រថយន្ត
អន្តរជាតិ
Mercedes-Benz ពង្រីកប្រតិបត្តិការនៅឥណ្ឌូណេស៊ី ខណៈក្រុមហ៊ុនជាច្រើនដកថយ
× ខណៈដែលក្រុមហ៊ុនយានយន្តបរទេសមួយចំនួនសម្រេចចិត្តចាកចេញពីឥណ្ឌូណេស៊ី បែរជា Mercedes-Benz របស់អាល្លឺម៉ង់ បន្តពង្រីកប្រតិបត្តិការទីផ្សារ និងសាខាផ្នែកលក់របស់ខ្លួននៅក្នុងប្រទេសដ៏សក្តានុពលនៅអាស៊ីអាគ្នេយ៍មួយនេះ។
«សម្រាប់ Mercedes-Benz ឥណ្ឌូណេស៊ី គឺជាទីផ្សារគន្លឹះមួយនាពេលអនាគត ព្រោះទីនោះ មានសក្តានុពលដ៏ធំធេង»។ លោក Choi Duk-jun នាយកផ្នែកចែកចាយនៃក្រុមហ៊ុន Mercedes-Benz ប្រចាំឥណ្ឌូណេស៊ី បានអះអាងយ៉ាងដូច្នេះទៅកាន់អ្នកសារព័ត៌មាននាពិធីសម្ពោធរថយន្តម៉ូដែល SUV ថ្មីនៅរោងចក្រដែលស្ថិតនៅក្រុង Bogor។
ពិធីនៃការសម្ពោធរថយន្ត GLE និង GLC មានការចូលរួមពីសំណាក់លោក Hendrik Berkeling ភារធារីស្ថានទូតអាល្លឺម៉ង់ប្រចាំឥណ្ឌូណេស៊ី និងលោក Dody Widodo មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី។
យោងតាម The Jakarta Post ក្រុមហ៊ុនយានយន្តបរទេសមួយចំនួន បានប្រកាសកាត់បន្ថយសង្វាក់ផលិតកម្មរបស់ខ្លួន និងឈានទៅដល់ការបិទទីផ្សារដោយសារតែអត្រាលក់មានការធ្លាក់ចុះ។ តែផ្ទុយទៅវិញ លោក Choi បានបង្ហាញតួលេខថា Mercedes-Benz លក់រថយន្តបានប្រមាណ៣៥ ០០០គ្រឿងក្នុង១ឆ្នាំនៅឥណ្ឌូណេស៊ី ហើយជឿជាក់ថា ក្រុមហ៊ុននឹងបន្តជោគជ័យដ៏មហិមានារយៈពេល៥០ឆ្នាំខាងមុខ។
ជាមួយនឹងគម្រោងបន្តពង្រីកទីផ្សារនៅឥណ្ឌូណេស៊ី Mercedes-Benz ប្រចាំប្រទេសមួយនេះ បានបញ្ជូនបុគ្គលិកទៅចូលរួមវគ្គបណ្តុះបណ្តាលជាលក្ខណៈអន្តរជាតិនៅឥណ្ឌា និងបណ្តាប្រទេសដទៃទៀតដែលមានរយៈពេល១២សប្តាហ៍។
លោក Hari Arifanto ប្រធានផ្នែកទីផ្សារ និងទំនាក់ទំនងក្រុមហ៊ុន Mercedes-Benz Indonesia បានពន្យល់បន្ថែមថា ការពង្រីកទីផ្សាររថយន្តអេឡិចត្រូនិក (EV) នៅឥណ្ឌូណេស៊ី ក៏ដោយសារតែក្រុមហ៊ុនមានហេដ្ឋារចនាសម្ព័ន្ធរួចស្រេចនៅទីនោះ ជាពិសេសស្ថានីយ៍បញ្ចូលអគ្គិសនីជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com