អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ស្វាគមន៍​អ្នកស្រី ស៊ូ​ជី ដែល​ត្រឡប់​ពី​ការការពារ​មុខមាត់​ប្រទេស​នៅ​ឡាអេ
15, Dec 2019 , 7:39 pm        
រូបភាព
ពលរដ្ឋមីយ៉ាន់ម៉ាស្វាគមន៍ដំណើរវិលត្រឡប់របស់អ្នកស្រី អ៊ុងសាន ស៊ូជី ។ រូបភាព AFP
ពលរដ្ឋមីយ៉ាន់ម៉ាស្វាគមន៍ដំណើរវិលត្រឡប់របស់អ្នកស្រី អ៊ុងសាន ស៊ូជី ។ រូបភាព AFP
ពលរដ្ឋ​មី​យ៉ាន់​ម៉ា​រាប់​នាក់ នៅ​ថ្ងៃទី​១៤ ខែធ្នូ បាន​ឈរ​ជា​ជួរៗ​តាម​ដងផ្លូវ​ក្នុង​រដ្ឋធានី​ណៃ​ពិដោ​ដើម្បី​ទទួល​ដំណើរ​របស់​អ្នកស្រី​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី ដែល​ត្រឡប់​មកពី​ការការពារ​មុខមាត់​ជាតិ​នៅឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ទី​ក្រុងឡាអេ​។ អ្នកស្រី ស៊ូ​ជី ធ្វើដំណើរ​ទៅ​តតាំង​ក្ដី​នៅ​តុលាការ​ដោយផ្ទាល់​ក្នុង​គោលដៅ​បដិសេធ​ការចោទប្រកាន់​របស់​ប្រទេស​អាហ្វ្រិក​ហ្គំ​ប៊ី​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ប្រឆាំង​ជនភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​។​

 
​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី បាន​ទៅដល់​ទឹកដី​មី​យ៉ាន់​ម៉ា​វិញ​ហើយ​នៅ​ថ្ងៃទី​១៤ ខែធ្នូ បន្ទាប់ពី​តតាំង​ក្ដី​នៅឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់​។ តាម​បណ្ដោយ​ផ្លូវ​នានា​ក្នុង​រដ្ឋធានី​ណៃ​ពិដោ ប្រជាជន​មី​យ៉ាន់​ម៉ា​ក្មេង​ចាស់​ប្រុស​ស្រី ខ្លះ​ឈរ​កាន់​ទង់ជាតិ ខ្លះ​កាន់​រូបថត​មេដឹកនាំ​មី​យ៉ាន់​ម៉ា ហើយ​ខ្លះទៀត​កាន់​បដា​សាទរ​នោះ បាន​ឈរ​ទទួល​អ្នកស្រី ស៊ូ​ជី ដែល​ត្រឡប់​មកពី​ការការពារ​ប្រទេស​លើ​ឆាក​អន្តរជាតិ​។ 
 
​រដ្ឋ​អាហ្វ្រិក​ខាងលិច​ហ្គំ​ប៊ី​ដែលមាន​អង្គការ​កិច្ចសហប្រតិបត្តិការ​ឥស្លាម​នៅ​ពីក្រោយ បាន​ប្ដឹង​មី​យ៉ាន់​ម៉ា​ទៅកាន់​តុលាការអន្តរជាតិ​ពីបទ​បំពាន​អនុសញ្ញា​ឆ្នាំ​១៩៤៨​ស្ដីពី​ការ​ប្រល័យពូជសាសន៍​ជុំវិញ​ករណី​ធ្វើទុក្ខបុកម្នេញ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ដែល​ត្រូវបាន​អង្គការសហប្រជាជាតិ​មើលឃើញថា មានបំណង​ប្រល័យពូជសាសន៍​ផងដែរ​។ ប្រទេស​អាហ្វ្រិក​មួយ​នេះ ចង់​ឲ្យ​តុលា​ការចេញ​សេចក្ដីសម្រេច​មួយ​បញ្ជា​ឲ្យ​មី​យ៉ាន់​ម៉ា​ផ្អាក​សកម្មភាព​របស់ខ្លួន​។​
 
​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល អ្នកស្រី ស៊ូ​ជី ក៏​ចេញមុខ​តតាំង​ក្ដី​ដោយ​ខ្លួន​ឯ​។ ក្នុង​សវនាការ​ដែល​បញ្ចប់​នៅ​ថ្ងៃទី​១៣ ខែធ្នូ អ្នកស្រី ស៊ូ​ជី ដែលជា​រដ្ឋមន្ត្រីការបរទេស​ផង​នោះ បានចេញ​និយាយ​ការពារ​ចំណាត់ការ​របស់​យោធា​ក្នុង​ប្រតិបត្តិការ​ហិង្សា​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​ដែល​បង្ខំ​ឲ្យ​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង​៧​សែន​នាក់​ភៀសខ្លួន​ទៅ​រស់នៅ​ជំរំ​ក្នុង​ទឹកដី​បង់​ក្លា​ដែ​ស​ក្បែរ​ខាង​។ ខណៈ​ទាត់ចោល​ការចោទប្រកាន់​ប្រល័យពូជសាសន៍ អ្នកស្រី ស៊ូ​ជី ក៏​ទទួលស្គាល់​ពី​ការប្រើ​កម្លាំង​ជ្រុល​របស់​យោធា​ដែរ​។​
 
​ចេញមុខ​ដោយផ្ទាល់​បែបនេះ អ្នកស្រី ស៊ូ​ជី ទទួលបាន​ទាំង​ការសរសើរ ទាំង​ពាក្យរិះគន់​។ នៅក្នុង​មី​យ៉ាន់​ម៉ា ការ​តតាំង​ក្ដី​នៅ​ឡាអេ ជាការ​ការពារ​មុខមាត់​ជាតិ ហើយ​ប្រជាជន​រាប់ពាន់នាក់ បាន​ជូន​ដំណើរ​អ្នកស្រី​ពេល​ចាកចេញ​ម្ដង​ទៅហើយ​។ ប៉ុន្តែ​ក្នុង​ក្រសែភ្នែក​អន្តរជាតិ ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​រូបនេះ ជា​តំណាង​ឲ្យ​ក្រុម​យោធា​ដែល​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​បាត់បង់​ផ្ទះសម្បែង និង​រង​កា​បំពាន​គ្រប់បែបយ៉ាង​។ 
 
​ធ្លាប់តែ​ជា​វីរនារី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ កេ​រិ៍្ត​ឈ្មោះ​អ្នកស្រី ស៊ូ​ជី បាន​រលាយបាត់​បន្តិច​ម្ដងៗ​ដោយសារ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​នេះ​។ អ្នកស្រី ត្រូវបាន​ដកហូត​ពានរង្វាន់​ជាច្រើន ហើយ​កំពុង​ប្រឈមមុខ​ការអំពាវនាវ​ឲ្យ​ដកហូត​ពានរង្វាន់​ណូបែល​ដែល​ទទួលបាន​នៅ​ឆ្នាំ​១៩៩១​ទៀតផង​។ ប្រទេស​ជាច្រើន អង្គការ​អន្តរជាតិ និង​សូម្បីតែ​តារា​ល្បីឈ្មោះ បាន​រិះគន់​រដ្ឋាភិបាល​ស៊ីវិល​ដែល​មិន​ព្រម​ចាត់វិធានការ​ក្ដៅ​ប្រឆាំង​ក្រុម​យោធា​៕
 
 
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី​
© រក្សាសិទ្ធិដោយ thmeythmey.com