បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
លោក អា​ឡាំង វ័យ​៨៥​ឆ្នាំ ហាម​យុវជន​បើក​ក្រុមហ៊ុន និង​ធ្វើការ​តែម្នាក់ឯង​ដូច​ខ្លួន​
15, Dec 2019 , 3:30 pm        
រូបភាព
 
​ភ្នំពេញ​៖ លោក អា​ឡាំង ហ្គា​ស្កុយ​អែល (Alain Gascuel) ជា​អ្នកកាសែត​ជើងចាស់​ជនជាតិ​បារាំង ដែល​បានមក​ធ្វើការ​នៅ​កម្ពុជា ជាង​២៥​ឆ្នាំ​មកហើយ​។ បុរស​វ័យ​៨៥​ឆ្នាំ​រូបនេះ បាន​បោះបង់​អាជីព​អ្នកសារព័ត៌មាន​នៅ​ប្រទេស​បារាំង​ដែលជា​ស្រុកកំណើត ហើយ​មក​បង្កើត​ក្រុមហ៊ុន​កាសែត​ឈ្មោះថា The Voice of Cambodia  នៅ​ប្រទេស​កម្ពុជា​។ បង្កើត​ក្រុមហ៊ុន និង​ធ្វើការ​តែម្នាក់ឯង លោក អា​ឡាំង ទទួលបាន​ជោគជ័យ​តែ​មួយរយៈ​ប៉ុណ្ណោះ ហើយ​ត្រូវ​ក្ស័យធន​ទៅវិញ​។ តាមរយៈ​បទ​សម្ភាស​ជា​ភាសា​អង់គ្លេស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ជនជាតិ​បារាំង​វ័យ​ចំណាស់​រូបនេះ បាន​ផ្តាំ​យុវជន​កុំ​ឲ្យ​បង្កើត​ក្រុមហ៊ុន ហើយ​ធ្វើការ​តែម្នាក់ឯង​ដូច​ខ្លួន​។​

 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង លោក អេ​ឡាំង ហ្គា​ស្កុយ​អែល ដូចតទៅ​៖

 
​លោក អា​ឡាំង ហ្គា​ស្កុយ​អែល គឺជា​អ្នកកាសែត​ជនជាតិ​បារាំង​ដ៏​ពូកែ​ម្នាក់ ដែល​បានធ្វើការ និង​រស់នៅ​កម្ពុជា​ប្រមាណ​២៥​ឆ្នាំ​មកហើយ​។ បុរស​វ័យ​៨៥​ឆ្នាំ​រូបនេះ បានមក​បង្កើត​ក្រុមហ៊ុន​ទស្សនា​វ​ដ្តី​នៅ​កម្ពុជា ឈ្មោះថា The Voice of Cambodia ។ អ្វីដែល​ចម្លែក​នោះ គឺ​លោក អា​ឡាំង ធ្វើការ​តែម្នាក់ឯង​ក្នុងការ​សរសេរ​អត្ថបទ​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​របស់ខ្លួន​។ ធ្វើការ​តែម្នាក់ឯង ធ្វើ​ឲ្យ​ក្រុមហ៊ុន​លោក អា​ឡាំង ហ្គា​ស្កុយ​អែល ជោគជ័យ​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយក៏​ត្រូវ​ក្ស័យធន​ទៅវិញ​។  
 
​ក្រោយមក​នៅក្នុង​ឆ្នាំ​១៩៩៤ លោក អា​ឡាំង បាន​បង្កើត​កាសែត​មួយទៀត​ជា​ភាសា​បារាំង ឈ្មោះថា Cambodge Nouveau ឬ​កម្ពុ​ជាថ្មី​។ ដំណើរការបាន​១០​ឆ្នាំ កាសែត​បាន​បិទទ្វារ​ទៅទៀត ដោយសារ​លោក មាន​វ័យ​កាន់តែ​ចាស់ និង​មិនអាច​គ្រប់គ្រង​ក្រុមហ៊ុន​ម្នាក់ឯង​ដូច​មុន​។ 
 
​តាមរយៈ​បទពិសោធន៍​បរាជ័យ​នេះ លោក អា​ឡាំង បាន​ហាម​យុវជន​ជំនាន់​ក្រោយ កុំ​ឲ្យ​យក​គំរូ​តាម​ខ្លួន ពោលគឺ​ការបង្កើត​ក្រុមហ៊ុន ហើយ​សុខចិត្ត​ធ្វើការ​ម្នាក់ឯង​។ លោក អា​ឡាំង រៀបរាប់ថា​៖«​កុំ​ធ្វើ​អ្វី ដែល​ខ្ញុំ​បានធ្វើ​! ខ្ញុំ​ស្រឡាញ់​ការងារ​របស់ខ្ញុំ​ខ្លាំងណាស់ ប៉ុន្តែ​សូមកុំ​យកតម្រាប់​តាម​ខ្ញុំ​។ ខ្ញុំ​ធ្វើ​ការងារ​ម្នាក់ឯង ច្រើនពេក ហើយ​បច្ចុប្បន្ន គេ​មាន​វិធីសាស្ត្រ​ធ្វើការ​ងារ​បែប​ថ្មី ខុសពី​មុន​»​។ 
 
​ដ្បិត​បរាជ័យ​ក្នុង​ការបើក​ទស្សនា​វ​ដ្តី និង​កាសែត ក៏ប៉ុន្តែ​បុរស​វ័យ​៨៥​ឆ្នាំ​រូបនេះ មិន​សោកស្តាយ​ឡើយ​។ សម្រាប់​លោក អា​ឡាំង  ចាត់ទុកថា​វា​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ និង​ក៏​ជា​កត្តា​ដែល​នាំ​ឲ្យ​លោក​បាន​ស្គាល់​មនុស្ស​ជាច្រើន និង​មាន​មិត្តភក្តិ​កម្ពុជា​ជាច្រើន​ផងដែរ​។ លោក អា​ឡាំង អះអាង​ដូច្នេះ​ថា​៖ «​ឥឡូវ​យើង​មាន​វិធី​ជាច្រើន ដើម្បី​ទទួលបាន​ព័ត៌មាន​គ្រប់​ទី កន្លែង​។ កាលពី​ខ្ញុំ​បើក​ក្រុមហ៊ុន​កាសែត ខ្ញុំ​មានតែ​ម្នាក់ឯង​ប៉ុណ្ណោះ ហើយ​វា​ជា​កាសែត​ភាសា បារាំង​ដំបូង​គេ នៅ​កម្ពុជា​»​។ 
 
​មានផ្ទះ និង​គ្រួសារ​នៅ​ប្រទេស​បារាំង លោក អា​ឡាំង មិនបាន​ត្រឡប់​ទៅធ្វើ​រស់នៅ​ប្រទេស​កំណើត​វិញ​នោះទេ​។ បន្ត​រស់នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន លោក អា​ឡាំង ជា​បុរាណ​វិទូ នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com