អន្តរជាតិ
បាតុករ​ហុងកុង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស ខណៈ​លោកស្រី ការី ឡាំ នៅ​ប៉េកាំង​
16, Dec 2019 , 10:59 pm        
រូបភាព
ប្រភពរូប៖ Bloomberg
ប្រភពរូប៖ Bloomberg
ដោយ:
​ក្រុមបាតុករ​ហុងកុង បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស នៅ​យប់​ថ្ងៃអាទិត្យ ១៥ ខែធ្នូ ខណៈ​ប្រធាន​ប្រតិបត្តិ លោកស្រី ការី ឡាំ បានធ្វើ​ទស្សនកិច្ច​នៅ​ប៉េកាំង​។ នៅ​ទីនោះ លោកស្រី រំពឹង​នឹងធ្វើ​បច្ចុប្បន្នភាព​ជុំវិញ​បញ្ហា​បាតុកម្មហិង្សា​ដែល​ញាំញី​ទីក្រុង​នេះ​អស់​ពេល​ជាង​៦​ខែ ទៅដល់​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ។

 
​ផ្លូវ​ក្នុង​តំបន់ Mong Kok ដែលជា​កន្លែង​សម្រាប់​ភ្ញៀវទេសច​ដ៏​ល្បីល្បាញ​ដោយសារ​ផ្សារ​រាត្រី​ខ្លួន ត្រូវបាន​រារាំង​ដោយ​ដុំឥដ្ឋ ខណៈ​ក្រុមបាតុករ​បាន​ចោល​ដប​ទឹក​ថ្ម និង​សម្ភារ​ផ្សេងៗ​ទៀត​ទៅលើ​មន្ត្រីប៉ូលិស នៅវេលា​ម៉ោង​ប្រមាណ​១១​យប់ នា​ថ្ងៃអាទិត្យ​។ ជាការ​ឆ្លើយតប ប៉ូលិស បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​លើ​ពួក​បាតុករ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ហុងកុង​។ ការតវ៉ា​នេះ បានអូសបន្លាយ​រហូត​ដល់​ម៉ោង ១៖៣០ ព្រឹក​ថ្ងៃ​ចន្ទ ដោយ​គេ​ឃើញថា បាតុករ​បាន​វាយកម្ទេច​បង្គោល​ភ្លើង​ចរាចរណ៍ ហើយ​ប៉ូលិស​បាន​ស្រែក​គំរាម​កាន់តែខ្លាំង​។ 
 
 
​ការប៉ះទង្គិច​នៅ​យប់​ថ្ងៃអាទិត្យ​នេះ កើតឡើង​ក្រោយពី​មានការ​ស្ងប់ស្ងាត់​ជាង​មួយ​សប្តាហ៍ ហើយ​ស្រប​ពេលដែល​លោកស្រី ការី ឡាំ បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប៉េកាំង ។ ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ កាលពី​សប្តាហ៍​មុន លោកស្រី អះអាងថា គោលដៅ​នៃ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ផ្តល់​របាយការណ៍​លម្អិត​អំពី​អ្វី​បាន​កើតឡើង​ក្នុង​ទីក្រុង​ហុងកុង ក្នុង​រយៈពេល​១​ឆ្នាំ​មកនេះ ហើយ​ជាពិសេស អ្វីដែល​បានកើត​ឡើង​ក្នុង​ទីក្រុង​ហុងកុង ក្នុង​រយៈពេល​៦​ខែ​ចុងក្រោយ​។ 
 
​ឆ្លងកាត់​ភាពវឹកវរ​នេះ រដ្ឋាភិបាល​ចិន បាន​គាំទ្រ​ជានិច្ច​ចំពោះ​លោកស្រី ការី ឡាំ ទោះបីជា​ប្រជាប្រិយភាព​លោកស្រី ក្នុង​ទីក្រុង​នេះ បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​កំណត់ត្រា​ក៏ដោយ​ក្តី​។ ចំណែក មន្ត្រី​ចិន បាន​ថ្កោលទោស​ក្រុមបាតុករ ហើយ​ថែមទាំង​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ប៉ូលិស​ហុងកុង​ទៀតផង​។ 
 
​សូមបញ្ជាក់ថា បាតុកម្ម បាន​ផ្ទុះឡើង​ក្នុង​ទីក្រុង​ហុងកុង តាំងពី​ខែមិថុនា​មកម្ល៉េះ ដោយ​កាលនោះ ពលរដ្ឋ​ហុងកុង​ជាង​១​លាន​នាក់​បាននាំគ្នា​ធ្វើ​សកម្មភាព​តវ៉ា​តាម​ដងផ្លូវ​ប្រឆាំងនឹង​សំណើ​ច្បាប់​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស​ចិន​។ ទោះបីជា​រដ្ឋាភិបាល​លោកស្រី ការី ឡាំ នៅ​ទីបំផុត​ទៅ បានសម្រេច​ដកហូត​សំណើ​ច្បាប់​បត្យាប័ន​នេះ ការទាមទារ​របស់​បាតុករ បាន​រីកធំឡើង​ទៅជា​ការទាមទា​រ​លទ្ធិប្រជាធិបតេយ្យ​៕

Tag:
 ចិន​
  ហុងកុង​
  ការី​ឡាំ​
  ប៉េកាំង
© រក្សាសិទ្ធិដោយ thmeythmey.com