ជាតិ
សម្ដេច ហ៊ុន សែន បន្ទោសមន្ទីរពេទ្យឯកជន
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទោសពេទ្យឯកជនមួយចំនួន ដែលខ្វះលទ្ធភាពព្យាបាលអ្នកជំងឺ ហើយធ្វើឱ្យប៉ះពាល់ដល់មុខមាត់មន្ទីរពេទ្យរដ្ឋ។ សម្ដេច ហ៊ុន សែន ថ្លែងពីបញ្ហារបស់មន្ទីរពេទ្យបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រនិស្សិតពេទ្យជាង២០០០នាក់ នៅព្រឹកថ្ងៃទី១៦ ធ្នូ។
ថ្លែងពីបញ្ហាមន្ទីរពេទ្យនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា មន្ទីរពេទ្យឯកជន កំពុងប្រជែងជាមួយមន្ទីរពេទ្យរដ្ឋ ក្នុងការដណ្ដើមយកអ្នកជំងឺទៅព្យាបាល។ សម្រាប់សម្ដេច ហ៊ុន សែន ការដណ្ដើមអ្នកជំងឺទៅព្យាបាលនេះ វាជារឿងវិជ្ជមានមួយហើយ ប៉ុន្តែវាក៏បន្សល់ទុកនូវផលអវិជ្ជមានដែរ។ រឿងអវិជ្ជមានដែលសម្ដេច លើកឡើងនោះ គឺទាក់ទងនឹងលទ្ធភាពព្យាបាលអ្នកជំងឺ។ ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាល បានសង្កេតឃើញថា មន្ទីរពេទ្យឯកជនខ្លះ ដឹងថាខ្លួនគ្មានលទ្ធភាពព្យាបាលអ្នកជំងឺហើយ ប៉ុន្តែទុកឱ្យអ្នកជំងឺនៅសម្រាកព្យាបាលមន្ទីរពេទ្យខ្លួនសិន ទាំងចំណាយអស់ថវិកាជាច្រើន រហូតដល់អ្នកជំងឺឈឺធ្ងន់ ទើបបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ។
សូមស្ដាប់សំឡេង៖
ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា នៅពេលអ្នកជំងឺដែលឈឺធ្ងន់ហើយ ទើបបញ្ជូនទៅមន្ទីរពេទ្យរដ្ឋនោះ គឺភាគច្រើនដល់ដំណាក់កាលចុងក្រោយ ហើយស្លាប់នៅមន្ទីរពេទ្យរដ្ឋតែម្ដង។ «សូមឱ្យ(មន្ទីរពេទ្យឯកជន)មានការទទួលខុសត្រូវពីដើមដល់ចប់។ កុំឱ្យដល់ថ្នាក់សង្គ្រោះលែងបានហើយ មន្ទីរពេទ្យឯកជន បញ្ជូន(អ្នកជំងឺ)ទៅមន្ទីរពេទ្យរដ្ឋ ដល់តែងាប់ ងាប់នៅឯមន្ទីរពេទ្យរដ្ឋ ។ បើនិយាយឱ្យចំ មន្ទីរពេទ្យឯកជនដណ្ដើមអ្នកជំងឺយកទៅមើល ដល់ពេលសង្គ្រោះលែងបាន បញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ហើយថា ទើបអាចរស់ តែពេលទៅដល់ងាប់នៅមន្ទីរពេទ្យ (ពលរដ្ឋ)ជេររដ្ឋបណ្ដោយ។ ហើយពេទ្យដែលធ្ងន់ធ្ងរជាងគេគឺកាល់ម៉ែតតែម្ដង ព្រោះមន្ទីរពេទ្យឯកជនដទៃ ដោះស្រាយបញ្ហា(អ្នកជំងឺ)មិនចេញ គេថាបញ្ជូនទៅកាល់ម៉ែតសង្គ្រោះបាន ដល់ទៅកាល់ម៉ែតងាប់បណ្ដោយ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបញ្ជាឱ្យមានការគ្រប់គ្រងលើគ្លីនិកឯកជនឱ្យច្បាស់លើបញ្ហាព្យាបាលអ្នកជំងឺនេះ ព្រោះវាជាមូលហេតុដែលនាំឱ្យពលរដ្ឋតែងតែបន្ទោសដល់មន្ទីរពេទ្យរដ្ឋដែរ។
ក្រៅពីបញ្ហាព្យាបាលអ្នកជំងឺ ការយកចិត្តទុកដាក់ថែទាំ និងការគោរពវិជ្ជាជីវៈ និងក្រមសីលធម៌គ្រូពេទ្យ ក៏ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនដែរ។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី៕
Tag:
ហ៊ុន សែន
មន្ទីរពេទ្យ
សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com