អន្តរជាតិ
ប្រធានាធិបតី ស៊ី ប្តេជ្ញា​បន្ត​គាំទ្រ​មេដឹកនាំ​ហុងកុង ទោះ​វិបត្តិ​ជិត​ចូលដល់​ខែ​ទី​៧
17, Dec 2019 , 11:35 am        
រូបភាព
ប្រធានាធបតីចិន ស៊ី ជិនភីង ជួបជាមួយលោកស្រី ការី ឡាំ ប្រធានប្រតិបត្តិប្រចាំទីក្រុង ហុងកុង ក្នុងរដ្ឋធានី ប៉េកាំង ប្រទេសចិន នាថ្ងៃ ១៦ ខែ ធ្នូ ឆ្នាំ២០១៩ អំឡុងទស្សនកិច្ចការងារ៕ ប្រភពរូប៖ Xinhua
ប្រធានាធបតីចិន ស៊ី ជិនភីង ជួបជាមួយលោកស្រី ការី ឡាំ ប្រធានប្រតិបត្តិប្រចាំទីក្រុង ហុងកុង ក្នុងរដ្ឋធានី ប៉េកាំង ប្រទេសចិន នាថ្ងៃ ១៦ ខែ ធ្នូ ឆ្នាំ២០១៩ អំឡុងទស្សនកិច្ចការងារ៕ ប្រភពរូប៖ Xinhua
ដោយ:
​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង បាន​ជួប​ជាមួយ​មេដឹកនាំ​ហុងកុង​លោកស្រី ការី ឡាំ ក្នុង​រដ្ឋធានី ប៉េកាំង នៅ​ថ្ងៃ​ចន្ទ ១៦ ធ្នូ ។ ក្នុងជំនួប​ដែល​លោកស្រី ឡាំ ត្រូវ​រាយការណ៍​ពី​ស្ថានភាព​ទូទៅ​នៅ​ហុងកុង លោក ស៊ី លើកឡើងថា លោក​ទទួលស្គាល់​កិច្ចប្រឹងប្រែង​របស់លោក​ស្រី​ក្នុង​ការដឹកនាំ​ទីក្រុង​មជ្ឈមណ្ឌល​អាស៊ី​មួយ​នេះ អំឡុងពេល​ដ៏​លំបាក​បំផុត​។

 
«​សភាពការណ៍​ក្នុង​ទីក្រុង ហុងកុង ក្នុង​ឆ្នាំ​២០១៩ គឺជា​រឿង​ដ៏​ស្មុគស្មាញ និង​លំបាក​បំផុត​» ចាប់តាំងពី​បានប្រគល់​ឲ្យ​ចិន​វិញ​ក្នុង​ឆ្នាំ​១៩៩៧​មក​។  លោក ស៊ី ជិន​ភីង ប្រាប់​អ្នកសារព័ត៌មាន​យ៉ាងខ្លី​បែបនេះ មុននឹង​កិច្ចប្រជុំ​បិទទ្វារ​ជាមួយ​លោកស្រី ឡាំ បញ្ចប់​។ 
 
​ជំនួប​នៅ​ថ្ងៃ​ចន្ទ​ដែលជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សន​កិច្ចការងា​រ​ប្រចាំឆ្នាំ​របស់​មេដឹកនាំ​ហុងកុង ដើម្បី​រាយការណ៍​ពី​សភាពការណ៍​ហុងកុង​ដល់​ប្រធានាធិបតី​ចិន​នេះ កើតឡើង​ក្រោយពី​ប៉ូលិស​និង​ក្រុមបាតុករ​ហុងកុង​បាន​ប៉ះទង្គិច​គ្នា នៅ​យប់​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ ខណៈ​វិបត្តិ​នយោបាយ​របស់​ទីក្រុង​ហុងកុង​ដ៏​អាក្រក់​បំផុត​នេះ កំពុង​ឈានចូល​ដល់​ខែ​ទី​៧​ហើយ​នោះ​។ 
 
​សារព័ត៌មាន​ហុងកុង មានការ​សង្ស័យថា ជំនួប​របស់​លោកស្រី ឡាំ ជាមួយ​លោក​ប្រធានាធិបតី ស៊ី អាច​ឈានដល់​ដាក់ចេញ​ចំណាត់ការ​ថ្មី​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ ដែល​ក្នុងនោះ​ក៏មាន លទ្ធភាព​នៃ​ការរុះរើ​គណៈរដ្ឋមន្ត្រី​ហុងកុង​ផងដែរ​។ យ៉ាងណាមិញ លោក ស៊ី ពុំបាន​បញ្ជាក់​ច្បាស់​រឿងនេះ​ឡើយ ក៏ប៉ុន្តែ​បាន​សង្កត់ធ្ងន់​ជាថ្មី​នូវ​ការគាំទ្រ​របស់លោក​ចំពោះ​ប្រធាន​ប្រតិបត្តិ​ប្រចាំ​ក្រុង ហុងកុង លោកស្រី ការី ឡាំ ទោះជា​របាយការណ៍​កន្លងទៅ បាន​ផ្សាយ​ថា លោកស្រី ប្រហែល​អាច​ត្រូវ​ផ្លាស់ប្តូរ​ក៏ដោយ​ក្តី​។ 
 
