ជាតិ
សង្គមជាតិ
សិស្ស​នៅ​សហគមន៍​ជី​រោទិ៍​អាច​យក​«​សំរាម​ប្លា​ស្ទិ​ក​» ជា​ថ្នូរ​នឹង​ការបង់ប្រាក់​ចូលរៀន​
16, Dec 2019 , 8:30 am        
រូបភាព
ភ្នំពេញ​៖ អង្គការ​បណ្តុះបណ្តាល​ថ្នាក់មូលដ្ឋាន ហៅ​កាត់​ថា OBT បង្កើត​ដោយ​កូន​ខ្មែរ ដែលមាន​ការិយាល័យ​នៅ​សហគមន៍​ជី​រោទិ៍ ក្នុងស្រុក​ត្បូងឃ្មុំ បង្រៀន​ភាសាបរទេស​, កុំព្យូទ័រ និង​ជំនាញ​វិជ្ជាជីវៈ ដល់​សិស្ស ដោយ​តម្រូវ​ឲ្យ​សិស្ស​យក​សំរាម​ប្លា​ស្ទិ​ក​ជំនួស​ការបង់ប្រាក់​ចូលរៀន​។ បច្ចុប្បន្ន OBT កំពុង​បង្រៀន​សិស្ស​ចំនួន​២៨៣​នាក់ ដែល​ភាគច្រើន​ជា​សិស្ស​ក្រីក្រ​រស់នៅក្នុង​សហគមន៍​ជី​រោទិ៍​។ លោក ឃុន ស៊ីវ ជំនួយការ​ប្រធាន​អង្គការ OBT បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សំរាម​ប្លា​ស្ទិ​ក​ដែល​សិស្ស​បង់​ជំនួស​ថវិកា ដើម្បី​ចូលរៀន​នោះ អង្គការ​បាន​យកទៅ​ចម្រាញ់​ជា​ប្រេងម៉ាស៊ូត និង​ច្នៃ​ជា​ឥដ្ឋ​បរិស្ថាន​។ ក្រៅពី​ផ្តល់​ចំណេះដឹង​ខាងលើ លោក ស៊ីវ បាន​ឲ្យ​ដឹង​ទៀតថា OBT ថែមទាំង​បណ្តុះ​គំនិត​ដល់​សិស្ស​ឲ្យ​ចេះ​ស្រឡាញ់​បរិស្ថាន​, យល់ដឹង​ពី​ផលប៉ះពាល់​របស់​សំរាម​ប្លា​ស្ទិ​ក និង​ចូលរួម​កាត់បន្ថយ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ជាដើម​។​


 
​នៅក្នុង​វេទិកា​អេកូ​ទេសចរណ៍​លើក​ទី​១ កាលពី​ថ្ងៃទី​១៩ វិច្ឆិកា ឆ្នាំ​២០១៩ ដែល​រៀបចំ​ធ្វើ​នៅ​ហ្គ្រែ​ន​ភ្នំពេញ លោក ឃុន ស៊ីវ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អង្គការ OBT មាន​ទិសដៅ​ផ្ដោតលើ​ការអប់រំ និង​បរិស្ថាន​ដោយ​មិន​យក​កម្រៃ​ពី​សិស្ស​ឡើយ​។ ប៉ុន្ដែ ក្នុង​មួយថ្ងៃ​សិស្ស​ត្រូវយក​សំរាម​ប្លា​ស្ទិ​ក​តាម​លទ្ធភាព​ដែល​ពួកគេ​អាច​រកបាន មក​បង់​ឲ្យ​អង្គការ​ដើម្បី​បាន​ចូលរៀន​។ ការណ៍​ដែល​តម្រូវ​ឲ្យ​សិស្ស​ធ្វើ​យ៉ាង​ដូច្នេះ ទើបតែ​ចាប់ផ្តើម​កាលពី​ចុងឆ្នាំ​២០១៨ ប៉ុណ្ណោះ​។ 
 
«​អត់​មានកំណត់​ចំនួន​ប្លា​ស្ទិ​ក​ទេ ដោយសារ​យើង​អត់​ចង់​ដាក់​សម្ពាធ​លើ​ពួកគាត់​(​សិស្ស​)​ទេ​។ អីចឹង​យើង​ពន្យល់​វិញ ធ្វើ​យ៉ាងម៉េច​ដើម្បី​បណ្ដុះ​គំនិត​ខាងក្នុង​របស់គាត់ ឲ្យ​គាត់​យកតាម​លទ្ធភាពរ​បស់​គាត់ ដើរមក​តាមផ្លូវ​មាន​ប្លា​ស្ទិ​ក​១០​យក​១០​មក​, បើ​រើស​បាន​ប្លា​ស្ទិ​ក​២០​យក​២០​មក ហើយ​បើ​គាត់​អាច​រើស​បាន​ច្រើន​យក​ច្រើន​មក​»​។ នេះ​ជា​សេចក្តីពន្យល់​របស់លោក ឃុន ស៊ីវ ជំនួយការ​ប្រធាន​អង្គការ OBT ពី​ការ​ត្រូវ​ឲ្យ​សិស្ស​យក​សំរាម​ប្លា​ស្ទិ​កមក​បង់ថ្លៃ​ចូលរៀន ជំនួស​ការបង់​ជា​សាច់ប្រាក់ មុននឹង​លោក ស៊ីវ ពន្យល់​បន្ថែម​យ៉ាង​ដូច្នេះ​៖«​ចំពោះ​សម្រាប់​នៅផ្ទះ​របស់គាត់​ក៏​អីចឹង​ដែរ អត់​ឲ្យ​គាត់​ដុត​ប្លា​ស្ទិ​ក​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​ខ្យល់​, ចោល​ក្នុង​ទឹក​ប៉ះពាល់​ក្នុង​ទឹក​, កាលណា​កប់​ក្នុង​ដី​វា​ប៉ះពាល់​ដល់​គុណភាព​ដី អីចឹង​នៅផ្ទះ​គាត់​មាន​ប៉ុន្មាន​ឲ្យ​គាត់​យកមក​»​។​
 
