ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អភិបាលស្រុក​បន្ទាយស្រី ប្រាប់​ពលរដ្ឋ​ឱ្យ​ប្រយ័ត្ន​រឿង​ទិញ​ដីឡូត៍​គ្មាន​ច្បាប់​
14, Dec 2019 , 10:30 pm        
រូបភាព
​សៀមរាប​៖ ការអភិវឌ្ឍ​ខេត្តសៀមរាប បាន​បន្ត​រីក​សាយភាយ​ទៅតាម​បណ្ដា​ស្រុក​ជុំវិញ ក្នុងនោះ​ស្រុក​បន្ទាយស្រី ក៏​កំពុងមាន​គម្រោង​អភិវឌ្ឍន៍​ច្រើន​ដែរ​។ ដីឡូត៍ និង​សំណង់ កំពុង​ផ្តើម​ចូលលុកលុយ​ស្រុក​មួយ​នេះ​។ ដី​កសិកម្ម​មួយចំនួន បាន​ក្លាយជា​គម្រោង​ផ្ទះល្វែង និង​មួយចំនួនធំ​ទៀត បាន​ក្លាយជា​គម្រោង​ដីឡូត៍​។ ថ្មីៗ​នេះ អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ បានប្រកាស​ជា​សាធារណ​ថា ក្រុមហ៊ុន​ដីឡូត៍ និង​លំនៅដ្ឋាន​ទាំងអស់​នៅ​ស្រុក​បន្ទាយស្រី សុទ្ធតែ​គ្មាន​ច្បាប់​។ លោក​អភិបាលស្រុក បាន​ប្រាប់​ទៅ​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន មុននឹង​ទិញ​ដីឡូត៍​ក្នុងស្រុក​នេះ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖ 

 
«​ខ្ញុំ​សូមបញ្ជាក់ថា ក្នុងស្រុក​បន្ទាយស្រី​ទាំងមូល​អត់​មាន​ក្រុមហ៊ុន​ដី​ពុះ​ឡូត៍​ណាមួយ​ដែលមាន​ច្បាប់​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់​។ មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​តែមួយ​ប៉ុណ្ណោះ ដែល​ទទួល​ការអនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លើ​ការអភិវឌ្ឍន៍​នៅ​តំបន់​បន្ទាយស្រី តែ​ក្រុមហ៊ុន​មិនទាន់មាន​ច្បាប់​ពេញលេញ នៅ​ថ្នាក់ស្រុក​នៅឡើយ​។ គម្រោង​ទាំងអស់​ដែល​គ្មាន​ច្បាប់ តែ​អាច​ដំណើរការ​ពុះ​ឡូត៍​លក់​យ៉ាង​គគ្រឹកគគ្រេង នាពេល​កន្លងមក​នោះ សូម្បី​អភិបាលស្រុក​ថ្មី ដែល​ឡើងកាន់ដំណែង​មិនទាន់បាន ២​ខែ​ស្រួលបួល លោក ហ្វី​ណង់ ក៏​ពិបាក​និយាយ​ដែរ តែ​ដំណាក់កាល​នេះ លោក​អភិបាលស្រុក​វ័យក្មេង​រូបនេះ ប្រាប់ថា លោក​មាន​សិទ្ធិ​បិទ ឬ​ផ្អាក​អាជីវកម្ម​ទាំងនោះ​។​
 
​លោក​ពន្យល់​បន្ថែមថា​៖« រហូតមកដល់​ថ្ងៃនេះ ខ្ញុំ​ហ៊ាន​ធានាថា អត់​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​ហ៊ាន​មក​បន្តការងារ​របស់​ខ្លួន​ដោយ​មិនបាន​ពិនិត្យ​ពិ​ច្ច័​យ​ពី​ស្ថានភាព​ត្រឹមត្រូវ​ទេ ជា​ឧទាហរណ៍​ក្រុមហ៊ុន​ភាគច្រើន​ឥឡូវនេះ​គឺ​បាន​ទម្លាក់​ប៉ាយ​របស់ខ្លួន​រួចហើយ​...​ខ្ញុំ​ច្បាស់​ហើយ បើសិនជា​ពួកគាត់​នៅ​ចចេស​ទៀត​នោះ យើង​នឹងមាន​ចំណាត់ការ ហើយ​អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន ខ្ញុំ​បាន​ហាម​ភូមិ​ឃុំ​របស់ខ្ញុំ​មិនឱ្យ​ផ្ទេរកម្មសិទ្ធិ​ទេ ហើយ​ឯកសារ​នោះ​ផ្ទេរ​ដល់​ស្រុក ខ្ញុំ​រិត​តែ​មិន​ចេញ​ឱ្យ​ទៀត ដាច់ខាត​ខ្ញុំ​បិទ​តែម្ដង​...»​។​
 
