អន្តរជាតិ
ប្រេសិត​ពិសេស​អាមេរិក​ផ្ដាំ​ទៅ​កូរ៉េខាងជើង​៖ អាមេរិក​មិនមាន​ឱសានវាទ​សម្រាប់​ការចរចា​ឡើយ
16, Dec 2019 , 9:39 pm        
រូបភាព
លោក Stephen Biegun អ្នកតំណាងពិសេសអាមេរិកលើបញ្ហាកូរ៉េខាងជើង ធ្វើសន្និសីទរួមគ្នាជាមួយលោក Lee Do-hoon អ្នកតំណាងពិសេសកូរ៉េខាងត្បូង, រូបភាព៖ Reuter
លោក Stephen Biegun អ្នកតំណាងពិសេសអាមេរិកលើបញ្ហាកូរ៉េខាងជើង ធ្វើសន្និសីទរួមគ្នាជាមួយលោក Lee Do-hoon អ្នកតំណាងពិសេសកូរ៉េខាងត្បូង, រូបភាព៖ Reuter
​តំណាង​ពិសេស​អាមេរិក​លើ​បញ្ហា​កូរ៉េខាងជើង  លោក​Stephen Biegun នៅ​ថ្ងៃទី​១៦ ខែធ្នូ បាន​ជំរុញ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង ចូល​តុ​ចរចា​ស្តីពី​ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ​សាជាថ្មី​។ ដោយ​ការច្រានចោល​ឱសានវាទ​កូរ៉េខាងជើង ដែល​កាន់តែ​កៀក​ថ្ងៃនោះ លោក Stephen Biegun បាន​ព្រលយ​ថា ទីក្រុង​វ៉ាស៊ីនតោន ព្រម​ពិភាក្សា​ជាមួយ​ទីក្រុង​ព្យុងយ៉ាង​លើ​រាល់​បញ្ហា​ផលប្រយោជន៍​ទាំងអស់​។


 
​លោក Stephen Biegun អ្នកតំណាង​ពិសេស​អាមេរិក​លើ​បញ្ហា​កូរ៉េខាងជើង បាន​ទៅដល់​កូរ៉េខាងត្បូង​នា​ថ្ងៃទី​១៥ ខែធ្នូ ស្រប​ពេ​ដែល​ការ​ប៉ះ​ពាក្យសម្តី​គ្នា​អាមេរិក និង​កូរ៉េខាងជើង​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ការណ៍​នេះ ត្រូវបាន​គេ​ជឿថា ស្ថានភាព​នៅលើ​ឧបទ្វីប​កូរ៉េ អាច​វិ​វត្ត​ទៅរក​ភាព​ដើម​វិញ​។ ពោលគឺ ជា​ស្ថានភាព​មួយ ដែល​កូរ៉េខាងជើង​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​ជាច្រើន​គ្រាប់ មុន​ជំនួប​មេដឹកនាំ​ទាំងពីរ​លើកទីមួយ នា​សិង្ហ​បុរី​។ 
 
