អន្តរជាតិ
នយោបាយអន្តរជាតិ
វៀតណាម សន្យាផ្តល់លក្ខខណ្ឌអនុគ្រោះគ្រប់យ៉ាងតាមលទ្ធភាពដើម្បីស្រូបវិនិយោគទុនអាមេរិកឲ្យបានច្រើន រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក Wilbur Ross និងនាយករដ្ឋមន្ត្រីវៀតណាម Nguyễn Xuân Phúc ជួបពិភាក្សាគ្នាកាលពីដើមខែវិច្ឆិកាកន្លងទៅនារដ្ឋធានី ហាណូយ (រូបភាព៖ US Embassy in Vietnam)
× រដ្ឋាភិបាលវៀតណាម បានសន្យាធ្វើកំណែទម្រង់បរិបទវិនិយោគ និងផ្តល់លក្ខខណ្ឌអនុគ្រោះគ្រប់បែបយ៉ាងតាមលទ្ធភាពអាចធ្វើបានសម្រាប់ក្រុមហ៊ុន និងអ្នកវិនិយោគរបស់អាមេរិក។ ក្តីរំពឹងរបស់វៀតណាម គឺចង់បានកំណើនវិនិយោគរបស់អាមេរិក ដែលជាដៃគូដ៏សំខាន់ និងអាចធានាបានតុល្យភាពរវាងពាណិជ្ជកម្មវៀតណាម និងអាមេរិក។
តាមរយៈជំនួបជាមួយនឹងប្រតិភូធុរកិច្ចអាមេរិក-អាស៊ាន (USABC)នៅក្នុងក្រុងហាណូយ នៅថ្ងៃ១១ ធ្នូ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyễn Xuân Phúc បានអះអាងថា រដ្ឋាភិបាលរបស់លោក តែងតែយកចិត្តដាក់ក្នុងការងារអនុម័ត និងពន្លឿនការអនុវត្តគម្រោងទាំងឡាយរបស់អាមេរិក ដែលមកវិនិយោគនៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam News។
តាមប្រភពព័ត៌មានដដែល លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វៀតណាម មានគោលដៅសម្រេចឲ្យបាននូវតុល្យភាពពាណិជ្ជកម្មជាមួយនឹងអាមេរិក ហើយបានស្នើឲ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដើរតួឲ្យកាន់តែសកម្មក្នុងលើកកម្ពស់ចំណងទ្វេភាគី និងលំហូរវិនិយោគរបស់អាមេរិកមកកាន់វៀតណាម។ លោក ចង់ឃើញក្រុមប្រឹក្សាធ្វើជាស្ពានរវាងរដ្ឋាភិបាលវៀតណាម-អាមេរិក ដើម្បីពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។
តាមជំនួបដដែលនោះ ប្រមុខរដ្ឋាភិបាលវៀតណាមរូបនេះ បានទទូចឲ្យក្រុមហ៊ុនរបស់អាមេរិកបន្តយកចិត្តទុកដាក់លើទីផ្សាររបស់វៀតណាម ទាំងដោយផ្ទាល់ និងមិនផ្ទាល់ក្នុងវិស័យសំខាន់ៗដូចជាហេដ្ឋារចនាសម្ព័ន្ធ អាកាសចរណ៍ស៊ីវិល និងហិរញ្ញវត្ថុ-ធនាគារជាដើម។ លោកក៏ចង់ឃើញក្រុមប្រឹក្សាធុរកិច្ចបន្តជួយក្រុមហ៊ុនអាមេរិកបំពេញទស្សនកិច្ចនៅវៀតណាមឲ្យបានច្រើន ក្នុងពេលវៀតណាមធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។
គួរជម្រាបបន្តិចថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ឬហៅកាត់ថា USABC គឺជាអង្គការដ៏មានឥទ្ធិពលមួយមានមូលដ្ឋាននៅអាមេរិក ដែលមានបណ្តាញក្រុមហ៊ុនធំៗរបស់អាមេរិកជាច្រើនជាសមាជិក។
ក្នុងជំនួបជាមួយនឹងរដ្ឋាភិបាលវៀតណាម លោក Keith Williams ប្រធានក្រុមប្រឹក្សាធុរកិច្ច បានបង្ហាញជំហរសុទិដ្ឋិនិយមអំពីកំណើននៃផលិតផលក្នុងស្រុក និងការនាំចេញរបស់វៀតណាម ហើយលោក សង្ឃឹមថា ក្រុមប្រឹក្សាធុរកិច្ច នឹងអាចធ្វើជាដៃគូល្អរបស់វៀតណាម ក្នុងការបង្កើនការនាំចេញផងដែរ។
ជាមួយគ្នានេះ សមាជិករបស់ក្រុមប្រឹក្សា ដែលជាប្រតិភូអមដំណើរផងដែរនោះ បានវាយតម្លៃខ្ពស់ពីភាពជោគជ័យរបស់វៀតណាមក្នុងការទាក់ទាញវិនិយោគដោយផ្ទាល់ ហើយក៏បានអះអាងពីការត្រៀមខ្លួនរួចជាស្រេចក្នុងការជួយវៀតណាម ក្នុងបេសកកម្មបំពេញតួនាទីជាប្រធានវិលជុំរបស់អាស៊ាននៅឆ្នាំក្រោយដ៏ខ្លីមុខនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com