ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ស្នើឱ្យ​ក្រុមហ៊ុន Smart Axiata ផ្ដល់​អ៊ីនធឺណិត នៅតាម​សាលារៀន និង​ឧ​ត្ត​មសិ​ក្សា​
17, Dec 2019 , 2:00 pm        
រូបភាព
លោក TAN SRI JAMALUDIN IBRAHIM ប្រធានក្រុមហ៊ុន Axiata Group Berhad-Smart ជួបនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៧ ធ្នូ
លោក TAN SRI JAMALUDIN IBRAHIM ប្រធានក្រុមហ៊ុន Axiata Group Berhad-Smart ជួបនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៧ ធ្នូ
ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ក្រុមហ៊ុន Axiata Group Berhad -Smart ពិចារណា​ផ្ដល់​សេវា Internet ដល់​សាលារៀន និង​គ្រឹះស្ថានសិក្សា ដើម្បីឱ្យ​គ្រូបង្រៀន និង​សិស្ស​មានឱកាស​ប្រើប្រាស់​បច្ចេកវិទ្យា​តាម Internet ក្នុងការ​ពង្រឹងគុណភាព និង​សមត្ថភាព​ធនធានមនុស្ស​ឱ្យ​កាន់តែ​រីកចម្រើន តាមរយៈ​ការស្រាវជ្រាវ​។ សម្ដេច ស្នើ​បែបនេះ នៅក្នុង​ជំនួប​លោក តាន់​ស្រ៊ី ចា​មា​លូ​ឌី​ន អ៊ីប្រាហ៊ីម (TAN SRI JAMALUDIN IBRAHIM) ប្រធាន​ក្រុមហ៊ុន Axiata Group Berhad ដែល​កម្ពុជា​ស្គាល់​ថា ជា​ក្រុមហ៊ុន​ទូរ​ស័​ព្វ​ចល័ត​ស្មា​ត (Smart ) នៅ​ព្រឹក​ថ្ងៃទី​១៧ ធ្នូ នេះ​។​



​ថ្លែង​ចំពោះមុខ​លោក TAN SRI នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើឱ្យ​ក្រុមហ៊ុន​ពិចារណា​ពង្រីក​វិសាលភាព​របស់ខ្លួន​ឱ្យ​គ្របដណ្ដប់​ទៅលើ​ទីជនបទ​ឱ្យ​កាន់តែ​ទូលំទូលាយ ។​ជាពិសេស​ពង្រីក​វិសាលភាព​ថែមទៀត​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ស្របពេល​ក្រុមហ៊ុន កំពុងមាន​សក្ដានុពល​ខ្លាំង​ផ្នែក​វិស័យ​គមនាគមន៍​នៅ​កម្ពុជា​។ 
 
​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន បាន​សរសេរ​ដូច្នេះ​ថា​៖«​ស្នើ​សុំឱ្យ​ក្រុមហ៊ុន​ពិចារណា​ក្នុង​ការជួយ​ផ្តល់នូវ​សេវា Internet ដល់​សាលារៀន រួមទាំង​សាកលវិទ្យាល័យ និង​វិទ្យាល័យ ព្រមទាំង​នៅតាម​បណ្ណាល័យ​ជាដើម និង​មន្ទីរពេទ្យ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​គ្រូបង្រៀន និស្សិត និង​សិស្សានុសិស្ស​មានឱកាស​ប្រើប្រាស់​បច្ចេកវិទ្យា​តាម Internet ដើម្បី​បង្កើន​ការសិក្សា​ស្រាវជ្រាវ​ពង្រីក​ចំណេះវិជ្ជា​ដើម្បី​ពង្រឹងគុណភាព និង​សមត្ថភាព​ធនធានមនុស្ស​ឱ្យ​កាន់តែ​រីកចម្រើន​»​។​
 
​ក្រៅពីនេះ​ប្រមុខ​រដ្ឋាភិបាល ក៏​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន Smart Axiata ពិចារណា​ពិនិត្យមើល​ប្រព័ន្ធ​ស្មា​ត​នៅក្រៅ​ប្រទេស (Roaming) ផងដែរ គឺ​ធ្វើយ៉ាងណា​ឱ្យ​ប្រព័ន្ធ​ស្មា​ត អាច​ដំណើរការ​ទៅបាន​ទាំង​ការហៅ​ចេញចូល និង​ប្រ​ព័​ន្ឋ Internet ឱ្យ​បានល្អ​នៅក្រៅ​ប្រទេស​។ «​ប្រ​ព័​ន្ឋ​ស្មា​ត​មិនសូវមាន Roaming ដែល​លំបាក​ប្រើប្រាស់​(​នៅក្រៅ​ប្រទេស​)»​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​កម្ពុជា​។​
 
​ក្រុមហ៊ុន Smart Axiata បាន​បោះ​ទុក​វិនិយោគ​នៅ​កម្ពុជា​អស់​ប្រមាណ ១,៤០០ លាន​ដុល្លារ​អាមេរិក​ហើយ ហើយ​ក្រុមហ៊ុន​កំពុងមាន​គម្រោង​វិនិយោគ​លើ​បច្ចេកវិទ្យា​ថ្មី ទំនើប រួមទាំង​ប្រព័ន្ធ​ល្បឿន​លឿន 5G ផងដែរ​។ នេះ​បើតាម​លោក TAN SRI ប្រធាន​ក្រុមហ៊ុន Axiata Group Berhad​។​
 
« ការវិនិយោគ​របស់​ក្រុមហ៊ុន Smart Axiata គឺ​មិន​ត្រឹមតែ​ដើម្បី​រក​ផលចំណេញ​នោះទេ ប៉ុន្តែ​គឺមាន​គោលដៅ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា​សង្គមជាតិ​ក​ម្ពុ​ជា​ផងដែរ​។ ប​ច្ចុ​ប្ប​នេះ ក្រុមហ៊ុន​Smart បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុង​កិច្ចការ​សង្គម​ដូចជា​លើ វិស័យ​អប់រំ វិស័យ​សុខាភិបាល​ក៏ដូចជា​វិស័យ​បរិស្ថាន និង​កីឡា​ផងដែរ​»​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ស្រង់​សម្តី​លោក TAN SRI ថា​ក្រុមហ៊ុន Smart Axiata នឹង​បន្ត​ពង្រីក​វិសាលភាព​របស់ខ្លួន ដើម្បី​គ្របដណ្ដប់​ទៅតាម​ទីជនបទ​នៅ​ទូទាំងប្រទេស​កម្ពុជា​៕
 
 
 

Tag:
 ហ៊ុន សែន​
  Smart
  អ៊ីនធឺណិត​
© រក្សាសិទ្ធិដោយ thmeythmey.com