អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart រៀបចំការប្រគំតន្ត្រីសប្បុរសធម៌«ស្នាមញញឹម» ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា
× ភ្នំពេញ៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ក្រុមហ៊ុន Smart Axiata បានរៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ ស្នាមញញឹម ដែលមានកាចូលរួមពីក្រុមសិល្បករ សិល្បការិនីល្បីៗជាច្រើនរូប។ តន្ត្រីស្នាមញញឹមនេះ ត្រូវបានរៀបចំឡើងក្នុងបំណងលើកកម្ពស់ការយល់ដឹងបន្ថែមពីមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យកុមារឈានមុខគេនៅកម្ពុជា និងជាមន្ទីរពេទ្យ ដែលបានផ្តល់ការព្យាបាលដោយឥតគិតប្រាក់ ដល់កុមារកម្ពុជារាប់លាននាក់។
តារាចម្រៀងល្បីៗក្នុងស្រុកជាច្រើនដូចជា ក្រុមតន្ត្រី SmallWorld SmallBand (SWSB) កញ្ញា ចិត្ត កញ្ចនា អ្នកនាង ពេជ្រ សោភា កញ្ញា Adda លោក G-Devith កញ្ញា Laura Mam លោកអូន និងកញ្ញាទេព បូព្រឹក្ស បានរួមគ្នាសម្តែង ក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌របស់ក្រុមហ៊ុន Smart ដែលប្រព្រឹត្តឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ក្រោមទស្សនទាន «ធ្វើរឿងល្អថ្ងៃនេះ»។
គួរបញ្ជាក់ផងដែរថា សំបុត្រមួយសន្លឹកមានតម្លៃ ១០ដុល្លារ ហើយរាល់ប្រាក់ចំណូលពីការលក់សំបុត្រទាំងអស់ នឹងត្រូវបរិច្ចាគទៅឲ្យមូលនិធិគន្ធបុប្ផាកម្ពុជា។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Smart បានបរិច្ចាគថវិកាបន្ថែម១០ដុល្លារ ទៅលើរាល់ចំនួនសំបុត្រដែលបានលក់ចេញ ដើម្បីបន្ថែមថវិកាសម្រាប់មូលនិធិពីការលក់សំបុត្រ។ រាល់អតិថិជន ដែលទិញសំបុត្រចូលទស្សនាទាំងអស់ នឹងក្លាយសមាជិកគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា។ សាធារណរជន ក៏អាចបរិច្ចាគបន្ថែមទៀត តាមរយៈការទិញសម្ភារផ្សេងៗក្នុងការប្រគំតន្ត្រីនេះផងដែរ។
ក្នុងនាមជាអ្នកផ្តួចផ្តើមកម្មវិធីប្រគំតន្ត្រីនេះ ក្រុមហ៊ុន Smart រួមជាមួយនឹងដៃគូសហការជាច្រើនទៀត បានរ៉ាប់រងរាល់ការចំណាយទាំងអស់ ដែលមានចំនួនមិនតិចជាង ១០០,០០០ ដុល្លារឡើយសម្រាប់ការរៀបចំការប្រគំតន្ត្រី ក៏ដូចជាការបង្កើតយុទ្ធនាការស្វែងយល់បន្ថែម ដើម្បីបង្កើនការបរិច្ចាគជាសាធារណៈ សម្រាប់មូលនិធិនេះ។
(អត្ថបទពាណជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com