ជាតិ
នយោបាយជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា៖ កុំច្រឡំថា ការធ្វើសមយុទ្ធ គឺវៀតណាមឈ្លានពាន មន្រ្តីកម្ពុជា-វៀតណាម ចុះពិនិត្យទីតាំងធ្វើសមយុទ្ធ (រូបពីរដ្ឋបាលខេត្តស្វាយរៀង)
× គម្រោងធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានធ្វើឲ្យមជ្ឈដ្ឋានខ្លះ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម មានក្តីបារម្ភ។ ពួកគេ ខ្លាចក្រែងថា វា មិនមែនគ្រាន់តែជាការធ្វើសមយុទ្ធ ពោលគឺ វៀតណាម អាចនឹងឈ្លានពានកម្ពុជា ដោយប្រការណាមួយ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បំភ្លឺថា ការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជា-វៀតណាម គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហានានាតាមព្រំដែន និងការជួយសង្គ្រោះប្រជាជននៃប្រទេសទាំងពីរ ពេលជួបគ្រោះមហន្តរាយផ្សេងៗ។ សម្តេចនាយករដ្ឋមន្ត្រី អះអាងថា សមយុទ្ធនេះ គឺជាគំនិតផ្តួចផ្តើមផ្ទាល់របស់សម្តេច។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី១៦ ខែធ្នូ ប្រមុខរដ្ឋាភិបាលកម្ពុជា បញ្ជាក់ដូច្នេះថា៖«ព្រំដែនយើង គឺនៅតែជាព្រំដែន គ្រាន់តែនេះជាការរួមគ្នាដើម្បីដោះស្រាយបញ្ហា។ កុំឲ្យមានការភាន់ច្រឡំថា វៀតណាមឈ្លានពាន ឬថៃឈ្លានពាន ឬក៏ឡាវ ឈ្លានពាន...»។
ប្រមុខរដ្ឋាភិបាល បន្តថា មិនមែនតែជាមួយវៀតណាមទេ កន្លងមក កម្ពុជា ក៏ធ្លាប់ធ្វើសមយុទ្ធជាមួយប្រទេសដទៃដែរ ដូចជា អាមេរិកនិងចិនជាដើម។ ប្រមុខរដ្ឋាភិបាល ចោទជាសំណួរបែបនេះថា៖«ជាមួយអាមរិក ចិន និងប្រទេសមួយចំនួនទៀត ក៏ធ្លាប់ធ្វើ ហេតុអ្វីយើង មិនអាចធ្វើជាមួយប្រទេសជិតចខាងបាន?»។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសថា ការធ្វើសមយុទ្ធនេះ គឺដើម្បីចែករំលែកបទពិសោធរួមគ្នា និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ នៅពេលមានគ្រោះមហន្តរាយកើតឡើង ដូចជា គ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ និង គ្រោះធម្មជាតិផ្សេងៗទៀត៕
Tag:
កម្ពុជា
វៀតណាម
សមយុទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com