ONE Championship
កីឡាជាតិ
ជាតិ
​ហេតុអ្វី​បាន Sam-A ពេញចិត្ត​ខ្សែក្រវាត់ Kickboxing World Title ខ្លាំង​?
15, Dec 2019 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
អត្ថបទ​៖ ស៊ី​ធី​
​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កីឡាករ Sam-A Gaiyanghadao បាន​បង្កើត​ភាព​អស្ចារ្យ​កាល​ថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ​។ កីឡាករ​វ័យ ៣៦ ឆ្នាំ​រូបនេះ បាន​យកឈ្នះ Wang Junguang ឬ “Golden Boy”  នៅក្នុង​កម្មវិធី ONE: MARK OF GREATNESS លើស​ង្វៀន Axiata Arena នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​ដើម្បី​កាន់​ខ្សែក្រវាត់ ONE Strawweight Kickboxing World Title ដែល​បើក​ឲ្យ​ប្រកួតប្រជែង​លើកដំបូង​។



​ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​រូបគេ​ក្លាយជា​កីឡាករ​ដំបូង​ឈ្នះ​ខ្សែក្រវាត់ ONE World Champion ពីរ​ស្ថាប័ន​ផ្សេងគ្នា​ក្នុង​ប្រភេទ​ទម្ងន់​ខុសគ្នា​។  ​នេះ​ជាការ​ចាប់​ផ្ដើមធ្វើ​ឲ្យ Sam-A កាន់តែ​ល្អ​ក្នុងការ​ប្រកួត Kickboxing និង សុំា​ទៅនឹង​គោលការណ៍​នៃ​ការប្រកួត​ក្បាច់គុន​ថ្មី​មួយ​នេះ​។ 
 


«​គូប្រកួត​របស់ខ្ញុំ​ល្អ​ណាស់ ហើយ​ជា​ដៃគូ​គួរ​ឲ្យ​ខ្លាច​បំផុត​។ គេ​ជា​កីឡាករ​ស្រេកឃ្លាន​នឹង​ជ័យជម្នះ ហើយ​នៅ​ក្មេង​។ គេ​មិន​បោះបង់​ងាយៗ​ទោះបី​ប្រកួត​នៅ​នាទីចុងក្រោយ​។ គេ​តែងតែ​ដើរ​សម្រុក​លើ​ខ្ញុំ​ជានិច្ច​។ ខ្ញុំ​ដឹងថា​ដៃគូ​របស់ខ្ញុំ ខ្លាំងណាស់ និង​តែងតែ​ប្រើ​បម្លាស់​ទី​រហូត​ដើម្បី​រក​ចន្លោះប្រហោង​។ គោលដៅ​របស់ខ្ញុំ​មិន​ឲ្យ​នៅ​កៀក​គេ​ពេក​ទេ​»​។  វីរបុរស​របស់​ថៃ រំលឹក​បែបនេះ​។ 
 
Sam-A បញ្ជាក់ថា​៖«​អ្នក​ឲ្យ​ទឹក​របស់ខ្ញុំ រំលឹក​ខ្ញុំ​គ្រប់ទឹក​ទាំងអស់​ចំពោះ​អ្វីដែល​ត្រូវធ្វើ ដើម្បី​ឈ្នះ​ការប្រកួត និង​ឈ្នះ​គ្រប់ទឹក​ទាំងអស់​។ លុះដល់​ទឹក​ទី​៥ ខ្ញុំ​ក៏មាន​អារម្មណ៍​ថា​មានប្រៀប​ដែរ​។ ក្បាច់គុន​មួយ​ថៃ បានផ្ដល់​បទពិសោធន៍ និង​ជោគជ័យ​ដល់​ខ្ញុំ​សម្រាប់​ការប្រកួត​នេះ​។ ខ្ញុំ​ធ្វើតាម​ផែនការ​របស់ខ្ញុំ និង ស្ដាប់​ការ​ប្រាប់​ពី​សំណាក់​អ្នក​ឲ្យ​ទឹក​របស់ខ្ញុំ​»​។ 
 
 
 
Sam-A ធ្វើបាន​យ៉ាង​ល្អ​ក្នុង​ការប្រកួត Kickboxing លើកដំបូង​មិនមែន​មកពី​អ្នក​ខាងក្រៅ ប៉ុន្តែ រូបគេ​ខ្លួនឯង​។ កីឡាករ​មកពី​ក្លិប Evolve ស្ថិតនៅ​ប្រទេស​សិង្ហ​បុរី បាន​ចំណាយពេល ៣​ទសវត្ស​មកហើយ ក្នុងការ​ប្រកួត​មួយ​ថៃ ហើយក៏​បាន​បន្ត​ការប្រកួត​ក្បាច់គុន​ស្រដៀង​គ្នា​នេះ Kickboxing ជា​លើកដំបូង និង​សម្រប​ខ្លួន​បាន​យ៉ាង​ល្អ​។ វា​មិនមែន​ងាយស្រួល​ប៉ុន្មាន​ទេ ក្នុងការ​ប្រកួត​គោលការណ៍​ថ្មី​ទល់នឹង​កីឡាករ​វ័យក្មេង​មាន​ថាមពល គេ​ចង់​ឈ្នះ​និង​មាន​ជំនាញ kickboxing ដូច «Golden Boy»​។ ប៉ុន្តែ​កីឡាករ​ថៃ​ដែល​កំពុង​ហ្វឹកហាត់​នៅ​សិង្ហ​បុរី បាន​ក្លាយជា​កីឡាករ World Champion ពិតៗ​។ បន្ទាប់ពី​ជ័យជម្នះ​នេះ Sam-A  ទទួលស្គាល់ថា ការផ្លាស់ប្ដូរ​នេះ​គឺជា​ការប្រកួតប្រជែង​ខ្លាំងក្លា​ច្រើនជាង​ការរំពឹងទុក​។​
 
