ករ​គ្រាប់​ទន់ៗ និង​ស្រា​ម្នាស់​»​។ នេះ​ជាការ​រម្លឹក​របស់​ករុណា​។​
 
​បើតាម​ករុណា អ្នកមាន​រោងចក្រ​កែច្នៃ​អាហារ​នៅក្រៅ​ប្រទេស ពួកគេ​តែងតែមាន​កសិដ្ឋាន​ដោយ​ខ្លួនឯង ដើម្បី​ប្រាកដថា ផលិតផល​សម្រេច​រប​ស់​ពួកគេ​មានគុណ​ភាពល្អ និង​មាន​សុវត្ថិភាព​សម្រាប់​អ្នក​បរិភោគ​។ 
 
 
 
​ខុសពី​និស្សិត​កសិកម្ម​ជាច្រើន​ពេល​រៀន​ចប់​ទៅធ្វើ​ការ​ឲ្យ​ស្ថាប័ន​ផ្សេងៗ តែ​ករុណា​គ្រាន់តែ​រៀន​ចប់​ភ្លាម លោក​ផ្តើម​របរ​ដាំ​ម្នាស់​ដោយ​មិនមាន​លុយ​ផ្ទាល់ខ្លួន​នោះទេ​។ ទោះ​គ្មាន​ដើមទុន​ថវិកា ប៉ុន្តែ ករុណា​មានចំណេះដឹង និង​មាន​ឆន្ទៈ​មុត​ស្រួច ដើម្បី​ចាប់​ផ្តើមធ្វើ​កិច្ចការ​នេះ​។ ក្តី​ស្រមៃ​ចង់​ក្លាយជា​ម្ចាស់​សិប្បកម្ម​កែច្នៃ​ផ្លែ​ម្នាស់ បាន​ជំរុញ​ឲ្យ​ករុណា​ស្វែងរក​ខ្ចីលុយ​ពី​ឪពុកម្តាយ បងប្អូន មិត្តភក្តិ និង​អ្នក​ស្គាល់​លោក ដើម្បី​ធ្វើជា​ដើមទុន​ក្នុងការ​ចាប់ផ្តើម​របរ​នេះ​។​
 
​អង្គុយ​លើ​ត្រាក់ទ័រ​ក្នុង​ចម្ការ​ម្នាស់​របស់ខ្លួន លោក​ករុណា​ដែល​កំពុង​ភ្ជួរ​ដី​ក្នុង​ចម្ការ​បាន​ឆ្លៀត​បរិយាយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖ « ដោយសារតែ​ឆន្ទៈ​ហ្នឹង​វា​ពុះកញ្ជ្រោល​ពេក ព្រោះ​កាលនោះ​ជា​ក្មេង​ឈាមរាវ​។ អត់លុយ​ក៏​មក​ធ្វើ​ដែរ មាន​ឆន្ទៈ​មក​ធ្វើទៅ​ព្រោះ​ឪពុក​មាន​ដី ទើប​ស្រ​វ៉ា​យក​កម្លាំង​មក​ធ្វើ​ការងារ​ហ្នឹង​។ បច្ចុប្បន្ន​ថា មិនទាន់​ជោគជ័យ​ដល់​កម្រិត​មួយ​អស្ចារ្យ​នៅឡើយ​ទេ ងើប​ថយៗ គ្រាន់តែ​ដាំ​ទៅ​វា​មិន​ខាត​ទេ ដោយសារ​យើង​មាន​សិប្បកម្ម​កែច្នៃ​ម្នាស់​ទឹកឃ្មុំ​។ ដូច្នេះ ដាំ​ប៉ុន្មាន​ក៏​អត់​ខ្វល់​ដែរ វា​អត់​ចេះ​ខាត​»​។​
 
 
 
​ជា​កូន​ទី​៤​ក្នុងចំណោម​បងប្អូន​៥​នាក់​ក្នុង​គ្រួសារ​សាមញ្ញ​មួយ ដែលមាន​ឪពុក​ជា​គ្រូបង្រៀន និង​ម្តាយ​ជា​កសិករ លោក​ករុណា​បាន​ជាប់​ចិត្តនឹង​ទឹកដី​ស្រុកកំណើត​របស់ខ្លួន​ដែល​ជីជាតិ​ល្អ និង​សាក​សម​នឹង​ដំណាំ​ម្នាស់​ទឹកឃ្មុំ​។ ហេតុនេះ ទើប​លោក​មិន​ប្រកប​របរ​អ្វី​ឡើយ​ដោយ​យកចិត្ត​ទុកចិត្ត​តែ​លើ​ការដាំ​ម្នាស់ និង​កែច្នៃ​ម្នាស់​។ 
 
