ជាតិ
សេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ច​៖ ស្រុក​ខ្មែរ ចាយ​ច្រើន តែ​សន្សំ​តិច​
17, Dec 2019 , 3:22 pm        
រូបភាព
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ធនាគារពិភពលោក(រូបពីធនាគារជាតិនៃកម្ពុជា)
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ធនាគារពិភពលោក(រូបពីធនាគារជាតិនៃកម្ពុជា)
ដោយ:
​ភ្នំពេញ​៖ លោក លី សូ​ដេ​ត អ្នកជំនាញ​សេដ្ឋកិច្ច​ពី​ធនាគារពិភពលោក បាន​ឲ្យ​ដឹងថា ប្រជាជន​កម្ពុជា​ចាយ​ច្រើន តែ​ការ​សន្សំ និង​វិនិយោគ មាន​តិចតួច​នៅឡើយ​។ លោក​បញ្ជាក់ថា ការ​សន្សំ​ក្នុងស្រុក​តិច ហើយ​កម្ពុជា​ពឹង​លើ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI) ច្រើន គឺ​មិនមាន​ជា​សញ្ញា​ល្អ​សម្រាប់​សេដ្ឋកិច្ច​ក្នុងពេល​យូរអង្វែង​ទៅមុខ​នោះទេ ពោលគឺ​អ្នកជំនាញ​ចង់​ឲ្យ​ប្រើប្រាស់​លុយ​របស់​ប្រជាជន​ក្នុងស្រុក បង្វិល​ចុះ​បង្វិល​ឡើង ក្នុង​ចរន្ត​សេដ្ឋកិច្ច​ឲ្យ​បាន​ច្រើន​។

 
«​ស្រុក​ខ្មែរ​យើង ការ​សន្សំ​តិច ការវិនិយោគ​ទាប ប៉ុន្តែ​យើង​ចាយ​ច្រើន ហើយ​ទៅមុខទៀត​អត់​ល្អ​ទេ​»​។ លោក លី សូ​ដេ​ត អះអាង​បែបនេះ​។​
 
​សេដ្ឋវិទូ​ជាន់ខ្ពស់​រូបនេះ លើក​ឧទាហរណ៍​មួយ​ថា បើ​ការ​សន្សំ​ក្នុងស្រុក​មាន​ចំនួន​ច្រើន នោះ​ក៏​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បញ្ចេញ​ឥណទាន​ក្នុង​អត្រា​ការប្រាក់​ទាប​ផងដែរ ព្រោះ​គ្រឹះស្ថាន​ទាំងនោះ​មិនចាំបាច់​ខ្ចីបុល​ពី​ក្រៅប្រទេស​។ លោក​លើកឡើង​ដូច្នេះ​ថា​៖«​កាលណា​យើង​សន្សំ​តិច ដូច​ខាង​មីក្រូហិរញ្ញវត្ថុ​និយាយ​អ៊ីចឹង គឺ​ត្រូវ​ខ្ចីលុយ​ពី​បរទេស ដើម្បី​យកមក​ឲ្យ​កសិករ​ខ្ចី ហើយ​កាលណា​យើង​ខ្ចី​ពី​គេ​គឺ​គេ​យកចំណេញ​ពី​យើង​មួយ​សា ហើយ​(​គ្រឹះស្ថាន​)​ឲ្យ​ខ្ចី​បន្តទៀត គឺ​ត្រូវ​យកចំណេញ​ទៀត អ៊ីចឹង​(​ការប្រាក់​)​ខ្ពស់​»​។​
 
​ប្រសាសន៍​លោក លី សូ​ដេ​ត ក្នុង​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ដែល​រៀបចំឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៦​ខែធ្នូ ៖



 
​បើតាម​លោក លី សូ​ដេ​ត ការ​សន្សំ​ក្នុងស្រុក​របស់​​កម្ពុជា មាន​ប្រមាណ ជាង​១០​ភាគរយ នៃ​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)ប៉ុណ្ណោះ ហើយ​បើ​ក្រ​ឡេ​កមើល​ការ​សន្សំ​របស់​ប្រជាជនចិន គឺមាន​ដល់​ទៅ​៥០​ភាគរយ​នៃ​GDP របស់​ប្រទេស​គេ​។  
 
​អ្នកសេដ្ឋកិច្ច​រូបនេះ ជំរុញ​កម្ពុជា​សម្រួល និង​រៀបចំ​ឲ្យ​មានការ​សន្សំ​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​។ លោក លី សូ​ដេ​ត ប្រាប់ថា ប្រទេស​ផ្សេងៗ​បាន​ប្រើប្រាស់​ប្រាក់​សន្សំ​ក្នុងស្រុក​នេះ ដើម្បី​បម្រើ​ប្រយោជន៍​សេដ្ឋកិច្ច និង​ប្រជាជន​ក្នុងប្រទេស​របស់គេ​។ លោក​បញ្ជាក់ថា កម្ពុជា​ត្រូវការ​ប្រាក់​សន្សំ​ក្នុងស្រុក​នេះ​ច្រើន​ទៀត ហើយ​រដ្ឋាភិបាល​ក៏​អាច​ពឹង​(​ខ្ចី​) ប្រាក់​ទាំងនោះ​យកមក​វិនិយោគ​ឲ្យ​អគ្គិសនី​មានតម្លៃ​ទាប កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​៕

Tag:
 សន្សំ​
  កម្ចី​
  ការប្រាក់​
  លី សូ​ដេ​ត​
  វិនិយោគ​
  FDI
© រក្សាសិទ្ធិដោយ thmeythmey.com