សាច់ជាអាហារមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន B ជាតិដែក និងស័ង្កសី ព្រមទាំងសារធាតុចិញ្ចឹមផ្សេងទៀតដែលជួយក្នុងការរក្សាបាននូវសុខភាពរឹងមាំប្រសើរ។ទោះបីជាសាច់មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនក៏ដោយ ក៏មិនមែនមានន័យថា វាអាចផ្គត់ផ្គង់នូវសារធាតុចិញ្ចឹមគ្រប់ប្រភេទពេញលេញដែលរាងកាយត្រូវការចាំបាច់រៀងរាល់ថ្ងៃបានដែរ។ អ្នកគួរចាំថា របបអាហារដែលផ្សំឡើងពីប្រភេទនៃអាហារខុសៗគ្នាទើបអាចផ្ដល់នូវសារធាតុចិញ្ចឹមល្អៗច្រើនប្រភេទផ្សេងៗគ្នា។ ហើយថាតើអ្នកធ្លាប់ឆ្ងល់ទេថា ការទទួលទានតែសាច់សុទ្ធជាអាហារប្រចាំថ្ងៃនឹងផ្ដល់ផលល្អ ឬអាក្រក់ចំពោះសុខភាព?
ថ្ងៃនេះយើង នឹងបង្ហាញអោយដឹងពីអ្វីដែលកើតឡើងនៅពេលអ្នកទទួលទានតែសាច់សុទ្ធជាអាហារប្រចាំថ្ងៃ ៖
១. កង្វះអាហារូបត្ថម្ភ
សាច់ គឺមិនមានផ្ទុកនូវសារធាតុចិញ្ចឹមទាំងអស់ដែលរាងកាយត្រូវការចាំបាច់ដើម្បីរក្សាបាននូវរូបរាង និងសុខភាពល្អប្រសើរឡើយ។ ភាគច្រើននៃសាច់ គឺមានផ្ទុកសម្បូរតែជាតិប្រូតេអ៊ីន ជាតិដែក ម៉ាញ៉េស្យូម វីតាមីន B និងវីតាមីន D ប៉ុណ្ណោះ។ ដូច្នេះហើយទើបការទទួលទានតែសាច់ជាអាហារប្រចាំថ្ងៃនឹងធ្វើអោយអ្នកជួបប្រទះនូវបញ្ហាកង្វះអាហារូបត្ថម្ភ។ នៅមានបញ្ហាមួយចំនួនផ្សេងទៀតដែលអាចនឹងកើតឡើងចំពោះអ្នក នៅពេលរាងកាយមិនទទួលបានសារធាតុចិញ្ចឹមចាំបាច់គ្រប់គ្រាន់ ហើយភាគច្រើននៃបញ្ហាទាំងនោះ គឺគួរអោយព្រួយបារម្ភណាស់។
២. ប្រព័ន្ធភាពស៊ាំចុះខ្សោយ
នោះក៏ព្រោះតែសាច់គ្មានផ្ទុកនូវវីតាមីន C ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតមួយជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប្រឆាំងនឹងមេរោគឆ្លងផ្សេងៗ។
៣. ឡើងទម្ងន់
សាច់ភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិកាឡូរីខ្ពស់ ហើយប្រសិនបើអ្នកចូលចិត្តទទួលទានសាច់ខ្លាញ់ និងមិនសូវជាធ្វើលំហាត់ប្រាណទៀងទាត់ទៀតនោះវាគ្មានអ្វីគួរអោយភ្ញាក់ផ្អើលឡើយដែលអ្នកនឹងត្រូវកើនទម្ងន់ខ្លាំងឆាប់រហ័ស។
៤. ទល់លាមក
ប្រភពដ៏ប្រសើរបំផុតនៃជាតិសសៃដែលរាងកាយត្រូវការដើម្បីរក្សាបាននូវចលនាពោះវៀនល្អប្រសើរជៀសផុតពីបញ្ហាទល់លាមកនោះ គឺបន្លែ និងផ្លែឈើ។ សាច់គ្មានផ្ទុកជាតិសសៃឡើយ! នេះហើយជាមូលហេតុដែលអ្នកនឹងត្រូវជួបប្រទះអាការៈទល់លាមក ប្រសិនបើអ្នកមិនទទួលទានអ្វីផ្សេងសោះក្រៅពីសាច់។
៥. ជំងឺបេះដូង
ការទទួលទានសាច់ច្រើនអាចបង្កើនកម្រិតកូឡេស្តេរ៉ូលមិនល្អ ព្រមទាំងបញ្ហាសម្ពាធឈាមឡើងខ្ពស់ដែលសុទ្ធសឹងតែជាកត្តាហានិភ័យចម្បងបំផុតនៃជំងឺបេះដូង។
ប្រយ័ត្ន! ការញ៊ាំតែសាច់សុទ្ធមិនរួមបញ្ចូលអ្វីផ្សេងក្នុងរបបអាហារដូចជាបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិជាដើម គឺមិនល្អសោះឡើយសម្រាប់សុខភាពពិសេសប្រសិនបើអ្នកកំពុងមានផ្ទៃពោះ កំឡុងពេលបំបៅដោះកូន ឬស្ថិតក្រោមស្ថានភាពនៃជំងឺណាមួយ។ ប្រសិនបើអ្នកចង់ទទួលទានតែសាច់ ចូរប្រាកដថាអ្នកបានពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាមុន៕
ត្រួតពិនិត្យដោយ www.health.com.kh