ជាតិ
សាលា «​សេ​អា​មេ​ត្រ‍ី​» ព្យាយាម​កែប្រែ​គុណភាព​អប់រំ​កុមារ​នៅ​កម្ពុជា​
16, Dec 2019 , 7:59 pm        
រូបភាព
កុមារី ពៅ ធារី និង ចាន់ រីហ្សា ធ្លាប់រៀននៅសាលារដ្ឋ។ កាលពី​ប៉ុន្មាន​ឆ្នាំមុន កុមារី​ទាំងពីរ​នាក់​នេះ បាន​ផ្លាស់​មក​រៀន​នៅ​សាលាសេអាមេត្រី។ ឥឡូវនេះ ពួកគេ​មាន​ភាពជឿជាក់​ក្នុងការ​និយាយ​ភាសា​អង់គ្លេស ដោយ​ទទួល​បាន​ការអប់រំពី​គ្រូបង្រៀន​នៅ​សាលា​សេអាមេត្រី។ (រិទ្ធី ឧត្តម/VOA)
កុមារី ពៅ ធារី និង ចាន់ រីហ្សា ធ្លាប់រៀននៅសាលារដ្ឋ។ កាលពី​ប៉ុន្មាន​ឆ្នាំមុន កុមារី​ទាំងពីរ​នាក់​នេះ បាន​ផ្លាស់​មក​រៀន​នៅ​សាលាសេអាមេត្រី។ ឥឡូវនេះ ពួកគេ​មាន​ភាពជឿជាក់​ក្នុងការ​និយាយ​ភាសា​អង់គ្លេស ដោយ​ទទួល​បាន​ការអប់រំពី​គ្រូបង្រៀន​នៅ​សាលា​សេអាមេត្រី។ (រិទ្ធី ឧត្តម/VOA)
ដោយ: VOA
​ខេត្តតាកែវ ៖ មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​រមណីយដ្ឋាន​ទន្លេបាទី​ក្នុង​ឃុំ​ព្រែករកា ខេត្តតាកែវ សាលា​សេ​អា​មេត្រី​មាន​សភាព​អ៊ូអរ​ដោយសារ​សកម្មភាព​រប​ស់​ក្មេង​រាប់សិប​នាក់​កំពុង​លេង​នៅក្នុង​អាង​ហែល​ទឹក កន្លែង​កម្សាន្ត លេង​កីឡា និង​អាន​លឺៗ​ពី​ក្នុង​ថ្នាក់រៀន​។​

 
​នៅ​ជាន់​ខាងលើ​ក្នុងផ្ទះ​ឈើ​មួយ​ដែលមាន​លឺ​សំឡេង​រំភើប​រីករាយ​របស់​ក្មេងៗ​ដែល​កំពុង​លេង​ខាងក្រោម ស្ថាបនិក​នៃ​អង្គការ​នេះ​គឺ​លោកស្រី ស្វាយ មួយ ដែលមាន​អាយុ ៧២​ឆ្នាំ កំពុង​អង្គុយ​លើ​កៅអី រៀបរាប់​ពី​ប្រវត្តិ​ដែល​លោកស្រី​បានមក​សាងសង់​ទីធ្លា​បៃតង និង​សាលា​ដ៏​ធំ​ទូលាយ​នេះ​។​
 
​លោកស្រី​បាន​រំលឹក​ឡើងវិញ​នូវ​អារម្មណ៍​ភ្ញាក់ផ្អើល​របស់លោក​ស្រី​និង​ស្វាមី​លោកស្រី​នៅពេលដែល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ក្នុងអំឡុង​ឆ្នាំ​១៩៩០ ដោយ​នៅពេលនោះ​លោកស្រី បានឃើញ​ការបំផ្លិចបំផ្លាញ​ក្នុងសង្គម​ដែល​បាន​បន្សល់ទុក​ដោយ​សង្គ្រាម និង​របប​ខ្មែរក្រហម​។​
 
