អន្តរជាតិ
ប្រមុខ​UN៖ សហគមន៍​អន្តរជាតិ បាត់បង់​ឱកាស​ដ៏​សំខាន់​ក្នុងការ​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​
16, Dec 2019 , 3:56 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres មានវត្តមាននៅក្នុងកិច្ចប្រជុំ COP 25 នាទីក្រុងម៉ាឌ្រីដ អេស្ប៉ាញ, រូបភាព៖ AP
អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres មានវត្តមាននៅក្នុងកិច្ចប្រជុំ COP 25 នាទីក្រុងម៉ាឌ្រីដ អេស្ប៉ាញ, រូបភាព៖ AP
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) បានប្រកាស​យ៉ាងច្បាស់ៗ​ថា សហគមន៍​អន្តរជាតិ បាន​បាត់បង់​ឱកាស​ដ៏​សំខាន់​មួយ ដើម្បី​ចាត់វិធានការ​កាត់បន្ថយ​បម្រែបម្រួល​អាកាសធាតុ​នៅលើ​ភពផែនដី​។ ការអះអាង​របស់លោក​បែបនេះ បន្ទាប់ពី​លោក​មើលឃើញ​ក្នុង​កិច្ចព្រមព្រៀង នាទី​ក្រុង​ម៉ា​ឌ្រី​ដ មាន​ប្រទេស​ជាច្រើន បានបង្ហាញ​ឆន្ទៈ​តិចតួច​ប៉ុណ្ណោះ ដើម្បី​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​។​


 
​សន្និសីទ​លើក​ទី​២៥ ស្តីពី​ការដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ (COP25) ដែល​បាន​ប្រព្រឹត្តទៅ​រយៈ​២​សបា្តហ៍​កន្លងមកនេះ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ បាន​បិទ​បញ្ចប់​ហើយ ប៉ុន្តែ​បញ្ហាសំខាន់​នៅតែ មិនទាន់​ត្រូវបាន​ដោះស្រាយ​ដដែល​។ ភាគី​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នាទី​ក្រុង​ម៉ា​ឌ្រី​ដ​លើក​នេះ បានបង្ហាញ​ពី​ឆន្ទៈ​បន្តិចបន្តួច​ប៉ុណ្ណោះ ក្នុងការ​ដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ និង​ការកាត់បន្ថយ​ឧស្ម័ន​កាបូ​និក​ក្នុង​បរិយាកាស​។ 
 
​ប្រទេស​ធំៗ​ជាច្រើន ដូចជា​ចិន ប្រេ​ស៊ី​ល ឥណ្ឌា បាន​ច្រានចោល​មហិច្ឆតា​ធំៗ ដើម្បី​ដោះស្រាយ​បញ្ហា​អាកាសធាតុ ការកាត់បន្ថយ​ឧស្ម័ន​កាបូ​និក​ជាដើម​។ មហាអំណាច​ទាំងនោះ ក៏​និយាយ​រិះគន់​គ្នា​ទៅ​មកលើ​ការប្ដេជ្ញាចិត្ត​ដោះស្រាយ​បញ្ហា​សាកល​មួយ​នេះ ខណៈដែល​ប្រទេស​ក្រីក្រ​ខ្វះខាត​ធនធាន នៅតែ​ទាមទារ​ឲ្យ​ប្រទេស​អ្នកមាន បញ្ចេញ​ថវិកា​ឲ្យ​បាន​ច្រើន​ថែមទៀត​។ 
 
​ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើ នៅ​ថ្ងៃទី​១៥ ខែធ្នូ ប្រមុខ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​សហគមន៍​អន្តរជាតិ បាន​បាត់បង់​ឱកាស​ដ៏​សំខាន់ ដើម្បី​បង្ហាញ​ពី​ការបង្កើន​មហិច្ឆតា លើ​ការកាត់បន្ថយ ការកែប្រែ និង​ការ​គ្រាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ដោះស្រាយ​វិបត្តិ​អាកាសធាតុ​» ។ ក្នុងន័យនេះ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូបនេះ មានការ​ខកចិត្ត​ជាខ្លាំង ចំពោះ​លទ្ធផល​បន្តិចបន្តួច​នៃ​កិច្ចប្រជុំ​។   
 
​សេចក្តីប្រកាស​ចុងក្រោយ​នៃ​កិច្ចប្រជុំ​ទីក្រុង​ម៉ា​ឌ្រី​ដ គ្រាន់តែ​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងអស់​កាត់បន្ថយ​ការបញ្ចេញ​ឧ​ស្ម័យ​កាបូ​និក​ជាបន្ទាន់​តែប៉ុណ្ណោះ ប៉ុន្តែ​មិនមែនជា​ការចង​កាតព្វកិច្ច​សម្រាប់​ប្រទេស​ទាំងអស់​ឡើយ​។ ក្នុងនោះ សេចក្តីប្រកាស បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងអស់ លុបចោល​គម្លាត​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក​ក្នុងពេល​បច្ចុប្បន្ន និង​អំឡុង​ជំនួប​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស ខណៈពេល​បច្ចុប្បន្ន វា​មាន​គម្លាត​ខ្លាំងពេក​។ 
 
​សូមបញ្ជាក់ថា កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​លើក​ទី​២៥ ដំបូង​ឡើយ​គ្រោង​បារ​ព្ធ​ធ្វើ​នៅ​ប្រទេស​ស៊ី​លី ប៉ុន្តែ​ដោយសារ​វិបត្តិ​ផ្ទៃក្នុង រដ្ឋាភិបាល​ស៊ី​លី បានប្រកាស​លុបចោល​កិច្ចប្រជុំ​មួយ​នេះ​វិញ ដើម្បី​ការពារ​សុវត្ថិភាព​ប្រតិភូ​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​។ ក្រោយមក​ទើប​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ ប្រកាស​បើក​កិច្ចប្រជុំ​មួយ​នេះ នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ ជំនួស​វិញ​៕

Tag:
 បម្រែបម្រួល​អាកាសធាតុ​
  អង្គការសហប្រជាជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com