អន្តរជាតិ
នយោបាយអន្តរជាតិ
អតីតមេដឹកនាំផ្ដាច់ការស៊ូដង់ អាល់-បាសៀ ត្រូវកាត់ទោសឲ្យជាប់ឃុំពីរឆ្នាំពីបទពុករលួយ
× អតីតមេដឹកនាំផ្ដាច់ការស៊ូដង់ អូម៉ា អាល់-បាសៀ នៅថ្ងៃទី១៤ ខែធ្នូ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ឃុំក្នុងមន្ទីរឃុំឃាំងរយៈពេលពីរឆ្នាំទាក់ទងករណីពុករលួយ។ ការសម្រេចចិត្តមិនដាក់អតីតប្រធានាធិបតីរូបនេះក្នុងពន្ធនាគារ ធ្វើឡើងដោយមានការពិចារណាលើអាយុរបស់លោកផ្ទាល់។ លើសពីនោះ តុលាការស៊ូដង់ ក៏បញ្ជាឲ្យដកហូតលុយរាប់លានដុល្លារដែលត្រូវបានរកឃើញក្នុងផ្ទះលោក អាល់-បាសៀ ផងដែរ។
«ជនជាប់ចោទ អូម៉ា អាល់-បាសៀ ត្រូវបញ្ជូនទៅកាន់មណ្ឌលកែប្រែសម្រាប់រយៈពេលពីរឆ្នាំ។ លុយបរទេស និងលុយស៊ូដង់ទាំងអម្បាលម៉ានដែលត្រូវបានរឹបអូស ត្រូវបានដកទុកទាំងអស់។» នេះជាការប្រកាសរបស់ចៅក្រម Al-Sadiq Abdelrahman ប្រធានអង្គជំនំជម្រះក្នុងសវនាការថ្ងៃទី១៤ ខធ្នូ ដែលជាការកាត់ក្ដីលើកទីមួយប្រឆាំងអតីតមេដឹកនាំផ្ដាច់ការស៊ូដង់ដែលដឹកនាំប្រទេស៣០ឆ្នាំរហូតដល់ការធ្វើរដ្ឋប្រហារនៅខែមេសា ឆ្នាំនេះ។
ពាក់ព័ន្ធមូលហេតុមិនបញ្ជូនលោក អាល់-បាសៀ ទៅពន្ធនាគារ ប្រធានអង្គជំនំជម្រះដដែលបញ្ជាក់ថា អាយុរបស់អតីតប្រធានាធិបតីរូបនេះ ជាកត្តាចម្បង។ សព្វថ្ងៃលោក អាល់-បាសៀ មានវ័យ៧៥ឆ្នាំហើយ។
ការកាត់ទោសអតីតមេដឹកនាំផ្ដាច់ការរូបនេះ ត្រូវបានមើលឃើញថា ជាការប៉ុនប៉ុងរបស់យោធា និងក្រុមស៊ីវិលដែលកំពុងចែកអំណាចដឹកនាំប្រទេសក្នុងការបោសសម្អាតកេរដំណែលរបស់លោក អាល់-បាសៀ ដែលដឹកនាំស៊ូដង់រាប់សិបឆ្នាំ។ លោក អាល់-បាសៀ ផ្ទាល់ ក៏កំពុងស្ថិតក្នុងបញ្ជីតាមចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិពាក់ព័ន្ធបទល្មើសប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតំបន់ដាហ្វួរ។
សន្តិសុខនៅជុំវិញតុលាការ ត្រូវបានពង្រឹងយ៉ាងខ្លាំង ខណៈអ្នកគាំទ្រលោក អាល់-បាសៀ ប្រមាណ៣០០០នាក់ នាំគ្នាតវ៉ា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ ចំណែកមេធាវីរបស់លោក ក៏ប្រកាសដែរថា លោកនឹងប្ដឹងជំទាស់ការកាត់ក្ដីនេះ។ លោក Ahmed Ibrahim al-Tahir មេធាវីលោក អាល់-បាសៀ និយាយថា ការកាត់ក្ដី ជារឿងនយោបាយ ប៉ុន្តែលោកនឹងនៅតែជឿជាក់លើប្រព័ន្ធយុត្តិធម៌ស៊ូដង់។
សូមរំឭកថា លោក អាល់-បាសៀ ត្រូវបានយោធាស៊ូដង់ទម្លាក់ពីអំណាចក្នុងរដ្ឋប្រហារមិនបង្ហូរឈាមមួយកាលពីខែមេសាកន្លងទៅ ស្របពេលមានបាតុកម្មប្រឆាំងការដឹកនាំរបស់លោកដែលផ្ទុះឡើងតាំងពីខែធ្នូ ឆ្នាំ២០១៨ ។ ក្រោយអស់អំណាច ក្រុមយោធាកាន់អំណាច ក៏ឃុំខ្លួនអតីតមេដឹកនាំរូបនេះក្នុងពន្ធនាគារ ខណៈបើកការចរចាជាមួយក្រុមបាតុករស៊ីវិលដើម្បីចែករំលែកអំណាច។ សព្វថ្ងៃ ក្រុមយោធាកំពុងដឹកនាំប្រទេស មុននឹងដល់វេនក្រុមស៊ីវិលវិញម្ដង៕
Tag:
ស៊ូដង់
អូម៉ា អាល់-បាសៀ
© រក្សាសិទ្ធិដោយ thmeythmey.com