ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានបើកបវេសនកាលឆ្នាំថ្មីក្នុងបរិយាកាសដ៏រីករាយ ដោយមានការចូលរួមពីនិស្សិត និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ គ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងការបើកបវេសន កាលឆ្នាំថ្មីនេះដែរ សាកលវិទ្យាល័យ ថែមទាំងបានបើកសម្ពោធមជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិកដ៏ថ្មីសន្លាងមួយ ដើម្បីអនុញ្ញាតឲ្យនិស្សិត អាចសិក្សា និងស្រាវជ្រាវ ក្នុងវិស័យសុខាភិបាល ក៏ដូចជា វិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា បានយ៉ាងទូលំទូលាយទៀតផង។
លោក សាស្ត្រាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានថ្លែងថា៖«ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានស្វាគមន៍អ្នកទាំងអស់គ្នា ក្នុងឆ្នាំសិក្សាថ្មី នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ ឆ្នាំសិក្សាថ្មីរបស់និស្សិតនៃសាកលវិទ្យាល័យ ពិតជាពេលវេលាដ៏មានសារៈសំខាន់បំផុត ដែលនិស្សិតត្រូវអភិវឌ្ឍខ្លួន»។
លោក សាស្រ្តាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ត្រូវបានគេចាត់ទុកថា ជាសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយ ដែលផ្តោតការសិក្សាលើវិស័យសុខាភិបាល តាមរយៈបច្ចេកវិទ្យាព័ត៌មានទំនើប ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សក្នុងផ្នែកនេះ ឲ្យមានកំណើន ស្របតាមសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន និងលើកកម្ពស់សមត្ថភាព និងសីលធម៌ចំពោះនិស្សិតកម្ពុជាគ្រប់រូប។
បើតាម លោកសាស្ត្រាចារ្យ អ៊ាន ហ្វីនលេ បច្ចុប្បន្ន បុគ្គលិក និងថ្នាក់នាំទាំងអស់ របស់សាកលវិទ្យាល័យ បាន និងកំពុងតែប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបណ្តុះបណ្តាល និងគាំទ្រគ្រប់បែបយ៉ាងដល់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំសាកលវិទ្យាល័យ នឹងបន្តគាំទ្រ និងណែនាំនិស្សិត ដើម្បីឲ្យពួកគេទទួលបានជោគជ័យ នៅក្នុងការសិក្សា និងការងារ។ ភាពជោគជ័យរបស់និស្សិត គឺជាភាពជោគជ័យរបស់វិស័យសុខាភិបាល និងជាជោគជ័យរបស់បុគ្គលិក និងថ្នាកដឹកនាំសាកលវិទ្យាល័យពុទ្ធិសាស្ត្រដែរ។
ការបើកបវេសនកាល ដោយមានការចូលរួមពីសំណាក់និស្សិតឆ្នាំមូលដ្ឋាន និងថ្នាក់ដឹកនាំទាំងអស់ របស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានធ្វើឲ្យកម្មវិធីនេះ កាន់តែមានភាពអធិកអធម ស្របពេលដែលមានការបើកសម្ពោធមជ្ឈមណ្ឌលសិក្សាអេឡិចត្រូនិក (E-Learning Center) ថ្មីសន្លាង របស់សាកលវិទ្យាល័យផងដែរ។
លោក សុខ ពុទ្ធីវុធ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានថ្លែងថា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានរៀបចំ E-Learning Center ដើម្បីជួយសម្រួលដល់និស្សិត ក្នុងការស្រាវជ្រាវព័ត៌មាន ដែលមានប្រភពច្បាស់លាស់សម្រាប់ជំនាញរបស់ខ្លួន។
លោក សុខ ពុទ្ធីវុធ បានពន្យល់យ៉ាងដូច្នេះថា៖ «E-Learning Center នឹងពន្យល់ពីការប្រើប្រាស់ប្រព័ន្ធព័ត៌មាន ទាក់ទងនឹងប្រធានបទស្រាវជ្រាវ ដែលមានប្រភពច្បាស់លាស់។ យើងមានគ្រូរង់ចាំពន្យល់នៅនឹងកន្លែង ជាមួយនឹងប្រភព ដែលផ្សារភ្ជាប់ទៅនឹងឯកសារស្រាវជ្រាវ ហើយនិស្សិតគ្រប់រូប នឹងត្រូវបានផ្តល់នូវគណនីអេឡិចត្រូនិក ដើម្បីប្រើប្រាស់កុំព្យូទ័រក្នុងការស្រាវជ្រាវ។ ដូច្នេះអ្វីដែល E-Learning Center បានរៀបចំនេះ គឺប្រមូលផ្តុំគេហទំព័រ ក៏ដូចជាប្រភពព័ត៌មានល្អៗ ដែលអាចឲ្យនិស្សិត ប្រើប្រាស់ ទៅគ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹងការស្រាវជ្រាវរបស់ពួកគេ នៅក្នុងវិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត»។
បើតាម លោក សុខ ពុទ្ធីវុធ បច្ចុប្បន្ន ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានរបស់និស្សិតកម្ពុជាភាគច្រើន ទាំងការអាន និងការស្រាវជ្រាវ នៅមានកម្រិតនៅឡើយ។ ការណ៍នេះ ទើបសាកលវិទ្យាល័យបានបង្កើត E-Learning Center នេះឡើង ដើម្បីឲ្យនិស្សិតបានអង្គុយអាន និងសិក្សាស្រាវជ្រាវដោយខ្លួនឯងបានត្រឹមត្រូវ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ឲ្យទូលំទូលាយថែមទៀត។
គួរបញ្ជាក់ផងដែរថា រយៈពេល ១២ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ តាំងពីឆ្នាំ ២០០៧ មក យើងបានវិវត្តន៍ខ្លួនពីមួយថ្ងៃ ទៅមួយថ្ងៃឲ្យកាន់តែរឹងមាំ នៅក្នុងការពង្រឹងគុណភាពទៅលើវិស័យអប់រំ ទាំងវិទ្យាសាស្ត្រសុខាភិបាល និងវិទ្យាសាស្ត្របច្ចេកវិទ្យា។ ក្នុងនោះដែរសមិទ្ធផលដ៏ជោគជ័យ ដែលនិស្សិតរបស់យើងបានទទួលកន្លងមក មានដូចជានិស្សិតផ្នែក ទន្តសាស្ត្រជំនាន់ទី ១ បានទទួលលទ្ធផលប្រឡងថ្នាក់ជាតិ ចំនួន ១០០% និងនិស្សិតផ្នែក ឱសថសាស្ត្រ បានទទួលលទ្ធផលនិស្សិតដែលបានជាប់មានចំនួន ៩៩% នៅក្នុងការប្រលងចេញថ្នាក់ជាតិ នាឆ្នាំ២០១៨ កន្លងទៅនេះ។ ទាំងនេះ គឺជាការស្តែងចេញពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត របស់និស្សិត បូករួមទាំងការផ្តល់នូវការអប់រំដែលមានគុណភាពខ្ពស់នៅក្នុងវិស័យសុខាភិបាល និងវិស័យផ្សេងៗ ដែលជំរុញ ឲ្យនិស្សិតមានមោទកភាព នៅក្នុងការបញ្ចប់ការសិក្សាដ៏ជោគជ័យរបស់ពួកគេ ពីសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រផ្ទាល់ផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)