កីឡាអន្តរជាតិ
អន្តរជាតិ
LGBT អាចចូលគាំទ្រ Club World Cup និងWorld Cup ទោះកាតា ជាប្រទេសប្រឆាំងក្រុមនេះ
× ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ឬភេទទីបី នឹងត្រូវស្វាគមន៍ឲ្យចូលរួមគាំទ្រ ការប្រកួតដណ្តើម ពាន Club World Cup ក៏ដូចជាព្រឹត្តិការណ៍កីឡាបាល់ទាត់ FIFA World Cup 2022 នៅកាតា បើទោះបីប្រទេសនេះ មានការដាក់ទោសលើអ្នកស្រឡាញ់ភេទដូចគ្នាក៏ដោយ។
កាតា ដែលនឹងត្រូវដឹកនាំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២ បានបង្ហាញបំណងរបស់ខ្លួនយ៉ាងច្បាស់បំផុត ក្នុងការអនុញ្ញាតឲ្យអ្នកគាំទ្រដែលជាអ្នកស្រឡាញ់ភេទដូចគ្នា (LGBT) អាចមានវត្តមានដោយសេរី ក្នុងកីឡដ្ឋាន។
អ្នករៀបចំកីឡាបាល់ទាត់ឆ្នាំ ២០២២ បានធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស នៅប៉ុន្មានខែមុននេះ ដើម្បីជួបជាមួយក្រុមអ្នកគាំទ្រ Liverpool រួមទាំងក្រុមអ្នកគាំទ្រដែលជាអ្នកស្រឡាញ់ភេទដូចគ្នា របស់ក្រុមនេះផងដែរ។ នេះបើតាមប្រភពពីមន្ត្រីម្នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Paul Amann ស្ថាបនិកក្លិប Kop Outs នៃក្រុម LGBT ដែលជាក្រុមគាំទ្រ Liverpool ផង បានទៅបំពេញបេសកកម្ម នៅទីក្រុងដូហា ជាមួយស្វាមីរបស់ខ្លួនកាលពីខែវិច្ឆិកា តាមការអញ្ជើញរបស់អ្នករៀបចំការប្រកួតបាល់ទាត់ពិភពលោក។ ការអញ្ជើញនេះ គឺដើម្បីជាការបង្ហាញផ្លូវ សម្រាប់ក្រុម LGBT ធ្វើដំណើរទៅកាន់ប្រទេសកាតា ក្នុងការចូលរួមគាំទ្រ ក្រុមហង្សក្រហម ដែលត្រូវមានភារកិច្ចប្រកួតដណ្តើមពាន Club World Cup ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅចន្លោះថ្ងៃទី១១ ដល់២២ ខែធ្នូនេះ។
លោក Amann បានប្រាប់ AFP ថា៖«ខ្ញុំពេញចិត្តណាស់ ដែលពួកគេផ្តល់ការស្វាគមន៍ ដល់មនុស្សគ្រប់គ្នា ដោយមិនរើសអើង ប្រកដោយក្រមសីលធម៌ រួមទាំងការគោរព តាមភាពឯកជនផង។ ខ្ញុំមិនប្រាកដទេថា ទង់ឥន្ទធនូ (ទង់តំណាងឲ្យអ្នកស្រឡាញ់ភេទដូចគ្នា) ត្រូវគេទទួលយក នៅក្នុងប្រទេសទេណាមួយឡើយ ប៉ុន្តែវាប្រហែលនៅរក្សាភាពដូចដើម»។
មួយវិញទៀត រហូតមកទល់ពេលនេះ ទាំងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និង គណៈកម្មាធិការរៀបចំកីឡាបាល់ទាត់របស់កាតា មិនបានផ្សព្វផ្សាយជាសាធារណៈ នូវវិធានការណ៍ពិសេសណាមួយ សម្រាប់អ្នកគាំទ្រភេទទី៣ នៅមុនព្រឹត្តិការណ៍ World Cup នោះទេ។
Liverpool ដែលជាម្ចាស់ពាន UEFA Champions League រដូវកាលមុន ទទួលបានកៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាន Club World Cup ដោយស្វ័យប្រវត្តិតែម្តង ដោយត្រូវប៉ះក្រុម Monterrey ក្លិបមកពីលីគកំពូលម៉ិកស៊ិក នៅថ្ងៃទី១៨ ខែធ្នូ មុនមួយថ្ងៃ ក្រោយពេល Flamengo (ប្រេស៊ីល) ជួប Al-Hilal (អារ៉ាប៊ីសាអូឌីត)។ ក្រុមដែលឈ្នះនៅវគ្គនេះ នឹងឡើងទៅប៉ះគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ នាក្រុងដូហា ប្រទេសកាតា៕
Tag:
Club World Cup
LGBT
Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com