កីឡាជាតិ
ជាតិ
វិសាខា អាចផ្លាស់ប្តូរកីឡាករ និងគ្រូបង្វឹកជាមួយក្លិបលីគកំពូលជប៉ុន Yokohama រូបភាពពីទំព័រហ្វេសប៊ុកក្លិបបាល់ទាត់ក្លិបវិសាខា
× ក្លិបបាល់ទាត់វិសាខា អាចផ្លាស់ប្តូរកីឡាករ គ្រូបង្វឹក ជាមួយក្លិបលីគកំពូលជប៉ុន(J1-League) Yokohama FC ចាប់ពីរដូវកាលឆ្នាំ២០២០។ នេះបើយោងតាមការប្រកាសរបស់ ក្លិបវិសាខា នៅលើទំព័រហ្វេសប៊ុកខ្លួន នៅថ្ងៃទី១៦ ខែធ្នូនេះ។
ការអាចផ្លាស់ប្តូរកីឡាករ និងគ្រូបង្វឹកនេះ ធ្វើឡើងបន្ទាប់ពីក្លិបវិសាខា បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្លិបលីគកំពូលជប៉ុន Yokohama FC កាលពីថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៩ នៅប្រទេសជប៉ុន ក្រោមវត្តមាន លោកស្រី កែ សួនសុភី ប្រធានក្លិបបាល់ទាត់វិសាខា និងលោក Onodera Hiroshi ប្រធានក្លិបបាល់ទាត់ Yokohama FC។ ដ្បិតក្លិបវិសាខា មិនបានបញ្ជាក់លម្អិតពីសុពលភាពនៃ MOU នេះ ប៉ុន្តែ វិសាខា អះអាងថា ការពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន (KHJP) និងពង្រឹកកិច្ចសហប្រតិបត្តិការ គឺសំដៅជំរុញការអភិវឌ្ឍ រវាងក្លិបទាំងពីរឲ្យកាន់តែរីកចម្រើន ហើយក៏ជាគោលបំណងនៃការចុះ MOU នេះដែរ។
Yokohama FC ជាក្លិបក្របខណ្ឌទី២របស់ជប៉ុន ដែលទើបទទួលបានកៅអីឡើងទៅលេងនៅ J1-League នៅឆ្នាំ២០២០ បន្ទាប់ពីពួកគេ ទទួលបានជើងឯករងក្នុងការប្រកួតដណ្តើមពានរង្វាន់ J2-League ប្រចាំឆ្នាំ២០១៩។ ចំណែកវិសាខា ជាក្លិបជើងឯករង ពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ប្រចាំឆ្នាំ២០១៩៕
Tag:
បាល់ទាត់
វិសាខា
ស សុខា
Yokohama
© រក្សាសិទ្ធិដោយ thmeythmey.com