​បន្ទាប់ពី​ដំណើរការ​កសិដ្ឋាន​ដាំ​ម្នាស់​ទឹកឃ្មុំ​បាន​១១​ឆ្នាំ​មកនេះ បញ្ហា​ផ្សេងៗ ហាក់​មិនសូវ​ជាសំខាន់​ប៉ុន្មាន​ឡើយ​សម្រាប់​លោក​ករុណា តែ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​នៅតែ​ជាការ​ប្រឈម​ខ្លាំង ព្រោះ​ការងារ​នេះ ជាការ​ប្រើ​កម្លាំងបាយ និង​មាន​ភាព​ហត់នឿយ​ខ្លាំង​។​
 
​ករុណា​មានបំណង​បង្កើត​សហគមន៍​ដាំ​ម្នាស់​ប្រចាំខេត្ត​ស្ទឹងត្រែង​
 
​ក្រោយ​ទទួលបាន​ជោគជ័យ​ក្នុង​របរ​ដាំ​ម្នាស់​ទឹកឃ្មុំ ករុណា បានធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់លោក​មាន​ជីវភាព​ធូរធារ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បុរស​មាឌ​ដំបង និង​មានកូន​៣​នាក់​រូបនេះ មានបំណង​បើក​បង្រៀន​ពលរដ្ឋ​នៅ​មូលដ្ឋាន​អំពី​បច្ចេកទេស​ដាំ​ម្នាស់ ដើម្បី​ចូលរួម​ជួយ​លើកស្ទួយ​ជីវភាព​អ្នកភូមិ​របស់លោក​ទៀត​ផង​។ ករុណា ដែល​ទទួលបាន​បច្ចេក​ទេស​ដាំ​ម្នាស់​ពីសា​លា និង​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​កន្លងមក បាន​ពន្យល់​ពី​បច្ចេកទេស​ដាំ​ម្នាស់​យ៉ាង​ដូច្នេះ​ថា​៖ «​វិធីសាស្ត្រ​ដាំ​ម្នាស់​ឲ្យ​បានល្អ​នេះ មាន​ពីរ​ដំណាក់កាល​។ ទីមួយ គឺ​ធ្វើយ៉ាងណា​ឲ្យ​ដើម​វា​ល្អ និង​ទី​ពីរ ដំណាក់កាល​ធ្វើ​ឲ្យ​ផ្លែ​វា​ល្អ​។ រាល់​ដំណាក់កាល​ទាំងអស់​ត្រូវ​ឲ្យ​យើង​មក​សិក្សា​ដោយផ្ទាល់​។ បើ​និយាយ​ត្រួសៗ យើង​ត្រូវ​រើស​ពូជ​ឲ្យ​បានល្អ រើស​ដី​ឲ្យ​បានល្អ ត្រូវមាន​ប្រព័ន្ធ​ទឹក មាន​ជី​គ្រប់គ្រាន់​តាម​ថ្ងៃខែ​តាម​ការកំណត់ មើលថែ​ស្មៅ​...​បើ​និយាយ​ទៅគ្រប់​ជំ​ហ៊ាន ត្រូវ​ផ្ទិ​ត​ផ្ទ​ង់ បើ​មិន​អីចឹង​ទេ យើង​នឹង​ទទួលបាន​ទិន្នផល​អត់​ល្អ​ទេ ព្រោះ​វា​ប្រើពេល​១​ឆ្នាំ​២​ខែ ទើប​ទទួលបាន​ផល​»​។ 
 
 
 
​ទន្ទឹមគ្នា​នឹង​ការស្នើ​ពលរដ្ឋ​គាំទ្រ​ផលិតផល​ក្នុងស្រុក និង​ជំរុញ​និស្សិត​ងាក​មក​រៀន​កសិកម្ម​ឲ្យ​បាន​កាន់តែច្រើន​នោះ លោក​ក៏មាន​បំណង​បង្រៀន​ពលរដ្ឋ ហើយ​ទទួល​ទិញ​ម្នាស់​ពី​ពលរដ្ឋ​វិញ ដើម្បី​ធ្វើការ​កែច្នៃ​ជា​ផលិតផល​សម្រេច​ឲ្យ​បាន​កាន់​ច្រើន​។ ជាងនេះទៅទៀត លោក​នឹង​ចងក្រង​កសិករ​ដាំ​ម្នាស់​បង្កើតជា​សហគមន៍​ដាំ​ម្នាស់​ប្រចាំខេត្ត​ស្ទឹងត្រែង ដើម្បី​ឲ្យ​ម្នាស់​ក្លាយជា​ផលិតផល​តំណាង​ខេត្តស្ទឹងត្រែង និង​មានឈ្មោះ​បោះ​សំឡេង​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​៕        
 








Tag:
 និស្សិត​កសិកម្ម​
  ម្នាស់​
© រក្សាសិទ្ធិដោយ thmeythmey.com