​លោកស្រី និង​ស្វាមី​បាន​ស្វែងរក​ឱកាស​ជាច្រើន​ឆ្នាំ​ដើម្បី​ត្រឡប់​ពី​ប្រទេស​បារាំង មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ជួយ​កសាង​ប្រទេស​ឡើងវិញ​។ ក្នុងអំឡុងពេល​នៃ​ការ​មកលេង​របស់​អ្នក​ទាំងពីរ ពួកគេ​មានការ​ខូចចិត្ត​យ៉ាងខ្លាំង​ដោយសារ​បានឃើញ​ស្ថានភាព​របស់​កុមារ​កម្ពុជា មិន​ថា​កង្វះ​នូវ​ការអប់រំ​សម្រាប់​ក្មេង​តាម​ចិញ្ចើមថ្នល់ ហើយ​សម្រាប់​ក្មេង​ដែល​បាន​ចូលរៀន​ត្រូវ​ប្រជ្រៀត​គ្នា​នៅក្នុង​បន្ទប់រៀន​ដែល​គ្មាន​បរិក្ខារ និង​សម្ភារ​:​គ្រប់គ្រាន់​។​
 
​លោកស្រី មួយ បាន​ប្រាប់ VOA​ថា​៖
 
«​មាន​ក្មេង​ក្រីក្រ ហើយ​មាន​អាកប្បកិរិយា​មិន​សមរម្យ​ច្រើនណាស់​ដែល​ខ្ញុំ​បាន​ជួប​។ មួយចំនួន​រៀន​ដល់​ថ្នាក់​ទី ៨ ហើយ​មិន​ទាំង​ចេះ​រាប់ ក ខ គ ឃ ត្រឹមត្រូវ​ផង​។ ឪពុកម្ដាយ​របស់​ពួកគេ​ហាក់ដូចជា​អស់សង្ឃឹម​ហើយ​»​។​
 
​លោកស្រី​គិតថា​ការអប់រំ​នៅ​ប្រទេស​កម្ពុជា​នៅមាន​ការខ្វះខាត​ច្រើន ហើយ​លោកស្រី​ចង់​បង្កើតអោយមាន​ការអប់រំ​ដែលមាន​គុណភាព ដោយ​ជឿថា​កុមារ​ទាំងអស់​ត្រូវការ​បរិយាកាស​សេរី​និង​ធនធាន​គ្រប់គ្រាន់​ដើម្បី​ធ្វើឱ្យ​ពួកគេ​ចង់ដឹង​ចង់​យល់​។​


លោកស្រី ស្វាយ មួយ ដែល​ជា​អ្នក​អប់រំ​កម្រិត​សិក្សា​ថ្នាក់​មត្តេយ្យ និង​ជា​ស្ថាបនិក​នៃ​សាលា​សេអាមេត្រី សង្ឃឹម​ថា ការងារ​របស់​លោកស្រី​ត្រូវ​បាន​គេ​យក​ជាគំរូ​ដើម្បី​អភិវឌ្ឍ​កម្មវិធី​សិក្សាមត្តេយ្យ​ដែល​មាន​ប្រសិទ្ធិភាព។ (រិទ្ធី ឧត្តម/VOA)


សារមន្ទីរ​សេអាមេត្រី ដាក់​តាំង​ស្នាដៃ​សិល្បៈ​របស់​លោក យូ ឃិន ដែល​ជា​ស្វាមី​របស់​លោកស្រី ស្វាយ មួយ ដែល​ស្នាដៃ​ទាំងនោះ​ឆ្លុះ​បញ្ចាំង​នូវ​បទពិសោធន៍​របស់​លោក​ដែល​បាន​រស់នៅ​ប្រទេស​កម្ពុជា អឺរ៉ុប និង​អាហ្វ្រិក។ (រិទ្ធី ឧត្តម/VOA) 
 