​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​ការបោក​បញ្ឆោត​របស់​ក្រុមហ៊ុន​ដីឡូត៍​មួយចំនួន លោក ឃឹម ហ្វី​ណង់ បញ្ជាក់ថា ក្រុមហ៊ុន​ទាំងនោះ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​។ ក្នុងដំណាក់កាល​ដែល​ត្រឹម​កក់​លុយ ឬ​បង់​រំលស់ ដោយ​មិនទាន់​កាត់​ប្លង់ ឬ​ផ្ទេរកម្មសិទ្ធិ ក្រុមហ៊ុន​ត្រូវ​រក​វិធី​ដោះស្រាយ ជាមួយ​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​។ យ៉ាងណាក៏ដោយ លោក ហ្វី​ណង់ ព្យាយាម​ពន្យល់​ក្រុមហ៊ុន ដែល​គ្មាន​ច្បាប់​ទាំងនោះ ឱ្យ​អនុវត្តន៍​លក្ខខណ្ឌ​នានា ដើម្បីឱ្យ​មានច្បាប់​ឡើងវិញ​។ លោក​អភិបាលស្រុក ពន្យល់​ពី​លក្ខខណ្ឌ​ទាំងនោះ​យ៉ាង​ដូច្នេះ​ថា​៖« ឥឡូវ​យើង​និយាយ​អ្វី​ត្រូវ​ច្បាប់ និង​អ្វីដែល​ខុសច្បាប់​។ ដើម្បីឱ្យ​ត្រូវ​ច្បាប់​បាន គឺ​ត្រូវមាន​លក្ខខណ្ឌ​មួយចំនួន ក្រុមហ៊ុន​នោះ ត្រូវមាន​ប្លង់រឹង (​ប្លង់​ធ្វើ​ដល់​ខេត្ត​) បើ​មាន​ប្លង់ LMAP តែម្ដង​ចប់ (​កាន់តែ​ប្រសើរ​) ទី​២ ត្រូវ​ប្ដូរ​ប្រភេទ​ដី បើជា​ដី​កសិកម្ម ត្រូវ​ដូរ​មកជា​ដី​លំនៅដ្ឋាន​។ បើជា​ដី​កសិកម្ម យើង​មិន​អនុញ្ញាតឱ្យ​ពុះ​ដីឡូត៍​ទេ​។ បើ​ក្រោម​៥​ពាន់​ការ៉េ អាច​សុំ​ត្រឹម​ស្រុក ខ្នាត​ពី​៥​ពាន់​ដល់​៣​ម៉ឺន​ការ៉េ សុំ​ដល់​ខេត្ត​។ បើ​ធំ​មែនទែន ទៅដល់​ក្រសួង​»​។​
 
​មិនមាន​តួលេខ​ជាក់លាក់​ពី​ចំនួន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដីឡូត៍ ក្នុងស្រុក​បន្ទាយស្រី​នោះទេ តែ​លោក ហ្វី​ណង់ ប៉ាន់​ស្មានថា អាច​លើស​២០​ក្រុមហ៊ុន ដែល​កន្លងមក​តាម​កា​រ​កោះប្រជុំ​របស់លោក មាន​ក្រុមហ៊ុន​ប្រមាណ ២០​បាន​ចូលរួម និង​នៅមាន​ខ្លះទៀត​គេចវេស​។ មាន​ហេតុផល​មួយចំនួន ដែល​អភិបាលស្រុក​បន្ទា​យ​ស្រី ស្មាន​ដឹងថា​ហេតុអ្វី ក្រុមហ៊ុន​ទាំងនោះ មិន​ព្រម​ធ្វើឱ្យ​ក្រុមហ៊ុន​ខ្លួន​ស្របច្បាប់ អាច​ថា​មកពី​នីតិវិធី​ច្រើន​ដំណាក់កាល ប្រើពេល​យូរ មិន​ចង់​ចុះបញ្ជី ដើម្បី​គេច​ពី​ការបង់ពន្ធ​ជូន​រដ្ឋ​ជាដើម​។​
 