​អង្គការ​ដែល​បាន​ប្រតិបត្តិការ​កម្មវិធី​អប់រំ​របស់ខ្លួន​អស់​រយៈ​១២​ឆ្នាំ​មកហើយ​នោះ បច្ចុប្បន្ន​មាន​សិស្ស​ចំនួន ២៨៣​នាក់ កំពុង​សិក្សា​ដោយ​យក​សំរាម​ប្លា​ស្ទិ​កមក​បង់ថ្លៃ​ចូលរៀន​។ សិស្ស​ដែល​មក​រៀន​ជាមួយ​អង្គការ OBT ភាគច្រើន​ជា​អ្នករស់នៅ​ក្នុង​ក្នុង​សហគមន៍​ជី​រោទិ៍ នៃ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ បើតាម​លោក ឃុន ស៊ីវ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ភាសា​អង់គ្លេស បារាំង និង​កុំព្យូទ័រ ដូចជា Word Excel Power Point គឺ​ផ្តោត​សំខាន់​សម្រាប់​សិស្ស​ថ្នាក់បឋមសិក្សា​ដល់​ថ្នាក់​វិទ្យាល័យ​។​
 
​លោក ស៊ីវ បាន​ឲ្យ​ដឹង​ទៀតថា អង្គការ OBT ក៏មាន​កម្មវិធី​បង្រៀន​ជំនាញ​វិជ្ជាជីវៈ​ដែលមាន​រយៈពេល​១​ឆ្នាំ ទាក់ទង​នឹង​ការិយាល័យ​ជួរមុខ និង​ជំនាញ​រៀបចំ​បន្ទប់​ជាដើម សម្រាប់​យុវជន​ដែល​បោះបង់​ការសិក្សា ដើម្បី​ឲ្យ​ពួកគេ​ចាប់យក​ជំនាញ​វិជ្ជាជីវៈ​មួយ​ច្បាស់លាស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អង្គការ OBT ក៏បាន​បង្កើត​កម្មវិធី​សិក្សា​រយៈពេល​ខ្លី​ដោយ​ផ្តោតលើ​ជំនាញ​រៀបចំ​ផែន​ការធ្វើ​អាជីវកម្ម សម្រាប់​សិស្ស​និស្សិត​ដែល​ខ្វះ​លិទ្ធ​ភាព​ផងដែរ​។ ការបណ្តុះបណ្តាល​លើ​មុខជំនាញ​ទាំងអស់នេះ អង្គការ​មិនបាន​តម្រូវ​ឲ្យ​សិស្ស​បង់ប្រាក់​ទេ តែ​តម្រូវ​ឲ្យ​សិស្ស​យក​សំរាម​ប្លា​ស្ទិ​ក​ជា​ថ្នូរ​នឹង​ប្រាក់ ដើម្បី​ទទួលបាន​ការសិក្សា​។ 
 
​ចំណាយ​សម្រាប់​ទ្រទ្រង់​សកម្មភាព​របស់​អង្គការ គឺ​បាន​ជំនួយ​ពី​ប្រទេស​បារាំង​, សប្បុរសធម៌​, ថវិកា​ដែល​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​នៅ​សហគមន៍​ជី​រោទិ៍​, ការលក់​ទឹកឃ្មុំ​, ប្រេងឆា​ឈូករ័ត្ន និង​ការលក់​ប្រេងម៉ាស៊ូត​ដែល​ចម្រាញ់​ចេញពី​សំរាម​ប្លា​ស្ទិ​ក​ជាដើម​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឃុន ស៊ីវ ជំនួយការ​ប្រធាន​អង្គការ OBT ។ លោក ឃុន ស៊ីវ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ទៅ​ថ្ងៃ​អនាគត​អង្គការ​គ្រោង​រៀបចំ​កម្មវិធីសិក្សា​ឲ្យ​ត្រូវ​នឹង​កម្មវិធីសិក្សា​របស់រ​ដ្ឋ តែមាន​បន្ថែម​ការសិក្សា​ពី​ការធ្វើ​សមាធិ​, ជំនាញ​សិល្បៈ​និង​តន្ត្រី​ផងដែរ​៕

Tag:
 សំរាម​
 ​ប្លា​ស្ទិ​ក​
  OBT
  ​ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com