ជាតិ
សង្គមជាតិ
NGO មន្ត្រី​រដ្ឋាភិបាល និង​អ្នកសារព័ត៌មាន ធ្វើ​ទស្សនកិច្ច​នៅ​ហ្វីលីពីន ដើម្បី​សិក្សា​ពី​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​សិទ្ធិ​ជនជាតិដើម​ភាគតិច​
15, Dec 2019 , 1:25 pm        
រូបភាព
 ​ហ្វីលីពីន​៖  តំណាង​មន្ត្រី​រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និង​ក្រុម​អ្នកសារព័ត៌មាន បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន ដើម្បី​ឈ្វេងយល់​ពី​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​សិទ្ធិ​ជនជាតិដើម​ភាគតិច​។ ដំណើរ​ទស្សនកិច្ច​នេះ មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩​ដល់ ១៣ ធ្នូ ដែល​រៀបចំ​ដោយ វេទិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​(NGO Forum on Cambodia)​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន​នេះ ក្រុម​ប្រតិភូ​កម្ពុជា ត្រូវបាន​អញ្ជើញ​ទៅ​ទស្សនា​និង​សិក្សា​ស្វែងយល់​ពី​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​ស្រុក សាន់​តា​ហ្វេ ខេត្ត​Nueva  Vizcaya បន្ទាន់​មក​ឆ្ពោះទៅ​មន្ទីរ​បរិស្ថាន​ដែល​គ្រប់គ្រង​តំបន់​៣ ទទួលបន្ទុក​៧​ខេត្ត និង​នៅ​ថ្ងៃ​ចុងក្រោយ​មាន​ការជួប​ជាមួយ​តំណាង​រដ្ឋាភិបាល​ហ្វីលីពីន​។ ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​ប្រទេស​ហ្វីលីពីន ដើម្បី​សិក្សា​ស្វែងយល់​ពី អភិបាលកិច្ច​ល្អ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ ការគ្រប់គ្រង​ដីធ្លី ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អង្គការក្រៅរដ្ឋាភិបាល រួមទាំង​រដ្ឋាភិបាល​ហ្វីលីពីន ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ​និង​ជីវភាព​ជនជាតិដើម​ភាគតិច​។​
 
​អ្វីដែល​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​(NGO Forum on Cambodia) ចង់បាន ក្រោយពី​ដំណើរ​ទស្សនកិច្ច​នេះ គឺ​សង្ឃឹមថា​ក្រសួង​ពាក់ព័ន្ធ​នានា​នៅ​កម្ពុជា អាច​ចាប់ដៃ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ ដែល​ធ្វើការ​ទៅលើ​សិទ្ធិ​ដីធ្លី ធនធានធម្មជាតិ សិទ្ធិ​លំនៅស្ថាន និង​សិទ្ធិ​ជនជាតិដើម​ភាគតិច​ជាដើម​នោះ​យ៉ាង​ជិតស្និទ្ធ ក្នុងន័យ​អភិវឌ្ឍន៍​ប្រទេស​ប្រកបដោយ​ចិ​រ​ភាព​។​
 
​ដំណើរ​ទស្សនកិច្ច​ដែល​រៀបចំ​ដោយ​វេទិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​(NGO Forum on Cambodia) មានការ​ចូលរួម​ពី តំណាង​ក្រសួងមហាផ្ទៃ ,​ក្រសួង​អភិវឌ្ឍន៍ជនបទ ,​ក្រសួង​កិច្ចការនារី​, ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, តំណាង​ពី​មន្ទីរ​បរិស្ថាន និង​រដ្ឋបាល​សាលាខេត្ត រួមទាំង​សមាជិក​បណ្ដាញ​ព្រៃឈើ (IPFN) ,​បណ្ដាញ​ឡា​រី​ន​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ធ្វើការ​ផ្ដោតទៅលើ​សិទ្ធិ​លំនៅស្ថាន​និង​សិទ្ធិ​ដីធ្លី និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួនទៀត ហើយ​សរុប​២៣​រូប​៕

Tag:
 ហ្វីលីពីន​
  ធនធានធម្មជាតិ​
 ​ ជនជាតិដើម​ភាគតិច​
 ​ អភិបាលកិច្ច​ល្អ​
© រក្សាសិទ្ធិដោយ thmeythmey.com