​ការអប់រំ​បាន​ផ្លាស់ប្ដូរ​ជីវិត​ខ្ញុំ​
​ប្ដី​ប្រពន្ធ​មួយគូ​នេះ បានគេច​ផុតពី​សង្គ្រាម និង​របប​ខ្មែរក្រហម​ដោយសារ​ពួកគេ​បានទទួល​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​នៅ​ដើម​ទសវត្ស​១៩៧០​។ លោកស្រី មួយ បាន​ទៅ​រៀន​បន្ត​ថ្នាក់អនុបណ្ឌិត​ផ្នែក​ភាសា​បារាំង​។ ក្រោយពី​បញ្ចប់​ការសិក្សា លោកស្រី បាន​ទៅ​បង្រៀន​ភាសា​បារាំង​នៅតាម​ប្រទេស​ផ្សេងៗ រីឯ​ស្វាមី​របស់លោក​ស្រី ធ្វើការ​ជា​ស្ថាបត្យករ​។​
 
​សមាជិកគ្រួសារ​ជាច្រើន​របស់​ពួកគេ បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​។​
 
​លោកស្រី មួយ បាន​និយាយថា ការអប់រំ​បាន​ជួយ​ដល់​លោកស្រី ដូច្នេះ​លោកស្រី​ចង់​ផ្ដល់​ការអប់រំ​ដល់​កុមារ​ក្រីក្រ​វិញ​។​
 
​នៅ​ឆ្នាំ​២០០៣ បន្ទាប់ពី​សន្សំ​ថវិកា​បាន​សមល្មម​គួបផ្សំ​និង​ការរៀបចំ​ផែនការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា ពួកគេ​បាន​ទិញ​ផ្ទះមួយ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ដើម្បី​បង្កើត​សាលា​ម​ត្តេ​យ្យ និង​បឋម​ឥតគិតថ្លៃ​មួយ​សម្រាប់​កុមារ​ក្រីក្រ​។ កម្មវិធីសិក្សា​ពេលនោះ មាន​រួមបញ្ចូល​ភាសា​អង់គ្លេស បារាំង តន្ត្រី និង​កីឡា​ផងដែរ​។​
 
​លោកស្រី​បាន​ជួល​ផ្ទះ​ដែល​នៅជាប់​ផ្ទះ​ដែល​លោកស្រី​យកមក​ធ្វើ​សាលា​នោះ​ដើម្បី​ពង្រីក​ទីធ្លា​សាលារៀន​អោយ​កាន់តែ​ធំ​។​
 
​បន្ទាប់ពី​ស្វាមី​របស់លោក​ស្រី​បាន​ស្លាប់​នៅ​ឆ្នាំ ២០០៩ លោកស្រី បានប្រែក្លាយ​ផ្ទះ​ដែលជា​សាលា​នោះ​អោយទៅជា​ផ្ទះសំណាក់​មួយ​ដែល​ដាក់ឈ្មោះ​តាម​ស្វាមី​លោកស្រី​ថា យូ ឃិន ដើម្បី​ទូទាត់​ចំណាយ​លើ​សាលា​ដែល​មិន​រកប្រាក់​ចំណេញ​នេះ​។​
 
​ក្នុង​ឆ្នាំ ២០១៣ នៅពេលដែល​ថ្លៃឈ្នួល​ផ្ទះ​ឡើងថ្លៃ​ខ្លាំង​នៅក្នុង​រាជធានី លោកស្រី​បានសម្រេច​ចិត្ត​ផ្លាស់ប្ដូរ​ទីតាំង​សាលា​ទៅ​ដី​មួយកន្លែង​ដែល​លោកស្រី​បាន​ទិញ​ទុក​នៅ​ទល់មុខ​ទន្លេបាទី ដើម្បី​បង្កើត​មណ្ឌលកុមារ​សេ​អា​មេត្រី​ដែល​ស្ថិតក្នុង​សង្កាត់​ព្រែករកា ចម្ងាយ​ប្រមាណ ៣០ គីឡូម៉ែត្រ​ខាងត្បូង​រាជធានី​ភ្នំពេញ​។​
 