​តាមរយៈ​សន្និសីទកាសែត​រួមគ្នា​ជាមួយ​សម​ភាគី​លោក Lee Do-hoon ក្នុង​ទឹកដី​កូរ៉េខាងត្បូង លោក Biegun អះអាងថា អាមេរិក មិនមាន​ឱសានវាទ​សម្រាប់​ការចរចា​ទេ ហើយ​មានតែ​គោលដៅ​ប៉ុណ្ណោះ​។ ចំណែក​គោលដៅ​នេះ គឺជា​ការចរចា​ជាមួយ​កូរ៉េខាងជើង​។ ក្នុងន័យនេះ អ្នកតំណាង​ពិសេស​អាមេរិក បាន​ជំរុញ​ឲ្យ​កូរ៉េខាងជើង​ចូល​តុ​ចរចា​ជាមួយ​អាមេរិក​សាជាថ្មី បន្ទាប់ពី​កិច្ចប្រជុំ​ទីក្រុង​វ៉ាស៊ីនតោន និង​ព្យុងយ៉ាង​នៅ​ស៊ុយ​អ៊ែត​ត្រូវ​បរាជ័យ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​បេសកជន​ពិសេស​រូបនេះ​បាន​លើកឡើងថា​៖ «​យើង​នៅទីនេះ​[​កូរ៉េខាងត្បូង​] ហើយ​អ្នក [​កូរ៉េខាងជើង​] ដឹង​ពី​របៀប​ឆ្លើយតប​យ៉ាងណា​ហើយ​»​។ ការព្រលយ​ពាក្យ​ពី​សំណាក់​មន្ត្រី​អាមេរិក​បែបនេះ គឺ​ទំនងជា​ចង់​ឲ្យ​កូរ៉េខាងជើង​ឆ្លើយតប​មកវិញ ក្នុង​សារ​ជា​វិជ្ជមាន ពាក់ព័ន្ធ​ទៅនឹង​ការចរចា​រំសាយ​នុយក្លេអ៊ែរ​។ អាចជា​ន័យ​ព្រមាន​កូរ៉េខាងជើង មន្ត្រីជាន់ខ្ពស់​អាមេរិក​រូបនេះ បាន​បញ្ជាក់ថា ការសាកល្បង​អាវុធ​ដ៏​សំខាន់​នាពេលខាងមុខ មិនមែនជា​រឿង​ល្អ​ទេ​សម្រាប់​កូរ៉េខាងជើង​។ 
 
​ពាក់​ព័​ន្ឌ​ការសាកល្បង​នាពេល​ខាងមុខនេះ លោក Biegun ទំនងជា​ចង់​សំដៅទៅ​ដល់​សារ​ព្រមាន​របស់​កូរ៉េខាងជើង ដែល​បានដាក់​ឲ្យ​អាមេរិក​ផ្លាស់ប្តូរ​របៀបវារៈ​រប​ស់​ខ្លួន​ចេញ​។​
 
​ក្រៅពី​បញ្ហា​ខាងលើ មន្ត្រីជាន់ខ្ពស់​អាមេរិក​រូបនេះ ក៏បាន​លើកឡើង​ទៀតថា សេចក្តីថ្លែងការណ៍​ជាច្រើន​របស់​មន្ត្រី​កូរ៉េខាងជើង​គឺជា​រឿង «​បង្ក​សត្រូវ អវិជ្ជមាន និង​មិន​សំខាន់​» ទាល់តែសោះ​។ កន្លងមក​សេចក្តីថ្លែងការណ៍​របស់​មន្ត្រី​ទីក្រុង​ព្យុងយ៉ាង ធ្លាប់បាន​ឆ្លើយតប ទៅនឹង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​លើ​ការសាកល្បង​អាវុធ​ថ្មីៗ​របស់​ទីក្រុង​ព្យុងយ៉ាង និង​ការឆ្លើយតប​ពាក្យសម្តី​របស់​ដូ​ណា​ល់ ត្រាំ ដែល​ហៅ​លោក គីម ជុង​អ៊ុន ជា​«​បុរស​រ៉ុក្កែត​» និង​បញ្ហា​ផ្សេងទៀត​ជាដើម​។ 
 
​សូមបញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ ឧបទ្វីប​កូរ៉េ ហាក់​កាន់តែ​កើនឡើង​កម្តៅ​ខ្លាំង បន្ទាប់ពី​កូរ៉េខាងជើង និង​អាមេរិក បាន​ប៉ះ​សម្តី​គ្នា​។ ជាពិសេស​គឺ ការប្រកាស​អំពី​ការសាកល្បង​អាវុធ​ថ្មីៗ​ជាច្រើនលើក​កន្លងមក​នេះ ខណៈពេល​ឱសានវាទ​របស់​កូរ៉េខាងជើង​ជិត​ដល់​ថ្ងៃ​កំណត់​៕ 

Tag:
 ​កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com