រដ្ឋាភិបាល​កំពុង​សិក្សា​ពី​លទ្ធភាព​សាងសង់​ផ្លូវ​២​ខ្សែ អម​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ទៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​
ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​កំពុង​សិក្សា​ពី​លទ្ធភាព​សាងសង់​ផ្លូវ​២​ខ្សែ អម​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ទៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​
14, Dec 2019 , 9:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​នៅក្នុង​ទីក្រុង ក៏ដូចជា​ជួយ​រំដោះ​ការកក់ស្ទះ នៅតាម​បណ្តា​ផ្លូវធំៗ រដ្ឋាភិបាល កំពុង​សិក្សា​ពី​លទ្ធភាព​ពង្រីក​ផ្លូវ​ជាយក្រុង និង​សាងសង់​សង់​ផ្លូវ​ថ្មី​បន្ថែមទៀត ដើម្បី​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន និង​ការចេញចូល​ទីក្រុង​។


​ឆ្លើយតប​នឹង​បញ្ហា​ចរាចរណ៍ សាលា​រាជធានី​ភ្នំពេញ គ្រោង​ស្ថាបនា​ផ្លូវ​ចំនួន​២​ខ្សែ អម​សងខាង​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ទៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​។ បើ​មើល​លើ​ទីតាំង​ភូមិសាស្ត្រ នៃ​គម្រោង​ផ្លូវ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​នេះ វា​នឹង​ជួយ​រំដោះ​ចរាចរណ៍​មួយផ្នែកធំ ពី​មហាវិថី​សហព័ន្ធរុស្ស៊ី ដែល​កំពុងមាន​ការកកស្ទះ​ខ្លាំង ជា​រៀងរាល់ថ្ងៃ​។  គម្រោង​សាងសង់​ផ្លូវ​ថ្មី​នេះ ត្រូវបាន​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង លើកឡើង​កាល​ថ្ងៃទី​១១ ខែធ្នូ នៅក្នុង​ដំណើរ​ការចុះ​ត្រួតពិនិត្យ​ជា​លើកដំបូង ក៏​ដូច​ការសិក្សា​លើ​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ នៅ​តំបន់​សងខាង​ផ្លូវ​រថភ្លើង​នេះ​។ 
 
​បើតាម​លោក ឃួ​ង ស្រេង អាជ្ញាធរ​រាជធានី​ភ្នំពេញ កំពុង​សហកា​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ស្ថាបនា​ផ្លូវ​ទាំង​២ ខ្សែ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី លោក​មិនបាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់ ថា​តើ​គម្រោង​នេះ នឹង​ផ្ដើម​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃ​ណា និង​បញ្ចប់​ថ្ងៃ​ណា​នៅឡើយ​ទេ​។ 
 
​គេ​មើលឃើញថា គម្រោង​នេះ ប្រហែល​ត្រូវការ​រយៈពេល​សមស្រប​មួយ ដើម្បី​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​សាលា​រាជធានី​ភ្នំពេញ ក៏ដូចជា​ក្រុមហ៊ុន Royal Railway ដែល​ទទួលខុសត្រូវ​សា​ង​សង់ បាន​សិក្សា​លទ្ធភាព និង​ផលប៉ះពាល់​នានា ដើម្បី​លើកសំណើ​ដាក់ជូន​រាជរដ្ឋាភិបាល ពិនិត្យ​សម្រេច​ចុងក្រោយ​។ 
 
​អចលនទ្រព្យ​នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​
​អ្នកជំនាញ​អចលនទ្រព្យ​អចលនទ្រព្យ​មើលឃើញថា ការសាងសង់​ផ្លូវ​ថ្មី​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​នេះ នឹង​ជួយ​បង្កើន​តម្លៃ​អចលនទ្រព្យ នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​មួយកម្រិត​ទៀត​។ 
​លោក ស៊ន សៀ​ប ស្ថាបនិក និង​ជានា​យក​ប្រ​ត្តិ​ប​ត្តិ​ក្រុមហ៊ុន Key Real Estate បាន​ប្រាប់ Realestate.com.kh ថា បើទោះបីជា​គម្រោង​នេះ មិនទាន់មាន​ភាពច្បាស់​លាស់​ថា នឹង​សាងសង់​នៅពេលណា​ក៏ដោយ ប៉ុន្តែ​តម្លៃ​អចលនទ្រព្យ បាន​កើនឡើង​រួចទៅហើយ​។ 
 
​លោក​ថា ដី​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ដែល​ចេញពី​ទួលគោក​ទៅ​តំបន់​ត្រឡោកបែក មានតម្លៃ ចាប់ពី​១,០០០ ទៅ ២,០០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។ ចំណែក​ចាប់ពី​ត្រឡោកបែក​ទៅ​តំបន់​ផ្លូវ​ទ្រី​ហេង មានតម្លៃ​ចន្លោះ ៥០០ ទៅ ១,០០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។ រីឯ​ដី​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ជិត​គម្រោង​បុរី​ព​ភព​ថ្មី តម្លៃ​អាចមាន​ក្រោម ៥០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ 
​លោក ស៊ន សៀ​ប រំពឹងថា តម្លៃ​ដី​នឹង​បន្ត​កើនឡើង​ខ្ពស់ជាង​នេះ នៅពេល​ផ្លូវ​ថ្មី​បាន​សាងសង់​រួចរាល់​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com