​លោកស្រី មួយ បាន​ពន្យល់ថា​បច្ចុប្បន្ន​នេះ​កុមារ​ក្រីក្រ​ប្រមាណ ១៨៨​នាក់​មកពី​ឃុំ​ផ្សេងៗ​នៅក្នុង​តំបន់ បាន​ចូលរៀន​នៅ​សាលា​នេះ ហើយ​ប្រហែល​ពាក់កណ្ដាល​នៃ​សិស្ស​ទាំងអស់​ដែលមាន​ជីវភាព​គ្រាន់បើ ស្ម័គ្រចិត្ត​បង់ប្រាក់​ប្រចាំខែ​ប្រហែល ៣០ ដុល្លារ ដើម្បី​ចូលរួម​ផ្គត់ផ្គង់​សាលា​។​


កុមារតូចៗ​រង់ចាំ​ឡើង​អាន​តួ​អក្សរ​ភាសា​អង់គ្លេស​ក្នុង​ម៉ោង​រៀន​ភាសា​អង់គ្លេស​មួយ នៅ​សាលា​សេអាមេត្រី នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ​២០១៩។ (រិទ្ធី ឧត្តម/VOA)


កុមារីតូចៗលេងឧបករណ៍តន្ត្រីហ្គីតាយ៉ាងស្ទាត់ជំនាញ និងច្រៀងតាមបទល្បីៗ នៅសាលា​សេអាមេត្រី នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ​២០១៩។ (រិទ្ធី ឧត្តម/VOA)
 
​ការ​រៃអង្គាសប្រាក់​ដ៏​ជោគជ័យ​
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំក្រោយ ប្រតិបត្តិការ​របស់​សាលា​ក៏​ចេះតែ​រីកធំឡើងៗ ខណៈដែល​លោកស្រី​ប្រើប្រាស់​ប្រាក់ចំណូល​ពី​ផ្ទះសំណាក់​របស់លោក​ស្រី ការបរិច្ចាគ​ពី​សប្បុរសជន និង​ភ្ញៀវ ក៏ដូចជា​ថវិកា​ដែល​លោកស្រី​រៃអង្គាស​ពី​វេទិកា​រៃអង្គាស​តាម​បណ្ដាញ​អ៊ីនធឺណិត​ហៅថា Indiegogo Crowdfunding​។​
 
«​ខ្ញុំ​មិនសូវ​ចេះ​ប្រើ​បច្ចេកវិទ្យា​ទេ ប៉ុន្តែ​ខ្ញុំ​ចេះ​ធ្វើៗ​ទៅ រហូត​ទាល់តែ​យើង​រៃអង្គាស​បាន ២​ម៉ឺន​ដុល្លារ​។ ខ្ញុំ​រំភើប​ខ្លាំងណាស់​»​។ នេះ​គឺជា​ចំនួន​ទឹកប្រាក់​ដែល​លោកស្រី រៃអង្គាស​បាន​ពី​ការសាកល្បង​លើកដំបូង​។ លោកស្រី​បាន​បន្ថែមថា​ជា​សរុប​លោកស្រី​រៃអង្គាស​បាន​ច្រើនជាង ៦០.០០០ ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​បន្តបន្ទាប់​ចុងក្រោយ​នេះ​។​
 
​បច្ចុប្បន្ន​មណ្ឌល​នេះ មាន​គ្រូ​ចំនួន ១៩ នាក់​រួមទាំង​អ្នកស្ម័គ្រចិត្ត​បរទេស​មួយចំនួន​ផងដែរ​។ មណ្ឌល​នេះ​មាន​បន្ទប់រៀន​ចំនួន ១៤ ដែល​រួមមាន បណ្ណាល័យ បន្ទប់​កុំព្យូទ័រ និង​កន្លែង​ដាក់តាំង​បង្ហាញ​សិល្បៈ​ស្នាដៃ​ស្វាមី​លោកស្រី ព្រមទាំង​អាង​ហែល​ទឹក​បី ទីធ្លា​បាល់ទាត់ និង​កន្លែង​ដែលមាន​សម្ភារ​:​លេង​កីឡា និង​សកម្មភាព​ផ្សេងៗ​ផងដែរ​។​
 
