អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata រាយការណ៍​ពី​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ទូរគមនាគមន៍ ដល់​សម្ដេច ហ៊ុន សែន​
17, Dec 2019 , 3:05 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ​២០១៩៖  លោក Tan Sri Jamaludin Ibrahim ដែលជា​នាយក​ចាត់ចែង​ទូទៅ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងអស់ របស់ Axiata Group Berhad ជា​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្រុមហ៊ុន Smart Axiata ព្រមជាមួយ​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata និង​លោក Asri Hassan នាយក​ទូទៅ​ផ្នែក​សហប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Axiata Group ត្រូវ​បានផ្តល់​កិត្តិយស​យ៉ាង​ខ្ពង់​ខ្ពស់បំផុត ចូលជួប​សម្តែង​ការគួរសម និង​ផ្តល់​របាយការណ៍​ជូន​ចំពោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ។​
 
​កិច្ចប្រជុំ​ដែល​ត្រូវបាន​រៀបចំឡើង​នៅ​វិមាន​សន្តិភាព​នេះ គឺជា​សា​ក្ខី​ភាព​ដ៏​សំខាន់បំផុត ដែល​ឆ្លុះបញ្ចាំង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការតាំង​ចិត្ត​ដ៏​ម៉ុះ​ម៉ុ​ត របស់​ក្រុមហ៊ុន Smart Axiata និង​ក្រុមហ៊ុន​ជា​ម្ចាស់​ភាគហ៊ុន​(Axiata Group Berhad) ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បំផុត​។ ប្រតិភូ​នៃ​កិច្ចប្រជុំ​ខាងលើ បាន​ពិភាក្សាគ្នា​យ៉ាង​ស៊ីជម្រៅ​លើ​កិច្ចការងារ​សំខាន់ៗ​មួយចំនួន ក្នុងទិសដៅ​លើ​កម្ពស់ និង​សម្រេច​ឲ្យ​បាន នូវ​សេដ្ឋកិច្ច​បែប​ឌីជីថល ទិសដៅ​អភិវឌ្ឍ​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ (5G) សម្រាប់​កម្ពុជា និង​វិធានការ​ជា​អាទិភាព​នានា សម្រាប់​ការពង្រីក​ដែន​សេវា​គ្របដណ្តប់ និង​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន ទៅកាន់​តំបន់​ទីជនបទ​នានា​។ 
 
​ចំណុច​ទាំងអស់នេះ គឺមាន​ភាពសមស្រប​បំផុត​សម្រាប់​ជូន​ទៅដល់​យុវជន​វ័យក្មេង​កម្ពុជា​ទាំងអស់ ដែល​ពួកគាត់​មានការ​យល់ដឹង និង​តម្រូវ​ការចាំបាច់​លើ​សេវា​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ហើយ​អនុលោម​ទៅតាម​ទស្សនវិស័យ របស់​សម្តេច ហ៊ុន សែន ក្នុងការ​នាំមុខគេ​ក្នុង​តំបន់ ASEAN និង​ការតភ្ជាប់ និង​កាត់បន្ថយ​គម្លាត​ឌីជីថល ទៅកាន់​តំបន់​ទីជនបទ​ដាច់ស្រយាល​។​


