ជាតិ
សង្គមជាតិ
រថយន្ត​រាប់សិប​ម៉ឺន​គ្រឿង​នៅលើ​ដងផ្លូវ ត្រូវ​មក​ត្រួតពិនិត្យ​បច្ចេកទេស ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍
14, Dec 2019 , 9:59 pm        
រូបភាព
 រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល អំពាវ​ឲ្យ​សាធារណជន យក​រថយន្ត​របស់ខ្លួន មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​ឆៀក​) ឲ្យ​បាន​គ្រប់គ្នា ខណៈ​រថយន្ត​ដល់​ទៅ ៣០ ម៉ឺន​គ្រឿង​ឯណោះ​ដែល​អស់​សុពលភាព​ឆៀក​មុនៗ និង​ត្រូវធ្វើ​ឆៀក​ឡើងវិញ​។  លោក ស៊ុន ចាន់ថុល បាន​ប្រាប់​ឲ្យ​ម្ចាស់​យានយន្ត​ដែល​មិនទាន់​មក​ធ្វើ​ឆៀក ឬ​ឆៀក​ចាស់​អស់​សុពលភាព ត្រូវ​មករក​សេវាកម្ម​ឆៀក​នេះ ដើម្បី​ចៀសវាង​ការពិន័យ និង​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​។​

 
​ក្នុង​ពិធី​សម្ពោធ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១២​ខែធ្នូ លោក ស៊ុន ចាន់ថុល បាន​ប្រាប់​ឲ្យ​ម្ចាស់​យានយន្ត​ដែល​មិនទាន់​មក​ធ្វើ​ឆៀក ឬ​ឆៀក​ចាស់​អស់​សុពលភាព ត្រូវ​មករក​សេវាកម្ម​ឆៀក​នេះ ដើម្បី​ចៀសវាង​ការពិន័យ និង​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​មកដល់ពេលនេះ បើ​យើង​មើល​ស្ថិតិ​តាម​ប្រព័ន្ធ​ទិន្នន័យ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​៣០​ម៉ឺន​គ្រឿង​ទៀត ដែល​ហួស​សុពលភាព ហើយ​មិនទាន់​បានមក​ឆៀក​នៅឡើយ​ទេ​»​។ លោក​ទេសរដ្ឋមន្ត្រី​បន្ត​បែបនេះ​ទៀតថា​៖«​ហើយ​រថយន្ត​ដែល​ផុត​សុពលភាព សូម​អញ្ជើញ​យក​ឡាន​មក​ឆៀក​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​កុំ​ឲ្យ​មានការ​ផាកពិន័យ និង​ចូល​រួមជាមួយ​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​»​។ 
 
​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ក្នុង​ពិធី​សម្ពោធ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១២​ខែធ្នូ​៖



 
​បើតាម​លោក ស៊ុន ចាន់ថុល សព្វថ្ងៃ​កម្ពុ​ជាមាន​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​យានយន្ត​ចំនួន ១៥ កន្លែង ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ឯកជន​។ ក្នុងនោះ ៦ ទីតាំងនៅ​ភ្នំពេញ និង ៩​ទីតាំង​ផ្សេងទៀត​នៅតាម​បណ្ដា​ខេត្ត ដូចជា​ខេត្តបាត់ដំបង សៀមរាប ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ក្រចេះ រតនគិរី ស្វាយរៀង និង​ខេត្តព្រះវិហារ​។ ក្រៅពីនេះ ក្រុមហ៊ុន​មាន​រថយន្ត​ឆៀក​ចល័ត​ចំនួន​៤​គ្រឿង សម្រាប់​ផ្ដល់​សេវា​តាម​បណ្ដា​ខេត្ត ដែល​អត់​ទាន់​មាន​មណ្ឌល​ឆៀក ។​
 
​នៅក្នុង​ឆ្នាំ​២០១៧ បរិមាណ​ឆៀក​យានយន្ត​មាន​ចំនួន ២២៩,៤៤៤ គ្រឿង ឆ្នាំ​២០១៨ មាន​ចំនួន ៣១៨,៣៩៤​គ្រឿង ឆ្នាំ​២០១៩ មាន​ចំនួន ៣១៦,៩៥៨ គ្រឿង និង​យានយន្ត​អស់​សុពលភាព​ត្រូវ​យកមក​ឆៀក​ឡើងវិញ​មាន​ចំនួន ៣០២,៨៤០​គ្រឿង​។ ដោយឡែក​រថយន្ត​ដែល​បាន​ចុះបញ្ជី​នៅ​ទូទាំងប្រទេស គិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ មាន​ចំនួន ៧៩០,៣៤២ គ្រឿង​។ នេះ​បើ​យោងតាម​តួលេខ​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕






Tag:
 ស៊ុន ចាន់ថុល​
  រថយន្ត​
  ឆៀក​
© រក្សាសិទ្ធិដោយ thmeythmey.com