កីឡាជាតិ
ជាតិ
លោក ហ៊ុន ម៉ា​នី រំពឹងថា​កីឡដ្ឋាន​កំពង់ស្ពឺ នឹង​ជួយ​អភិវឌ្ឍ​បាល់ទាត់ និង​បង្កើន​ធនធាន​កីឡាករ​
15, Dec 2019 , 4:30 pm        
រូបភាព
ដោយ:
​កំពង់ស្ពឺ​៖ នៅក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ ខេត្តកំពង់ស្ពឺ នឹងមាន​ទីលាន​បាល់ទាត់​លំដាប់​អន្តរជាតិ ដែល​អាច​រៀបចំ​ការប្រកួត​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​។ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ ដែល​ធ្វើជា​អធិបតី​ក្នុង​ពិធី​បញ្ចុះបឋមសិលា​កសាង​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​១៥ ខែធ្នូ នេះ​រំពឹងថា កីឡដ្ឋាន​នេះ នឹង​ជួយ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ក៏ដូចជា​ខេត្តកំពង់ស្ពឺ​ឲ្យ​កាន់តែ​រីកចម្រើន​។ ពិសេស ជួយ​បណ្តុះបណ្តាល​យុវជន ឲ្យ​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​កាន់តែច្រើន​។ លោក ក៏​សង្ឃឹម​ផងដែរ​ថា កីឡាករ​មកពី​ខេត្តកំពង់ស្ពឺ នឹងមាន​វត្តមាន​កាន់​តែ​ច្រើន​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​។

 
«​ក្រុម​កីឡាករ​ជម្រើសជាតិ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ចុង​ក្រោយនេះ គឺ​សម្រេចបាន​ភាពជោគជ័យ​ដ៏​ធំ​។ ទោះបី​មាន​អ្នកខ្លះ​រិះគន់ តែ​យើង​ត្រូវ​ទទួលស្គាល់​ការពិត​ថា កីឡាករ​យើងទាំងអស់គ្នា​ពិតជា​មានការ​ខិតខំ​ប្រឹង​ប្រែង និង​លះបង់​ចេញពី​បេះដូង​។ ក្នុងនោះ​ពួក​ខ្ញុំ​ក៏មាន​មោទកភាព​ដែរ ដែលមាន​ជម្រើសជាតិ​ពីរ​នាក់​(​ទេស សម្បត្តិ​, កាន់ ពិសាល​)​ចេញពី​ខេត្តកំពង់ស្ពឺ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុន ម៉ា​នី ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចុះបឋមសិលា​សាងសង់​។​
 
 
 
​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រួប​នេះ​បានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​កីឡដ្ឋាន​នេះ​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​កីឡាបាល់ទាត់​នៅ​កម្ពុជា ជាពិសេស​ខេត្តកំពង់ស្ពឺ​។ លោក​បង្ហាញ​ក្តី​រំពឹង​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹមថា កីឡដ្ឋាន​នេះ នឹងចូលរួម​មួយផ្នែក​ក្នុងការ​អភិវឌ្ឍន៍​ក្នុង​វិស័យ​កីឡាបាល់ទាត់​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់ ពិសេស​ជួយ​បណ្តុះបណ្តាល​ធនធាន​បន្ថែ​ម ដើម្បី​ឲ្យ​ក្លាយជា​កីឡាករ​ជម្រើសជាតិ ដែល​ចេញពី​ខេត្តកំពង់ស្ពឺ​។ លើសពីនេះ​យើង​សង្ឃឹមថា យើង​នឹង​អាច​ចូលរួម​ក្នុង​ផ្នែក​ណាមួយ​ក្នុងការ​ត្រៀម​ធនធាន​របស់​យើង​នៅក្នុង​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​»​។   
 
 
 
​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​រួប​នេះ​សង្កត់ធ្ងន់ថា កីឡដ្ឋាន​នេះ​គឺ​មិនមែនជា​របស់លោក ឬ​បុគ្គល​ណាមួយ​នោះទេ ពោល​គឺជា​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ​ទាំងមូល ព្រោះ​សមិទ្ធផល​នេះ​កើតឡើង​ពី​ការរួមចំណែក​របស់​ប្រជាពលរដ្ឋ​។ 
 
​ត្រង់ចំណុច​នេះ​លោក​បាន​លើកឡើងថា​៖«​ខ្ញុំ​គ្រាន់តែ​ជាមួយ​ផ្នែក​តួច​ក្នុងការ​ចូលរួម​ជាមួយ​អាជ្ញាធរ​ដែនដី ដើម្បី​តម្រង់ទិស​ក្នុងការ​អភិវឌ្ឍន៍​ខេត្ត​ប៉ុណ្ណោះ​។ ខ្ញុំ​សូមបញ្ជាក់ថា គ្រប់​ស្នាដៃ​ទាំងអស់​មិនមែន​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ឬ​របស់​ក្រុមការងារ​ទេ ខ្ញុំ​ចង់​ឲ្យ​ពួកគាត់​(​ប្រជាពលរដ្ឋ​)​ដឹងថា សមិទ្ធផល​ទាំងនេះ​ជា​របស់​ពួកគាត់​»​។    
 
 
 
​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​៤​ហិកតា ស្ថិតនៅ​ក្នុងភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ កីឡដ្ឋាន​ដែល​បាន​ចុះ​បឋមសិលា​សាងសង់​នៅ​ថ្ងៃទី​១៥ ខែធ្នូ មួយ​នេះ នឹង​ក្លាយជា​មូលដ្ឋាន​ហ្វឹកហាត់ និង​ប្រកួត​របស់​ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល​។ ដ្បិត​កីឡដ្ឋាន​នេះ​ទទួលបាន​ការឧបត្ថម្ភ​ចំនួន​២​លាន​ដុល្លារ​ពី​គម្រោង​ណាហ្គា​វើ​ល​បេះដូង​សប្បុរស​៕   
 














© រក្សាសិទ្ធិដោយ thmeythmey.com