​មណ្ឌល​នេះ ក៏​ស្វាគមន៍​ភ្ញៀវទេសចរ​ដែល​ភាគច្រើន​ជា​អ្នករស់នៅ​ទីក្រុង​ដែលមាន​បំណង​ចង់​គេច​ពី​ភាពវឹកវរ​និង​ភាព​អ៊ូអរ​នៃ​ទីក្រុង​ភ្នំពេញ​ផងដែរ​។ ពួកគេ​អាច​បន្ធូរ​អារម្មណ៍​នៅលើ​ច្រាំង​បឹង​ដែលមាន​កន្លែង​អង្គុយ​ជា​កញ្ចុះ​ដោយ​គ្រាន់តែ​បង់ថ្លៃ​បន្តិចបន្តួច​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ទ្រទ្រង់​ដល់​ការអប់រំ​របស់​កុមារ​ដែល​រៀន​នៅ​មណ្ឌល​។​
 
​ជម្រើស​ល្អប្រសើរ​ក្នុងការ​សិក្សា​របស់​កុមារ​
​រាត្រី​ដែលជា​គ្រូ​ម្នាក់​ដែល​បង្រៀន​នៅ​សាលា​នេះ ហើយ​ធ្លាប់​បានទទួល​ការអប់រំ​នៅ​សាលា​សេ​អា​មេត្រី​តាំងពី​ពេលដែល​សាលា​នេះ​ស្ថិតនៅ​រាជធានី​ភ្នំពេញ​។ លោក​បាន​និយាយថា​៖ «​វា​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់ខ្ញុំ​»​។​
 
​រាត្រី​គិតថា ការអប់រំ​តាមបែប​ម៉ុ​ន​តេស​សូ​រី ដែលមាន​សកម្មភាព​ក្រៅ​កម្មវិធីសិក្សា និង​ការរស់នៅ​ផ្ទាល់​ជាប់​នឹង​បរិស្ថាន​ផ្ដល់នូវ​បរិយាកាស​ល្អ​សម្រាប់​ការអភិវឌ្ឍ​របស់​កុមារ​។​
 
«​ខ្ញុំ​គិតថា​វា​ប្រសើរ​ជាង​នេះ​ពីព្រោះ​ក្មេង​អាច​សិក្សា​បាន​ប្រសើរ​។ យើង​មាន​ពេលវេលា​លេង​កីឡា និង​ពេលវេលា​សិក្សា​។ ដូច្នេះ​ក្មេងៗ មិនសូវ​ធុញ​នឹង​មក​រៀន​ឡើយ​។ នៅ​សាលា​រដ្ឋ​យើង​មាន​ពេល​សម្រាក​តែ​១៥​នាទី​ប៉ុណ្ណោះ​»​។​
 
​លោក​បាន​បន្ថែមថា​កុមារ​នៅ​សេ​អា​មេត្រី ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​រៀន​ទាំង​ក្នុង​និង​ក្រៅ​ថ្នាក់រៀន​។​
 
«​នៅទីនេះ យើង​ត្រូវបាន​បង្រៀន​ពី​ភាពខុសគ្នា​នៃ​វប្បធម៌​និង​វិន័យ​។ យើង​រៀន​ពីគ្នា​ទៅវិញទៅមក​ជាមួយ​ធម្មជាតិ​ហើយ​បង្កើតឱ្យមាន​សេចក្ដីស្រឡាញ់​ដល់​បរិស្ថាន​»​។​
 
​លោក ឈឹម ម៉ន អាយុ​៦៤​ឆ្នាំ ដែលជា​មេឃុំ​ព្រែករកា បាន​និយាយថា​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​របស់លោក​ពិតជា​រីករាយ​ណាស់​ដែល​សាលា​តាំងទី​នៅទីនេះ​ដោយ​បន្ថែមថា​ចៅ​របស់លោក​៣ នាក់ ក៏បាន​ចុះឈ្មោះ​ចូលរៀន​នៅ​សាលា​នេះ​ផងដែរ​។​
 
