ជាតិ
ពីនេះ ពីនោះ
កុំច្រឡំថា ពាក្យ «វិជ្ជា និង វិទ្យា» ខុសគ្នា?
17, Dec 2019 , 7:20 am        
រូបភាព
គ្មានឡើយភាពខុសគ្នារវាងពាក្យ «វិជ្ជា និង វិទ្យា»។ ពាក្យទាំងពីរនេះ ថ្វីដ្បិតតែសរសេរខុសគ្នាក៏ពិតមែន តែមានអត្ថន័យដូចគ្នាទាំងស្រុង។



ពាក្យ «វិជ្ជា និង វិទ្យា» មានន័យថា ការចេះដឹង ឬ ចំណេះដឹង ដូចតែគ្នាទេ គ្រាន់តែ ពាក្យ «វិជ្ជា» សរសេរតាមបែបបាលី ចំណែកឯ ពាក្យ «វិទ្យា» សរសេរតាមបែបសំស្ក្រឹត ប៉ុណ្ណោះ។ ប៉ុន្តែ នាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួន បានបែងចែកពាក្យទាំងពីរនេះ ថាមានអត្ថន័យនិងការប្រើប្រាស់ទីទៃពីគ្នា។

អ្នកខ្លះយល់ថា ពាក្យណាទាក់ទងនឹងសង្គម គេប្រើ «វិជ្ជា» ដូចជា សង្គមវិជ្ជា ទស្សនវិជ្ជា សិល្ប៍វិជ្ជា និង ចំណេះវិជ្ជា ហើយពាក្យណាទាក់ទងនឹងវិទ្យាសាស្ត្រ គេប្រើ «វិទ្យា» ដូចជា គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា ជាដើម។ ពាក្យទាំងពីរនេះ គ្មានការបែងចែកដូច្នេះឡើយ។

យើង អាចប្រើប្រាស់ពាក្យទាំងពីរនេះ បានគ្រប់កាលៈទេសៈ ដូចជា វិទ្យាល័យឬវិជ្ជាល័យ វិទ្យាស្ថានឬវិជ្ជាស្ថាន គណិតវិទ្យាឬគណិតវិជ្ជា វិទ្យាសាស្ត្រឬវិជ្ជាសាស្ត្រ ទស្សនវិទ្យាឬទស្សនវិជ្ជា ។ល។

មានពាក្យជាច្រើនទៀត ដែលមានន័យដូចគ្នា តែសរសេរ ខុសគ្នា ពោលគឺ មួយ តាមបែបបាលី និងមួយទៀត តាមបែបសំស្ក្រឹត ដូចជា ពាក្យ ចិត្ត (បាលី) ឬ ចិត្រ (សំស្ក្រឹត), មិត្ត (បាលី) ឬ មិត្រ (សំស្ក្រឹត), សច្ចាប័ន (បាលី) ឬ សត្យាប័ន (សំស្ក្រឹត), សច្ចាធិដ្ឋាន (បាលី) ឬ សត្យាធិដ្ឋាន (សំស្ក្រឹត) ។ល។

ប្រភព៖ វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត

Tag:
 ពន្យល់ពាក្យ
  វិជ្ជានិងវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com