ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ានី បង្កើតមជ្ឈមណ្ឌលកម្ពុជា៤.0
× ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានសរសេរនៅលើគណនីTwitter របស់លោកនៅរសៀលថ្ងៃអាទិត្យនេះ ដោយបង្ហើបអំពីដំណើរការបង្កើតមជ្ឈមណ្ឌលកម្ពុជា៤.០។
មជ្ឈមណ្ឌលកម្ពុជា៤.០ នឹងលេចជារូបរាងឡើងនៅកម្ពុជាក្នុងពេលឆាប់ៗនេះ។ នេះបើតាមយោងតាមគណនី Twitter របស់លោក ហ៊ុន ម៉ានី។ «យើងកំពុងស្ថិតនៅក្នុងដំណើរការនៃការសាងសង់មជ្ឈមណ្ឌលថ្មីមួយដែលមានឈ្មោះថា មជ្ឈមណ្ឌលកម្ពុជា៤.០»។ នេះជាសាររបស់លោក ហ៊ុន ម៉ានី។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានសរសេរសារនេះ ក្រោយពីលោកបានផ្តល់កិច្ចសម្ភាសពិសេសដល់ទូរទស្សន៍PNN ដោយលោកបានបង្ហើថា មជ្ឈមណ្ឌលនេះត្រូវបានចុះឈ្មោះនៅក្រសួងមហាផ្ទៃ ហើយថានៅពេលនេះក្រុមការងាររបស់លោកកំពុងធ្វើការលើការរចនាប្លង់អគារ និងការងារពាក់ព័ន្ធនានាទៀត។
នៅក្នុងកិច្ចសម្ភាសនោះ លោក ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះ៖«យើងមានទីតាំងហើយ យើងនឹងឈានទៅអភិវឌ្ឍមជ្ឈមណ្ឌលនេះតែម្តង ក្នុងគោលបំណងតែមួយគត់ គឺចូលរួមជាមួយរដ្ឋាភិបាលដើម្បីមានមជ្ឈមណ្ឌលមួយដែលប្រមូលផ្តុំអ្នកជំនាញផ្សេងៗ ដើម្បីស្វែងយល់បន្ថែមនៅលើទីតាំង (មជ្ឈមណ្ឌល) នោះតែម្តង»។
លោក ហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្មកាទី៧នៃរដ្ឋសភាបានបង្ហាញការយកចិត្តទុកដាក់ខ្លាំងទៅលើបដិវត្តឧស្សាហកម្មជំនាន់ទី៤ ហើយបានគាំទ្រដល់សកម្មភាពរៀបចំសិក្ខាសាលា និងកិច្ចពិភាក្សានានាដែលទាក់ទងនឹងវត្តមាននៃបច្ចេកវិទ្យា៤.០នេះ។
ក្នុងពេលកន្លងមក មជ្ឈមណ្ឌលអភិវឌ្ឍកម្ពុជាបានរៀបចំវេទិកាពិភាក្សា២ដងរួចមកហើយ ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល អ្នកដឹកនាំវិស័យឯកជន ដើម្បីនិយាយអំពីការត្រៀមខ្លួន កាលានុវត្តភាព និងការប្រឈមរបស់កម្ពុជា។
© រក្សាសិទ្ធិដោយ thmeythmey.com