ជាតិ
សង្គមជាតិ
ផ្លូវ​មុខ​ព្រះ​លានជល់ដំរី នឹង​បិទ​ចរាចរណ៍ ជំនួស​ដោយ​ផ្លូវ​វាង​ថ្មី​
15, Dec 2019 , 10:30 pm        
រូបភាព
 សៀមរាប​៖ កំណាត់​ផ្លូវ​មុខ​ព្រះ​លានជល់ដំរី នឹង​បិទ​ចរាចរណ៍​ទាំងស្រុង ហើយ​ជំនួស​ដោយ​ផ្លូវ​វាង​នៅក្បែរនោះ​។ នេះ​បើតាម​លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន ថ្លែង​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៣ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៦ នៃ​គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ​នៅ​ព្រឹក​ថ្ងៃទី​១០ ធ្នូ​។​

 
​ក្នុង​កិច្ចប្រជុំ​នេះ លោក យិ​ត ចាន់​ដារ​ដ្ឋ បាន​លើកឡើងថា គម្រោង​ស្ថាបនា​ផ្លូវ​វាង​ព្រះ​លានជល់ដំរី​នេះ បាន​សិក្សា និង​ឆ្លងកាត់​ការឯកភាព ពី​អ្នកជំនាញការ នៃ​គណៈកម្មការ​ធិ​ការ​អាយ​ស៊ី​ស៊ី​-​អង្គរ​រួចហើយ​។ លោក យិ​ត ចាន់​ដារ​ដ្ឋ បញ្ជាក់​ដូច្នេះ​៖«​ផ្លូវ​ថ្មី​នេះ​នឹង​ចាប់ផ្តើម​ស្ថាបនា​នៅ​ដើមឆ្នាំ​ឬ​អំឡុង​ខែមករា ឆ្នាំ​២០២០​ខាងមុខនេះ ហើយ​គ្រោង​នឹង​ប្រើពេល​៨​ខែ​ដើម្បី​ស្ថាបនា​។ ផ្លូវ​នេះ​ជា​ប្រភេទ​សំណង់​ផ្លូវ​ស្រាល ដែលមាន​ប្រវែង​សរុប​១,៤២៧​ម៉ែត្រ ទទឹង​៦​ម៉ែត្រ​»​។   
 
​លោក យិ​ត ចាន់​ដារ​ដ្ឋ បន្ត​ពន្យល់ថា អាជ្ញាធរ​ជាតិ​អប្សរា បាន​សិក្សា​ពី​ហានិភ័យ​ដែល​កំពុង​កើត​មាននៅ​លើផ្លូវ​សព្វថ្ងៃ ដែល​ការ​ចរាចរណ៍​នៅ​កៀក​តួ​ប្រាសាទ ដែល​បង្ក​ផលប៉ះពាល់​ដោយ​សំឡេង​ញ័រ ឬ​ដោយ​ផ្សែង​យានយន្ត​ដល់​ថ្ម​ប្រាសាទ​ជាដើម​។ អាជ្ញាធរ នឹង​ស្ថាបនា​ផ្លូវ​ថ្មី​ជំនួស គឺ​លើផ្លូវ​ដីក្រហម​សព្វថ្ងៃ ដែលមាន​ទីតាំង​មុខ បរិវេណ​ប្រាសាទ​សួរ​ព្រ័ត​១២ ឆ្ពោះទៅមុខ​ប្រាសាទព្រះពិធូរ បត់​ឆ្វេង​ឆ្ពោះទៅ​ខ្លោងទ្វារ​ដី​ឆ្នាំង ចំណែក​ផ្លូវ​ចាស់ អាជ្ញាធរ​នឹង​រៀបចំ​កែប្រែ ដាំ​ស្មៅ លម្អ​បរិស្ថាន​លានជល់ដំរី ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ​។​
 
​យោងតាម​ឯកសារ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​រកឃើញ នា​អំឡុង​ឆ្នាំ​១៩០៦ បរិវេណ​ព្រះ​លានជល់ដំរី មិនទាន់មាន​ការស្ថាបនា​ផ្លូវ​ទេ ពោល​ផ្លូវ​នេះ​ទើប​នឹងមាន​អំឡុង​ឆ្នាំ​១៩១១​ប៉ុណ្ណោះ​។ រីឯ​ផ្លូវ​ក្រហម​នៅមុខ​ប្រាសាទ​សួរ​ព្រ័ត ក៏​កសាង​ដំណាលគ្នា​នោះដែរ​៕
 
 

Tag:
 ព្រះ​លានជល់ដំរី​
  អប្សរា​
  យិ​ត ចាន់​ដារ​ដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com