Sam-A ពន្យល់ថា​៖«​ក្នុង​ក្បាច់គុន​មួយ​ថៃ ពេល​អ្នក​អស់កម្លាំង យើង​មាន​វិធី​ដើម្បី​សម្រាក​ខ្លះ ឬ អាច​ដើរ​មួយៗ និង​កុំ​បញ្ចេញ​ក្បាច់​ញឹក​ពេក​។ យើង​មាន​ល្បិច​ដើម្បី​ស៊ីពេល​បាន​។ ប៉ុន្តែ Kickboxing ធ្វើ​ឲ្យ​អ្នក​រវល់​ណាស់ មិនអាច​ឈប់​បានទេ​។ វា​ជាការ​ប្រកួត​ដំបូង​ប៉ុន្តែ​ខ្ញុំ​យល់​អំពី​វា​។ ខ្ញុំ​គិតថា​វា​ការប្រកួត​ដ៏​មានតម្លៃ »​។  Sam-A សង្កត់ធ្ងន់ថា​៖«​វា​ជា​ជំហាន​ដំបូង ដែល​ត្រូវ​រៀន​អំពី kickboxing តែ​ខ្ញុំ​អាច​អភិវឌ្ឍ​ខ្លួនឯង​ចំពោះ​អ្វីដែល​ខ្ញុំ​បានធ្វើ​»​។ 
 
​ឥឡូវនេះ​សិស្ស​គុន​មកពី​ក្លិប Evolve អាច​ប្រកួត​បាន​ទាំង​មួយ​ថៃ និង Kickboxing​។ Sam-A នៅតែ​រក្សា​ខ្សែក្រវាត់ ONE Strawweight Kickboxing World Title និង​រង់ចាំ​ទទួល​ស្វាគមន៍​ពី​គូប្រជែង​នានា​ដែល​កម្មវិធី​រៀបចំ​។ នៅ​ដើមឆ្នាំ ២០១៩​នេះ Sam-A បាត់បង់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Championship ពេល​ធ្លាក់​ទៅលើ​ជើង​ខ្លាំង​មក ពី​ចក្រភព​អង់គ្លេស Jonathan Haggerty ក្រោយ​ប្រកួត​៥​ទឹក​ហើយ​រូបគេ​មិន​ចង់​ឲ្យ​រឿងនេះ​កើតឡើង​ជាថ្មី​ឡើយ​។
 
  
 
«​ខ្ញុំ​សោកស្ដាយ​ណាស់​ចំពោះ​ការបាត់បង់ ខ្សែក្រវាត់ Muay Thai World Title​។ ឥឡូវនេះ​ខ្ញុំ​ចង់​រក្សា​ខ្សែក្រវាត់​នេះ​បានយូរ​តាម​អា​ធ្វើបាន​។ ទោះបី​ខ្ញុំ​រាង​ចាស់ ខ្ញុំ​ចង់​អភិវឌ្ឍ​ក្បាច់គុន​បន្ថែមទៀត​។ ខ្ញុំ​មិន​ចង់​បាត់បង់​ខ្សែក្រវាត់​ទៀតឡើយ​។ ការប្រកួត​មួយ​ថៃ ឬ kickboxing​។ ខ្ញុំ​ត្រៀម​រួចរាល់​ជានិច្ច​។ ហើយ​ខ្ញុំ​រង់ចាំ​ប្រកួត​ការពារ​ខ្សែក្រវាត់​លើកដំបូង​»​។  Sam-A សម្ដែង​ការដឹងគុណ​បែបនេះ​៖«​ខ្ញុំ​សូម​អរគុណ​ដល់ ONE Championship និង លោក Chatri Sityodtong ដែលជា​ប្រធាន និង​ជា​នាយ​ប្រតិបត្តិ​របស់ ONE​។ ONE ធ្វើ​ឲ្យ​កីឡាករ​គ្រប់រូប​មាន​គោលដៅ​នៅក្នុង​អាជីព ដូចជា​ខ្ញុំ​ជាដើម​ដែល​ធ្វើ​រូបខ្ញុំ​សប្បាយចិត្ត​»​។ 
 
​ជំហាន​បន្ទាប់ Sam-A នឹង​ខំប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ការពារ​ខ្សែក្រវាត់​។ រូបគេ​ពិតជា​រីករាយ​ណាស់​ដែល​បាន​បង្កើត​ប្រវត្តិសាស្ត្រ និង សម្រេច​សុបិន​របស់ខ្លួន​ក្នុង​ជីវិត​។ 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App​៕
 
 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com