 
​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​នេះ ការចូលរួមចំណែក​ក្នុង​សេដ្ឋកិច្ចជាតិ របស់​ក្រុមហ៊ុន Smart Axiata ក៏ត្រូវ​បានលើកឡើង​ផងដែរ​។ គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៨ ក្រុមហ៊ុន Smart Axiata បាន​បណ្តាក់​ទុនវិនិយោគ​ច្រើនជាង ១,៤២ ប៊ី​លាន​ដុល្លារ​អាមេរិក (​មួយ​ពាន់​បួន​រយ​ម្ភៃ​លាន​ដុល្លារ​អាមេរិក​) សម្រាប់​ជាដើម​ទុន និង​ប្រតិបត្តិ​ការចំណាយ​នានា ព្រមទាំង​បាន​បង់​ពន្ធអាករ និង​កម្រៃ​និយ័តកម្ម​នានា ច្រើនជាង ៣៧០​លាន​ដុល្លារ​អាមេរិក (​បី​រយ​ចិតសិប​លាន​ដុល្លា​អាមេរិក​)​។ ក្រុមហ៊ុន ក៏បាន​ប្រើប្រាស់​ថវិកា​ច្រើនជាង ១%(​មួយ​ភាគរយ​) នៃ​ចំណូល​ដុល​សរុប​ប្រចាំឆ្នាំ​របស់​ខ្លូន ដែលមាន​ចំនួន​ទឹកប្រាក់​ច្រើនជាង ៣​លាន​ដុល្លារ​អាមេរិក (​បី​លាន​ដុល្លារ​អាមេរិក​) ដើម្បី​គាំទ្រ​ដល់​កម្មវិធី និង​សកម្មភាព​ទទួលខុសត្រូវ​ផ្នែក​សង្គម (CSR Program) លើ​វិស័យ​មួយចំនួន​រួមមាន​៖ អប់រំ បរិស្ថាន កីឡា​សហគមន៍ និង​វិស័យ​បច្ចេកវិទ្យា និង​នវានុវត្តន៍​។ ដោយឡែក​ក្រុមហ៊ុន Smart Axiata ក៏បាន​បង់​វិភាគទាន ចូល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍ (​មូលនិធិ ក​.​ស​.​ទ​) និង​មូលនិធិ​ការកសាង​សមត្ថភាព និង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (​មូលនិធិ ស​.​អ​) ចំនួន​៣% (​បី​ភាគរយ​) នៃ​ចំណូល​ដុល​សរុប​ប្រចាំឆ្នាំ​របស់ខ្លួន សម្រាប់​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន្ធ និង​បណ្តាញ សេវា​អ៊ីនធឺណិត​ល្បឿន​លឿន និង​អភិវឌ្ឍន៍​ធនធានមនុស្ស លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​នៅ​កម្ពុជា​។​
 
​ក្រៅពី​ការរីកចម្រើន​ខ្លាំង លើ​ការប្រើប្រាស់​ផ្នែក​សេវា​ទិន្នន័យ ព្រម​ជាមួយនិង​ការគ្រប់គ្រង​គ្រប់​ជ្រុងជ្រោយ​លើ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Smart Axiata ប្រតិភូ​នៃ​កិច្ចប្រជុំ​ក៏បាន​លើកឡើង អំពី​សារៈសំខាន់​នៃ​ការរក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព នៃ​វិស័យ​ទូរគមនាគមន៍ ស្របពេល​កម្ពុជា​បាន និង​កំពុង​បោះជំហាន ទៅកាន់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ (5G) និង​បច្ចេកវិទ្យា​ទូរគមនាគមន៍​ទំនើប​ទាន់សម័យ​ផ្សេងៗ​ទៀត សម្រាប់​គាំទ្រ​ទៅដល់​សេដ្ឋកិច្ច​បែប​ឌីជីថល​។​
 



​អំពី​ក្រុមហ៊ុន Smart Axiata

​ក្រុមហ៊ុន Smart Axiata Co., Ltd គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​នាពេល​បច្ចុប្បន្ន​បាន​នឹង​កំពុង​បម្រើ​អតិថិជន​ច្រើនជាង​៨ (​ប្រាំបី​)​លាន​នាក់ ក្រោម​ស្លាក​សញ្ញា “Smart”​។ ក្រុមហ៊ុន Smart Axiata គឺជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុនមេ មាន​ឈ្មោះថា Axiata Group Berhard ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​នានា​ក្នុង​ទ្វីបអាស៊ី​។
 