«​យើង នឹង​បន្ត​ការគាំទ្រ​ដោយ​ឥត​ងា​ករា​ចំពោះ​អ្នក​ក្នុង​ការដឹកនាំ​រដ្ឋាភិបាល​រដ្ឋបាល​ពិសេស ដោយ​អនុលោម​តាមច្បាប់​»​។ លោក​ស៊ី លើកឡើង​បែបនេះ​នៅ​ចំពោះមុខ​លោកស្រី ការី ឡាំ​។  តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters មេដឹកនាំ​ចិន​រូបនេះ បន្ថែមថា ទីក្រុង​ប៉េកាំង ប្តេជ្ញា​គាំទ្រ​ប៉ូលិស​ហុងកុង​ក្នុងការ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង ខណៈ​បង្ហាញ​ក្តី​សង្ឃឹមថា​ឯកភាព​នឹង​ជួយ​ដឹកនាំ​ទីក្រុង​នេះ​វិល​ត្រលប់​មករក​ផ្លូវត្រូវ​វិញ​។ 
 
​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ក្នុងជំនួប​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​ប្រធាន​សន្តិសុខ​ជាតិ​របស់​ចិន​ផងដែរ នោះ​គឺ​លោក Guo Shengkun​។ ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ដែលមាន​សមាជិក​២៥​នាក់ និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​ច្បាប់ និង​នយោបាយ​របស់​បក្ស លោក Guo មើល​ការខុសត្រូវ​លើ​កម្លាំង​ប៉ូលិស ភ្នាក់ងារ​ចារកម្ម អគ្គ​រដ្ឋអាជ្ញា និង​តុលាការ​។  បើតាម​កាសែត​ហុងកុង South China Morning Post អ្នកឃ្លាំមើល​ខ្លះ អះអាងថា វត្តមាន​របស់លោក Guo បាន​ឆ្លុះ​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ពី​សំណាក់​ក្រុង​ប៉េកាំង​ខ្លាំង​ជាង​មុន​លើ​ការអនុវត្ត​ច្បាប់​និង​កម្លាំង​ប៉ូលិស​ហុងកុង​។ ប្រភព​មួយ​ផ្សេងទៀត អះអាងថា លោក Guo បាន​បញ្ជា​ឲ្យ​បង្កើត​ក្រុមការងារ​ឆ្លើយតប​រហ័ស​អន្តរ​ភ្នាក់ងារ ក្នុង​ទីក្រុង Shenzhen ដើម្បី​តាមដាន​សភាពការណ៍ បាតុកម្ម​នៅ​ហុងកុង ផងដែរ​។ 
 
​នៅមុន​ជំនួប​ជាមួយ​លោក​ស៊ី ជិន​ភីង លោកស្រី ឡាំ បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹ​ឈាង ដែល​បាន​បញ្ជាក់ថា ទីក្រុង ហុងកុង ពុំទាន់​ធ្លាក់ចូល​ក្នុងស្ថានភាព «​ជម្រើស​អាក្រក់​ពីរ ( Dilemma)» ឡើយ ។ ត្រង់ចំណុច​នេះ លោក គូសបញ្ជាក់​បែបនេះ​៖«​រដ្ឋាភិបាល​ហុងកុង ត្រូវ​បន្ត​ប្រឹងប្រែង បញ្ចប់​អំពើហិង្សា និង​បញ្ឈប់​ភាពចលាចល ដោយ​អនុលោម​តាមច្បាប់ ព្រមទាំង​ស្តារ​សណ្ដាប់ធ្នាប់​ឡើងវិញ​»​។ 
 
​គួរ​កត់សម្គាល់ថា  បាតុកម្ម បាន​ផ្ទុះឡើង​ក្នុង​ទីក្រុង​ហុងកុង តាំងពី​ខែមិថុនា​មកម្ល៉េះ ដោយ​កាលនោះ ពលរដ្ឋ​ហុងកុង​ជាង​១​លាន​នាក់​បាននាំគ្នា​ធ្វើ​សកម្មភាព​តវ៉ា​តាម​ដងផ្លូវ​ប្រឆាំងនឹង​សំណើ​ច្បាប់​មួយ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅកាន់​ប្រទេស​ចិន​។ ទោះបីជា​រដ្ឋាភិបាល​លោកស្រី ការី ឡាំ នៅ​ទីបំផុត​ទៅ បានសម្រេច​ដកហូត​សំណើ​ច្បាប់​បត្យាប័ន​នេះ ការទាមទារ​របស់​បាតុករ បាន​រីកធំឡើង​ទៅជា​ការទាមទា​រ​លទ្ធិប្រជាធិបតេយ្យ​៕

Tag:
 ចិន​
  ហុងកុង​
  ការី​ឡាំ​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com