អន្តរជាតិ
ឥណ្ឌូណេស៊ី ប្តឹង​អឺរ៉ុប​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជុំវិញ​បញ្ហា​ប្រេងដូង​
17, Dec 2019 , 8:39 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ឥណ្ឌូណេស៊ី បានដាក់​ពាក្យបណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​រួចហើយ ដើម្បី​ប្រឆាំង​ទៅនឹង​ការហាមឃាត់​របស់​សហ​ភាព​អឺរ៉ុប​ជុំវិញ​ការនាំ​ចូល​ប្រេងដូង​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Agus Suparmanto នៅ​ថ្ងៃទី​១៥ ខែធ្នូ​។


 
​បើសិន​គ្មាន​ការប្រែប្រួល​ទេ អឺរ៉ុប នឹង​បញ្ឈប់​ការបញ្ជាទិញ​ប្រេងដូង​ពី​ឥណ្ឌូណេស៊ី​ចាប់ពី​ឆ្នាំ ២០៣០​តទៅ​។ តាមរយៈ​ការបញ្ឈប់​នេះ សហភាព​អឺរ៉ុប បាន​ចោទ​ឥណ្ឌូណេស៊ី បាន​កាប់បំផ្លាញ​ព្រៃឈើ​ជាច្រើន​ពាន់​ហិច​តា ដើម្បី​យក​ដី​ដាំដូង​ប្រេង​។ មុន​ការហាមឃាត់​នេះ អឺរ៉ុប​ក៏​ធ្លាប់បាន​ដាក់សំណើ​ឲ្យ​ឥណ្ឌូណេស៊ី កម្រិត​នៃ​ទំហំ​ដី​ដាំដូង​ប្រេង​ផងដែរ ក្នុង​គោលបំណង​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​កាន់តែខ្លាំង​ឡើង​។ 
 
​ជាការ​ឆ្លើយតប ភាគី​ឥណ្ឌូណេស៊ី បាន​ហៅ​វិធានការ​របស់​សហភាព​អឺរ៉ុប​ថា «​គោលនយោបាយ​រើសអើង​»​ដែល​ប្រឆាំង​លើ​ការនាំចេញ​ផលិតផល​ប្រេងដូង​ដ៏​សំខាន់​របស់ខ្លួន​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឥណ្ឌូណេស៊ី​បានដាក់​ពាក្យបណ្តឹង​រួចហើយ​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ប្រឆាំង​អឺរ៉ុប​។ 
 
​បើតាម​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​១៥ ខែធ្នូ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Agus Suparmanto គូសបញ្ជាក់ថា​៖ «​ឥណ្ឌូណេស៊ី បាន​ផ្ញើ​សំណើសុំ​ពិគ្រោះ​យោបល់​ជា​ផ្លូវការ​រួចហើយ​នៅ​ថ្ងៃទី​៩ ខែធ្នូ ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែលជា​ជំហាន​ដំបូង​បំផុត​នៃ​ការចាប់ផ្តើម​នីតិវិធីរឿងក្តី​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ក្រៅពី​ឥណ្ឌូណេស៊ី ដែលជា​ប្រទេស​នាំចេញ​ប្រេងដូង​ទីមួយ​នៅលើ​ពិភពលោក ម៉ាឡេស៊ី ដែលជា​ប្រទេស​នាំចេញ​ប្រេងដូង​ទី​ពីរ​ក្នុង​ពិភពលោក​ដែរនោះ ក៏បាន​ព្រមាន​ដាក់ពាក្យ​ប្តឹង​សហភាព​អឺរ៉ុប ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផងដែរ​។ ដោយ​ករណី​របស់​ម៉ាឡេស៊ី ក៏មាន​លក្ខណៈ​ដូចគ្នា​ទៅនឹង​ឥណ្ឌូណេស៊ី​ផងដែរ​។ ពោលគឺ អឺរ៉ុប​ក៏បាន​បញ្ឈប់​ការបញ្ជាទិញ​ប្រេងដូង​ពី​ម៉ាឡេស៊ី​ផងដែរ ដោយ​ផ្អែកទៅលើ​មូលហេតុ​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​។​
 
​សូមបញ្ជាក់ថា ប្រេងដូង គឺជា​ប្រភេទ​ប្រេង​ម្យ៉ាង ដែល​ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់​យ៉ាង​សម្បូរបែប​។ ក្នុងនោះ វា​គឺជា​ប្រភេទ​ប្រេង ដែល​ត្រូវបាន​គេ​យកទៅ​ផលិត​ជា​គ្រឿងផ្សំ​ម្ហូបអាហារ រហូតដល់​ផលិតផល​សំអាង​ផ្សេងៗ​។ បើតាម​អ្នក​បរិស្ថាន​និយម ដូងប្រេង គឺជា​មូលហេតុ​ដ៏​ចំបង​មួយ ដែល​បាន​ជំរុញ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាងខ្លាំង នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ៕

Tag:
 ​ឥណ្ឌូណេស៊ី​
  សហភាព​អ៊ឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com