អន្តរជាតិ
លោក អ៊ែរ​ដូ​ហ្កា​ន់ គំរាម​បិទ​មូលដ្ឋានទ័ព​អាមេរិក​នៅ​តួ​ក​គី ក្រោយ​វ៉ាស៊ីនតោន​គំរាម​ដាក់ទណ្ឌកម្ម​
16, Dec 2019 , 2:39 pm        
រូបភាព
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព AFP
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព AFP
​ប្រធានាធិបតី​តួ​ក​គី រ៉េ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ នៅ​ថ្ងៃទី​១៥ ខែធ្នូ បាន​គំរាម​បិទ​បន្ទាយទ័ព​អាមេរិក​ពីរ​កន្លែង​នៅ​តួ​ក​គី​។ ការ​គំរាម​នេះ ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​គំរាម​ដាក់ទណ្ឌកម្ម​ប្រឆាំង​ទីក្រុង​អង់កា​រ៉ា​ពាក់ព័ន្ធ​ការទិញ​ប្រព័ន្ធ​ការពារ​អាកាស S-400 ពី​រុស្ស៊ី ដែល​ក្រុង​វ៉ាស៊ីនតោន​ចាត់ទុកជា​ការគំរាមកំហែង​លើ​សន្តិសុខ​ណា​តូ​។ ដោយសារ​រឿងនេះ ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​ណា​តូ​ទាំងពីរ​ប្រែ​ទៅជា​ល្អក់កករ​ទៅៗ​។​

 
​សំណុំរឿង​តួ​ក​គី​ទិញ​ខែល​ការពារ S-400 ពី​រុស្ស៊ី នៅតែ​មិនទាន់​ចប់​នៅឡើយ​ទេ​។ អាមេរិក នៅតែ​បន្ត​គំរាម​ដាក់ទណ្ឌកម្ម​លើ​សម្ព័ន្ធមិត្ត​ណា​តូ​មួយ​នេះ​ដដែល បើទោះជា​ប្រព័ន្ធ​ការពារ​មួយ​នេះ ត្រូវបាន​ដឹក​ទៅដល់​ទឹកដី​តួ​ក​គី ហើយ​រដ្ឋាភិបាល​តួ​ក​គី ក៏​ប្រកាស​មិន​បក​ក្រោយ​ក៏ដោយចុះ​។ 
 
​ខណៈ​អាមេរិក​ចេះតែ​ស​ង្ក្រឺ​ត​ធ្មេញ​មិន​ឈប់​នោះ តួ​ក​គី​ក៏​មិន​បន្ទន់ឥរិយាបថ​ដែរ​។ នៅ​ថ្ងៃទី​១៥ ខែធ្នូ ប្រធានាធិបតី​តួ​ក​គី រ៉េ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ ក៏​ព្រមាន​អាមេរិក​វិញ តាមរយៈ​ការបិទ​បន្ទាយទ័ព​អាមេរិក​ពីរ​កន្លែង​ក្នុង​ទឹកដី​តួ​ក​គី​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍​គាំទ្រ​រដ្ឋាភិបាល A Haber លោក អ៊ែរ​ដូ​ហ្កា​ន់ និយាយ​គំរាម​អាមេរិក​ត្រង់ៗ ថា ប្រសិនបើ​ចាំបាច់ យើង​អាច​បិទ​មូលដ្ឋាន Incirlik និង​មូលដ្ឋាន Kurecik តែម្ដង​។ 
 
​បន្ទាយ​ទ័ពអាកាស Incirlik ជា​មូលដ្ឋាន​ដ៏​ធំ​របស់​យោធា​អាមេរិក​នៅ​តួ​ក​គី ដែល​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​ដែនអាកាស​ក​ម្ទេ​ច​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​។ ពី​បន្ទាយ​នេះ យន្តហោះ​អាមេរិក និង​សម្ព័ន្ធមិត្ត​បាន​វាយ​បោសសម្អាត​ក្រុម​ជ្រុលនិយម​មួយ​នេះ​ឲ្យ​បាក់ទ័ព​ខ្ទេចខ្ទី​ដូច​សព្វថ្ងៃ​។ Incirlik ក៏​ជាទី​តាំង​ឃ្លាំង​ផ្ទុក​នុយក្លេអ៊ែរ​អាមេរិក​ប្រមាណ​៩០​គ្រាប់​ផងដែរ​។ ក្រុម​ចំណែក​បន្ទាយ Kurecik ជាទី​តាំង​ប្រព័ន្ធ​រ៉ា​ដា​ដ៏​ធំ​មួយ​របស់​សម្ព័ន្ធ​យោធា​ណា​តូ​។  
 
​មេដឹកនាំ​តួ​ក​គី តែង​គំរាម​បិទ​បន្ទាយទ័ព​អាមេរិក​ទាំងពីរ ក្នុងករណី​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដាក់ទណ្ឌកម្ម​ដោយសារតែ​ការទិញ​ខែល​ការពារ S-400 ពី​រុស្ស៊ី​។ យ៉ាងណាមិញ រឿង​ដាក់ទណ្ឌកម្ម​នេះ នៅ​មិនទាន់​លេច​ជា​រូបរាង​នៅឡើយ​ទេ ខណៈ​ការជជែក​ពី​វិធានការ​ប្រឆាំង​តួ​ក​គី កើតមាន​តាំងពី​តួ​ក​គី​ប្រកា​សទិញ រហូតដល់​ខែល​ការពារ S-400 ត្រូវបាន​បញ្ជូន​ដល់​ទឹកដី​តួ​ក​គី ក៏​នៅតែ​មិនទាន់​ឃើញ​មានការ​ដាក់ទណ្ឌកម្ម​ដ​ដែល​។​
 
​ផែន​ការទិញ​ប្រព័ន្ធ​មី​ស៊ី​ល​រុស្ស៊ី​នេះ ជា​រឿង​ប្រទាំង​ប្រទើស​បំផុត​មួយ​រវាង​តួ​ក​គី និង​សមាជិក​សម្ព័ន្ធ​យោធា​តូ​ផ្សេងទៀត​។ ក្រៅពី​ផលប្រយោជន៍​ផ្នែ​ពាណិជ្ជកម្ម​អាវុធ​នោះ អាមេរិក​ជឿថា ប្រព័ន្ធ​ការពារ S-400 របស់​រុស្ស៊ី គឺ​ប្រើ​មិនត្រូវ​គ្នា​ជាមួយ​យន្តហោះ F-35 ដែល​តួ​ក​គី​ចង់​ទិញ​ពី​អាមេរិក​ដែរនោះ​។ សព្វថ្ងៃ អាមេរិក​បាន​ផ្អាក​គម្រោង​លក់​យន្តហោះ​ស៊េរី​ទំនើប​នេះ​សិន ហើយ​អាច​បន្ត​ទៅមុខ​ក្នុងករណី​តួ​ក​គី​លែង​ទិញ S-400 វិញ​៕ 
 

Tag:
 តួ​ក​គី​
  អាមេរិក​
  S-400
  តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់
© រក្សាសិទ្ធិដោយ thmeythmey.com