​លោក​បាន​និយាយថា​៖
 
 
«​សាលា​បង្កើត​បរិយាកាស​ទាក់ទាញ​សម្រាប់​កុមារ​ក្នុងការ​រៀនសូត្រ​ហើយ​ពួកគេ​ជួល​គ្រូ​ចំណានៗ​ដើម្បី​បង្រៀន​ក្មេងៗ​» ។​


កូន​សិស្ស​អាច​ហាត់​សម និង​លេង​កីឡា​បាល់ទាត់​នៅ​ទីធ្លា​សម្រាប់​កីឡា​បាល់ទាត់​ដ៏​ធំ​មួយ​នៅ​សាលា​សេអាមេត្រី​បីដង​ក្នុង​មួយ​ថ្ងៃ។ រូបនេះ​បង្ហាញ​ការ​ប្រកួត​មិត្តភាព​មួយ ដែល​លេង​ដោយ​ក្រុម​កុមារ និង​គ្រូបង្រៀន​ស្ម័គ្រ​ចិត្ត​បរទេស កាលពី​ថ្ងៃ២៤ ខែ​កញ្ញា ឆ្នាំ​២០១៩។ (រិទ្ធី ឧត្តម/VOA)


កុមារតូចៗ​ដែល​ជា​សិស្ស​សាលា​ផង និង​អ្នក​មក​កំសាន្ត​ផង កំពុង​លេង​ក្នុង​អាង​ទឹក​រាក់​មួយ​នៃ​សាលា​សេអាមេត្រី នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ​២០១៩។ (រិទ្ធី ឧត្តម/VOA)
 
​ប្រជាជន​កម្ពុជា​ក៏​អាចធ្វើ​បានដែរ​
​ទន្ទឹមនឹងនេះ​លោកស្រី មួយ នៅតែមាន​មហិច្ឆតា ហើយ​គ្រោង​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ដែល​បង់ថ្លៃ​សេវា​បន្ថែមទៀត​ដើម្បី​ពង្រីក​ថ្នាក់​អោយ​លើសពី​ថ្នាក់​ទី​៦ និង​បង្កើត​អនុវិទ្យាល័យ​បន្ថែមទៀត​។​
 
​លោកស្រី​បាន​និយាយថា​៖
 
«​នៅពេលដែល​យើង​កែលម្អ​មជ្ឈមណ្ឌល​កម្សាន្ត​របស់​យើង​ពេញលេញ យើង​នឹង​ចាប់ផ្ដើម​ផ្សព្វផ្សាយ​មជ្ឈមណ្ឌល​នេះ​ដល់​ប្រជាជន​និង​ប្រើប្រាស់​ប្រាក់ចំណូល​ដើម្បី​ពង្រីក​ថ្នាក់​របស់​យើង​ដល់​ថ្នាក់​ទី​១២»​។​
 
​លោកស្រី​បន្ថែមថា​ខណៈដែល​អ្វីៗ​បាន​ប្រសើរឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វា​នៅតែមាន​តម្រូវការ​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុងការ​បង្កើត​ប្រព័ន្ធ​អប់រំ​ដែល​ប្រកបដោយ​គុណភាព​ដែល​រៀបចំឡើង​ដោយ​ប្រជាជន​កម្ពុជា​ខ្លួនឯង​។​
 
«​គោលដៅ​ធំ​របស់ខ្ញុំ​គឺ​បង្ហាញ​ដល់​ប្រជាជន​ជាពិសេស​ជនបរទេស​ថា​ប្រជាជន​កម្ពុជា​ក៏​អាចធ្វើ​បានដែរ​។​នៅពេល​ពួកគេ​មកដល់​ប្រទេស​កម្ពុជា​ពួកគេ​អាច​មើលឃើញ​សាលារៀន​ល្អ​ដូចជា​សាលារៀន​ដែល​ពួកគេ​មាន​ក្នុងប្រទេស​កំណើត​របស់​ពួកគេ មិន​មែនមាន​ត្រឹមតែ​ថ្នាក់រៀន ហើយ​គ្មានអ្វី​ផ្សេងទៀត​នោះទេ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com