អ៊ុំ វិចិត្រ ចង់​លើក​ពាន​ជាមួយ​ភ្នំពេញ​ក្រោ​ន ក្រោយ​ចាក​ចេញពី​ទ្រនំ​ដែល​ធ្លា​ប់រស់​១៣​ឆ្នាំ​
កីឡាជាតិ
ជាតិ
អ៊ុំ វិចិត្រ ចង់​លើក​ពាន​ជាមួយ​ភ្នំពេញ​ក្រោ​ន ក្រោយ​ចាក​ចេញពី​ទ្រនំ​ដែល​ធ្លា​ប់រស់​១៣​ឆ្នាំ​
16, Dec 2019 , 9:19 pm        
រូបភាព
អ្នកចាំទី អ៊ុំ វិចិត្រ ចូលរួមជាមួយភ្នំពេញក្រោនក្រោយចែកផ្លូវជាមួយទ័ព, រូបភាពពីក្លិបភ្នំពេញក្រោន
អ្នកចាំទី អ៊ុំ វិចិត្រ ចូលរួមជាមួយភ្នំពេញក្រោនក្រោយចែកផ្លូវជាមួយទ័ព, រូបភាពពីក្លិបភ្នំពេញក្រោន
​អ្នកចាំទី អ៊ុំ វិចិត្រ បាន​ចុះកិច្ចសន្យា​លេង​ក្លិប​ភ្នំពេញ​ក្រោ​ន​សម្រាប់​រដូវ​កាល​ឆ្នាំ​២០២០-២០២១ ក្រោយ​ចែកផ្លូវ​ជាមួយ​ក្រសួងការពារជាតិ​(​ទ័ព​) បន្ទាប់ពី​រួមរស់​អស់​រយៈពេល​១៣​ឆ្នាំ​។ កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ អរគុណ​ក្លិប​ក្រសួងការពារជាតិ ដែល​បាន​បណ្តុះបណ្តាល​ជំនាញ​ចាំទី​ដល់​ខ្លួន ហើយ​រូបគេ ក៏​ចង់​លើក​ពាន​លី​គ​កំពូល​លើកដំបូង​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​ដែរ​។​

 
​ក្រោយ​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​១៣​ឆ្នាំ​ផ្លូវ​ដើរ​រវាង​អ្នកចាំទី អ៊ុំ វិចិត្រ ជាមួយ​ក្លិប​ក្រសួងការពារជាតិ​បាន​ឈានដល់​ផ្លូវបំបែក ក្រោម​ការឯកភាព​ទាំងសងខាង​។ ចែកផ្លូវ​ជាមួយ​ទ័ព​មិនបាន​ប៉ុន្មាន​ផង អ្នកចាំទី​វ័យ​២៦​ឆ្នាំ​រូបនេះ បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន សម្រាប់​រដូវ​កាល​ឆ្នាំ​២០២០-២០២១​។ នេះ​ជាការ​ផ្លាស់ប្តូរ​ក្លិប​លើកដំបូង​ក្នុង​អាជីព​បាល់ទាត់​របស់ វិចិត្រ​។ 
 
​គោលបំណង​នៃ​ការផ្លាស់ប្តូរ​ក្លិប គឺ​កីឡាករ​មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ​រូបនេះ ចង់​លើក​ពាន​លី​គ​កំពូល​កម្ពុជា​លើកដំបូង​ក្នុង​អាជីព​របស់ខ្លួន​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​។ ដ្បិត​ក្នុងអំឡុងពេល​រួមរស់​ជាមួយ​ក្រសួងការពារជាតិ​រូបគេ​មិន​ធ្លាប់បាន​លើក​ពាន​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នោះទេ​។ ប៉ុន្តែ​រូបគេ​ធ្លាប់​លើក​ពាន​សម្តេច ហ៊ុន សែន ជាមួយ​ទ័ព​ចំនួន​៣​លើក គឺ​នៅ​ឆ្នាំ​២០១០, ២០១៦ និង ២០១៨​។ 
 
​ទោះបី​បានរួម​រស់​ជាមួយ​ទ្រនំ​ថ្មី ដែលជា​ក្លិប​អាជីព​មានការ​ទទួលស្គាល់​ពី​អន្តរជាតិ តែ​បងប្រុស​របស់​អ្នកចាំទី អ៊ុំ សេរី​រ័ត្ន រូបនេះ​មិន​ភ្លេចគុណ​ដល់​ក្លិប​ចាស់ ដែល​បានផ្តល់​ទ្រនំ​ដល់​ឡើយ​។ រូបគេ​បាន​អរគុណ​ដល់​ក្លិប​ក្រសួងការពារជាតិ ដែល​បាន​ជួយ​បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ​ជំនាញ​ចាំទី​រហូត​ធ្វើ​ឲ្យ​រូបគេ​ក្លាយជា​អ្នកចាំទី​ល្បីឈ្មោះ​មួយរូប​នៅ​កម្ពុជា​។​
 
​វិចិត្រ មិន​ត្រឹមតែ​ជា​អ្នកចាំទី​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​គ្រូបង្វឹក​អ្នកចាំទី​ម្នាក់​ទៀតផង​។ ជាក់ស្តែង​រូបគេ​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជ្រើសតាំង​ឲ្យ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ ក្នុងអំឡុងពេល​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន ដែល​ទើប​បញ្ចប់​កាលពីពេល​ថ្មីៗ​។ 
 
​ជាមួយ​ការប្តេជ្ញា​ប្រឹងប្រែង​លេង​ឲ្យ​អស់ពី​សមត្ថភាព កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ នឹង​យក​បទពិសោធ ដែល​ខ្លួន​មាន​ទាំង​ប៉ុន្មាន​ជួយ​បណ្តុះបណ្តាល ក៏ដូចជា​ចែករំលែក​ដល់​យុវជន​ភ្នំពេញ​ក្រោ​ន ដែលជា​ថ្នាល​បណ្តុះ​ធនធាន​កីឡាករ​ដ៏​សំខាន់​នៅ​កម្ពុជា​។ 
 
​អ៊ុំ វិចិត្រ បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​លើកដំបូង​ដោយ​ធ្វើជា​យុវជន​របស់​ក្រសួងការពារជាតិ​។ បន្ទាប់មក រូបគេ ត្រូវបាន​ក្លិប​នេះ​ដំឡើង​ទៅលេង​ក្នុង​ឈុត​ធំ​នៅ​ឆ្នាំ​២០០៨​រហូតមកដល់​ឆ្នាំ​២០១៩​។ រូបគេ​បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​២០១១ និង​ជាប់​ជា​យុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​នៅ​ឆ្នាំ​២០០៩៕  
 
    

Tag:
 បាល់ទាត់​
  អ៊ុំ វិចិត្រ​
  ភ្នំពេញ​ក្រោ​ន​
  Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com