​ជាមួយនឹង​មហិច្ឆតា​អភិវឌ្ឍន៍​ស្រុក​បន្ទាយស្រី លោក​អភិបាលស្រុក ក៏បាន​គិតគូរ​ពី​គម្រោង​ផែនការមេ​ផងដែរ​។ លោក ហ្វី​ណង់ ចង់ឱ្យ​ស្រុក​បន្ទាយស្រី មាន​ផែនការមេ​អភិវឌ្ឍន៍​របស់ខ្លួន ដូច​ទៅនឹង​ក្រុង​សំខាន់ៗ​ទៀត​ដែរ ដើម្បី​ប្រែក្លាយ​ស្រុក​នេះ ទៅ​ទីក្រុង​ដែលមាន​សក្កា​នុព​លលេ​ខ​២ បន្ទាប់ពី​ក្រុង​សៀមរាប​។ លោក​បន្តថា​៖«​ខ្ញុំ​ចង់ឱ្យ​ស្រុក​បន្ទាយស្រី​ក្លាយជា​ទីក្រុង​ទេសចរណ៍​ទី​២ បន្ទាប់ពី​ក្រុង​សៀមរាប​។ សក្កា​នុព​ល​ធំ​របស់​បន្ទាយស្រី គឺ​ទេសចរណ៍​ដែល​ខ្ញុំ​គិតថា ចង់ឱ្យ​បន្ទាយស្រី ជា​ដែនដី​មួយ ដែលមាន​ភាព​មនោ​រម្យ អ្វីដែល​មានដូចជា​ភ្នំ​គូលែន ក្បាលស្ពាន ប្រាសាទ បឹង​ស្អាតៗ​...​ទេសភាព​តំបន់ភ្នំ​ត្បែង យើង​មាន​បន្លែ ផ្លែឈើ ត្រសក់ផ្អែម ស្ករត្នោត នំ​បញ្ចុក​...​។ ទៅ​ថ្ងៃមុខ ខ្ញុំ​ចង់ឃើញ​ឃុំ​នីមួយៗ របស់​បន្ទាយស្រី មាន​ចំណុច​ពិសេស​រៀងៗ​ខ្លួន ហើយ​ភូមិ​នីមួយៗ មាន​ផលិតផល​ទេសចរណ៍​របស់​ខ្លួនឯង​...​។ ខ្ញុំ​សង្ឃឹមថា រហូតដល់​បុគ្គល​ម្នាក់ ឫ​ផ្ទះមួយ គួរ​មាន​តួនាទី​ណាមួយ ចូលរួម​ក្នុង​វិស័យ​ទេសចរណ៍​។ នេះ​ជា​ចក្ខុវិស័យ​ចង់ឱ្យ​ទេសចរ ស្នាក់នៅ​បន្ទាយស្រី​បាន​មួយ​យប់ បង្កើត​ការងារ បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​...»​។​
 
​សម្រាប់​លោក ហ្វី​ណង់ គម្រោង​ពុះ​ដីឡូត៍ មិន​ស័ក្ដិសម​អភិវឌ្ឍន៍​ក្នុង​តំបន់​មួយចំនួន ក្នុងស្រុក​បន្ទាយស្រី​ឡើយ​។ តំបន់​ខ្លះ គួរ​ទុក​វា​ជា​តំបន់កសិកម្ម ទុកជា​ទេសភាព​ដើម ជា​អត្ដ​សញ្ញាណ​សម្រាប់​ស្រុក​នេះ​។ គម្រោង​ពុះ​ដីឡូត៍ ធ្វើឱ្យ​កសិករ​នៅក្បែរនោះ ឈប់​ធ្វើ​កសិកម្ម​បន្តទៀត​ក៏មាន​។ មែនទែនទៅ តាម​ការយល់ឃើញ​រប​ស់ លោក ហ្វី​ណង់ គម្រោង​ខ្លះ គ្រាន់តែ​ជា​គម្រោង​បោក​បញ្ឆោត និង​មិនមាន​ភាព​ចំណេញ​ទាល់តែសោះ ហើយ​វា​ប្រឈម​នឹង​ហានិភ័យ​ផ្សេងៗ​។ ដូច្នេះហើយ ទើប​រដ្ឋបាល​ស្រុក​បន្ទាយស្រី ព្យាយាម​បញ្ចប់​បញ្ហា កុំឱ្យ​វា​កើត​ឡើងទៅ​ថ្ងៃមុខ​។​
 
​ផ្អែកលើ​ទីផ្សារសេរី លោក ឃឹម ហ្វី​ណង់ ប្រាប់ថា លោក​ពិបាក​ហាម​ប្រជាពលរដ្ឋ មិនឱ្យ​ទិញ​ដីឡូត៍​ក្នុងស្រុក​បន្ទាយស្រី​។ តែ​លោក​អភិបាលស្រុក ចង់ឱ្យ​ពលរដ្ឋ និង​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ទាំងអស់ មាន​គោល​គំនិត​រួមមួយ និង​ស្រឡាញ់​អ្វី ដែល​លោក​ស្រឡាញ់​ស្រុក​បន្ទាយស្រី​នេះដែរ​។ លោក ហ្វី​ណង់ ចង់ឱ្យ​បន្ទាយស្រី ក្លាយជា​គោលដៅ​ទេសចរណ៍​មួយ ដែល​ប្លែក ថ្មី និង​មាន​អត្ដ​សញ្ញាណ​មួយ​ដោយឡែក​ពី​គេ ជា​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ និង​ជា​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត ក្នុង​ខេត្តសៀមរាប​។ ក្នុងនោះ លោក​អភិបាលស្រុក ក៏​ចង់​រក្សា​ប្រវត្តិ​ដី​កសិកម្ម​ក្នុងស្រុក ដ៏​មាន​សក្កា​នុព​ល​នេះ​តទៅ​មុខ​ផងដែរ​៕
 
 

Tag:
 បន្ទាយស្រី​
  ដីឡូត៍​
  ឃឹម ហ្វី​ណង់​
© រក្សាសិទ្ធិដោយ thmeythmey.com