ប្រេង​ស្លឹកគ្រៃ​របស់លោក កែវ យឿន កំពុងមាន​ទីផ្សារ​ល្អ
ជាតិ
សង្គមជាតិ
ប្រេង​ស្លឹកគ្រៃ​របស់លោក កែវ យឿន កំពុងមាន​ទីផ្សារ​ល្អ
15, Dec 2019 , 9:59 pm        
រូបភាព
 ​សៀមរាប​៖ លោក កែវ យឿន ជា​កសិករ​មួយរូប​ដែល​បាននិងកំពុង​ទទួលផល​ពី​ការផលិត​ប្រេង​ស្លឹកគ្រៃ​។ ទីផ្សារ​ប្រេង​ស្លឹកគ្រៃ​ហាក់​មានតម្លៃ​ល្អ​នាពេល​ចុងក្រោយ​នេះ ដែល​អាចឱ្យ​លោក យឿន រកចំណូលបាន​ក្នុង​មួយខែ​ជិត​៣​ពាន់​ដុល្លារ​ពី​ការផលិត​ប្រេង​ស្លឹកគ្រៃ​ជា​លក្ខណៈ​គ្រួសារ​។​

 
​គ្រួសារ​លោក យឿន មាន​ឆ្នាំង​ផលិត​ប្រេង​ស្លឹកគ្រៃ​មួយ ដែល​អាចដាក់​ស្លឹកគ្រៃ​បាន​ចំណុះ ៨០០​គីឡូក្រាម​។ រាល់ថ្ងៃ​លោក យឿន ចម្រាញ់​តែមួយ​ឆ្នាំង​ប៉ុណ្ណោះ ដោយ​ប្រើពេល​៤​ម៉ោង​ដើម្បី​ចម្រាញ់​ផលិត​ជា​ប្រេង​បាន​ជាង​មួយ​លីត្រ​។ 
 
​តាមពិតទៅ លោក យឿន មាន​របរ​ផលិត​ប្រេង​ដោយ​ខ្លួនឯង​នេះ តាំងពី​ឆ្នាំ​១៩៨២​មក ដែល​កាលណោះ លោក​ផលិត​ប្រភេទ​ប្រេង​ស្មាច់ ដែល​ឈ្មួញ​ដើរ​ប្រមូល​ទិញ​លក់ តាម​ព្រំដែន​វៀតណាម​។ លោក យឿន មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង និង​បានមក​រស់នៅ​ធ្វើ​ចម្ការ​នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ប្រមាណ​៦​ឆ្នាំ​មកហើយ បន្ទាប់ពី​ត្រឡប់​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ​។ នៅ​ស្រុក​បន្ទាយស្រី​ដំបូង គ្រួសារ​មួយ​នេះ មាន​របរ​ធ្វើ​ចម្ការ និង​ដាំ​ស្លឹកគ្រៃ​សម្រាប់​លក់​នៅ​ទីផ្សារ​ទូទៅ​។ ការដាំ​ស្លឹកគ្រៃ​នៅពេលនោះ​មិនមាន​ចំណូល​ច្រើន​ទេ ដោយសារ​តម្លៃថោក​និង​ពេលខ្លះ​បង្ខំ​ទុក​ចម្ការ​ស្លឹកគ្រៃ​ចោល​ក៏មាន​ព្រោះ​គ្មាន​ឈ្មួញ​ទិញ​។​
 
​ក្រោយ​ចូលរួម​ជាមួយ​សហគម​ន៍​ផលិត​ប្រេង​ស្លឹកគ្រៃ​ដែល​ចងក្រង​ដោយ​អង្គការ​កសិកម្ម​បានជា​ង​មួយឆ្នាំ​មក លោក យឿន ក៏​សម្រេច​ចេញមក​ចម្រាញ់​ប្រេង​ជា​លក្ខណៈ​គ្រួសារ​វិញ​។ សព្វថ្ងៃ លោក​យកចិត្តទុកដាក់​លើ​ការងារ​នេះ​ជាខ្លាំង ដោយ​ក្នុង​មួយថ្ងៃ​លោក​ផលិត​ប្រេង​ស្លឹកគ្រៃ​នេះ​បាន​ជាង​មួយ​លីត្រ​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​អតិថិជន​។ អតិថិជន​ដែល​បញ្ជា​ទិញ​ប្រេង​ស្លឹកគ្រៃ គឺមាន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ហើយ​ក្នុង​មួយខែ​លោក​អាច​លក់បាន​ជិត​៣​ពាន់​ដុល្លារ​។​
 
​បន្ទាប់ពី​ប្រេង​ស្លឹកគ្រៃ​មានការ​គាំទ្រ​ច្រើន​មក ការ​ដាំំ​ដុះ​ស្លឹកគ្រៃ​របស់​កសិករ​នៅ​ស្រុក​បន្ទាយស្រី​ក៏មាន​ទីផ្សារ​ល្អ​ដែរ​។ លោក យឿន បាន​ប្រមូល​ទិញ​ស្លឹកគ្រៃ​ពី​កសិករ​ក្នុងភូមិ​ដែល​លោក​ទិញ​ក្នុងតម្លៃ​ចាប់ពី​២០០​រៀល​ទៅ​៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ 
 
​គួររម្លឹកថា លោក យឿន ចេះ​កែច្នៃ​ផលិត​ប្រេង​ស្លឹកគ្រៃ​នេះ​នៅ​សម័យ​ខ្មែរក្រហម ដែល​កាលនោះ​លោក​អាយុ​១៤​ឆ្នាំ និង​ជា​អ្នក​ជួយ​ចាស់ៗ​រក​ថ្នាំ​មក​ផលិត​ជា​ប្រេង​ស្មាច់ ប្រេងខ្យល់ និង​ថ្នាំ​។ លោក​មិនបាន​រៀន​ទេ តែ​លោក​នៅចាំ​ពី​បច្ចេកទេស​ធ្វើ​ប្រេង​ពេលនោះ ទើប​សាកល្បង​ផលិត​ប្រេង​ស្លឹកគ្រៃ​រហូត​បាន​ជោគជ័យ​។ ទៅ​ថ្ងៃ​ខាងមុខ លោក​ចង់ឱ្យមាន​ការវិនិយោគ​ពង្រីក​អាជីវកម្ម​មួយ​នេះ​ឱ្យបាន​ធំ សម្រាប់​ការផ្គត់ផ្គង់​ទាំង​ក្នុងស្រុក​និង​ការនាំចេញ​ទៅខាង​ស្រុក​ផង​៕
 
 

Tag:
 ប្រេង​ស្លឹកគ្រៃ​
  កែវ យឿន​
  បន្ទាយស្រី​
© រក្សាសិទ្ធិដោយ thmeythmey.com