កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានសហការជាមួយ គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តក្រចេះ រៀបចំសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ និងលោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ នៃគណៈកម្មការមូលបត្រកម្ពុជា។
ខេត្តក្រចេះ ជាគោលដៅទី១៣ នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ដែលធ្វើឡើងក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»។ សិក្ខាសាលាតាមបណ្ដាខេត្តនេះមានគោលបំណងចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ បទប្បញ្ញត្តិ និងឱកាសវិនិយោគដល់សាធារណជននៅទូទាំងកម្ពុជា។
លោក ជា បុល្លិកា បានផ្ដល់មតិស្វាគមន៍ក្នុងសិក្ខាសាលានៅខេត្តក្រចេះនេះ ហើយបានបង្ហាញពីស្ថានភាពបច្ចុប្បន្ន នៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។ លោក បុល្លិកា ក៏បានលើកទឹកចិត្ត ឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់ សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
បន្ទាប់មក លោក ប៉ែន លីណាត បានផ្ដល់កិត្តិយសប្រកាសបើកកម្មវិធីសិក្ខាសាលាជាផ្លូវការ និងបានលើកឡើងពីសក្ដានុពលនៃខេត្តក្រចេះ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ដែលស្ដែងឱ្យឃើញតាមរយៈ ការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យកម្ពុជា បាន និងកំពុងមានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ តាមរយៈសិក្ខាសាលានេះ លោក ប៉ែន លីណាត ក៏រំពឹងដែរថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបង្ហាញពីក្ដីរំពឹងខ្ពស់របស់លោក ទៅលើសិក្ខាសាលាតាមបណ្ដាខេត្ត និងជឿជាក់ថាវានឹងផ្ដល់អត្ថប្រយោជន៍ច្រើន ដល់វិនិយោគិនដែលវិនិយោគ លើផលិតផលឧបករណ៍និស្សន្ទ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ លោក Lawrence Kook ក៏បានប្ដេជ្ញាអភិវឌ្ឍន៍ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ និងមានការទទួលស្គាល់នៅទូទាំងពិភពលោក។
លោក Lawrence បាននិយាយថា៖ «ត្រឹមសប្ដាហ៍ទី១ នៃឆ្នាំ២០២០ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា នឹងធ្វើដំណើរ និងផ្ដល់ចំណេះ ជំនាញវិនិយោគដល់សាធារណជននៅគ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា។ នេះគឺជាប្រវត្តិសាស្ត្រដំបូង និងគួរឱ្យចាប់អារម្មណ៍មួយនៅកម្ពុជា។ មិនតែប៉ុណ្ណោះ យើងនឹងបន្តផ្សព្វផ្សាយអំពីប្រទេសកម្ពុជា និងទាក់ទាញវិនិយោគិនបរទេស ឱ្យមកវិនិយោគក្នុងដែនដីសុវណ្ណភូមិនេះ។ ហើយវាគឺជាអ្វី ដែលយើងបានធ្វើនៅពិព័រណ៍ London Summit 2019 នៅប្រទេសអង់គ្លេសនាពេលថ្មីៗនេះ»។
គិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តនានា រៀបចំសិក្ខាសាលាតាមបណ្ដាខេត្តនៅក្នុងខេត្តចំនួន១៨រួចមកហើយ រួមមាន៖ខេត្តព្រះសីហនុ, កំពង់ចាម, សៀមរាប, បន្ទាយមានជ័យ, បាត់ដំបង , តាកែវ, កំពត, កែប, កំពង់ឆ្នាំង, ពោធិ៍សាត់, ប៉ៃលិន, កណ្ដាល, ព្រៃវែង, ស្វាយរៀង, កំពង់ស្ពឺ ,កោះកុង, ត្បូងឃ្មុំ និងខេត្តក្រចេះ។
នៅលើឆាកអន្តរជាតិវិញ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ធ្លាប់បានចូលរួមពិព័រណ៍ និងព្រឹត្តិការណ៍ហិរញ្ញវត្ថុធំៗ ដូចជា៖ ពិព័រណ៍ iFX Expo ឆ្នាំ២០១៨ នៅប្រទេសសាយប្រឺស ពិព័រណ៍ London Summit ឆ្នាំ២០១៧ ពិព័រណ៍ London Summit ឆ្នាំ២០១៨ ពិព័រណ៍ London Summit ឆ្នាំ២០១៩ នៅចក្រភពអង់គ្លេស និងពិព័រណ៍ iFX Expo Aisa ២០១៩នៅទីក្រុងហុងកុង។ ក្រុមហ៊ុន ក៏មានដៃគូសហការអន្តរជាតិជាច្រើន នៅប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសឥណ្ឌូណេស៊ី ប្រទេសមីយ៉ាន់ម៉ា ទីក្រុងហុងកុង និងទីក្រុងឌូបៃជាដើម។
ប្រសិនបើលោកអ្នក ចង់ដឹងព័ត៌មានបន្ថែម ឬចុះឈ្មោះ ចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំ តាមរយៈគេហទំព័រ www.cdx.com.kh ឬទំព័រហ្វេសប៊ុក Cambodian Derivatives Exchange ឬទូរស័ព្ទមកលេខ 023 22 7777៕
(អត្ថបទពាណិជ្ជកម្ម)