​ក្រុមហ៊ុន Smart គឺ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ នា​ឆ្នាំ​២០១៤ Smart គឺជា​ប្រតិបត្តិ​ករ​ដំបូងបង្អស់​ក្នុងប្រទេស​កម្ពុជា ដែល​បាន​នាំមក​នូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​សេវា 4G LTE ហើយ​ក៏បាន​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត តាមរយៈ​ការដាក់​ឲ្យ​ដំណើការ​សេវា​បច្ចេកវិទ្យា 4G+ (LTE Advanced) នា​ដើមឆ្នាំ​២០១៦ និង​នា​ដើមឆ្នាំ​២០១៧ ។ ជាពិសេស​ក្រុមហ៊ុន ក៏បាន​ធ្វើការ​ណែនាំ​នូវ​សេវា​បច្ចេកវិទ្យា​ថ្មី​មួយទៀត​គឺ 4G+ HD Voice ឬ VoLTE ដែល​សេវា​នេះ​បានធ្វើ​ឲ្យ Smart កាន់​តែមាន​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​នៅក្នុង​ទីផ្សារ​នៃ​កម្ពុជា​។ ជាមួយ​ទៅនឹង​បច្ចេកវិទ្យា​ដ៏​សម្បូរបែប​រួមមាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G Smart បាន​នឹង​កំពុងផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង​៩៨(​កៅសិប​ប្រាំបី​)​ភាគរយ​ទូទាំង​កម្ពុជា ។​
 
​ដើម្បី​ឲ្យ​កាន់តែ​ទំនើប​ទាន់សម័យ​ស្របទៅតាម​បរិបទ​សង្គម​រស់នៅ ក្រុមហ៊ុន Smart បាន​នឹង​កំពុង​ប្លែងខ្លួន​យ៉ាងសកម្ម​ទៅជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល តាមរយៈ​ការផ្តល់ជូន​នូវ​សេវាកម្ម​ឌីជីថល​ជាច្រើន​ក្នុងនោះ​រួមមាន​៖ ការចាប់​ដៃគូរ​ជាមួយ​ភាគី​អន្តរជាតិ​ដែលមាន​ឈ្មោះ​ល្បី​រន្ទឺ​នានា​ដូចជា​៖ Universal Music, Apple, Facebook និង iflix ហើយ​ក៏មាន​សេវាកម្ម​បែប ឌីជីថល​នានា​ទៀត​ដូចជា SmartLuy, Smart Insurance, SmartPay, Smart Music និង SmartNas​។ 


 
​ក្រុមហ៊ុន Smart មាន​ទស្សនៈវិស័យ​យ៉ាង​ម៉ុ​ត​មាំ នឹង​ក្លាយខ្លួនជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល​ឈានមុខ​គេ​បង្អស់ និង​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។ ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង​១,០០០(​មួយ​ពាន់​)​នាក់ ក្នុងនោះ​រួមបញ្ចូល​ទាំង​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស​។ Smart បាន​នឹង​កំពុង​យកចិត្តទុកដាក់​ជាទីបំផុត​ចំពោះ​អតិថិជន បុគ្គលិក​និយោជិត​របស់ខ្លួន និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​កម្ពុជា តាមរយៈ​ការនាំមក​នូវ​សេវា​បច្ចេកវិទ្យា​លំដាប់​ពិភពលោក បទ​ពិ​សោ​ធ៍​ឌីជីថល​ល្អឥតខ្ចោះ​នានា និង​ពិសេស​គឺ​ការចូលរួម​យ៉ាងសកម្ម​ទៅលើ​ការងារ​ទទួលខុសត្រូវ​សង្គម​។​
 
Smart ជីវិត​រស់​រវើក​!​
​ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថី​ព្រះ​មនី​វង្ស​, ទន្លេបាសាក់​, ខណ្ឌចំការមន​, ភ្នំពេញ​, កម្ពុជា​
​ទូរស័ព្ទ​: +855 10 201 000
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​
​លោក ​គាំ ទី​វា​
​ទូរស័ព្ទ​៖​ ​+855 10 202 271
​អ៊ី​ម៉ែ​ល​៖​ [email protected]
 
​សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីអំពី​ក្រុមហ៊ុន Smart Axiata សូម​ចូល​ទៅកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម និង​គេហទំព័រ​របស់​ក្រុមហ៊ុន ដូចខាងក្រោម​៖ www.facebook.com/SmartAxiata និង www.smart.com.kh




 
​(អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com