អន្តរជាតិ
អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន Musharraf ត្រូវ​កាត់ទោស​ប្រហារជីវិត​ពីបទ «​ក្បត់ជាតិ​»
17, Dec 2019 , 4:08 pm        
រូបភាព
លោក Pervez Musharraf អតីតមេដឹកនាំសឹក ប៉ាគីស្ថាន (AFP)
លោក Pervez Musharraf អតីតមេដឹកនាំសឹក ប៉ាគីស្ថាន (AFP)
ដោយ:
​តុលាការ​ពិសេស​មួយ ក្នុងប្រទេស​ប៉ា​គី​ស្ថាន បាន​កាត់ទោស​ប្រហារជីវិត​កំបាំងមុខ​អតីត​មេដឹកនាំ​សឹក លោក Pervez Musharraf លើ​បទ​ចោទ ក្បត់ជាតិ​កម្រិតធ្ងន់ និង​ធ្វើ​វិទ្ធង្សនា​រដ្ឋធម្មនុញ្ញ​។ បច្ចុប្បន្ន ពិរុទ្ធជន​រូបនេះ កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅ​ឌូ​បៃ ។

 
«​លោក Pervez Musharraf ត្រូវបាន​រកឃើញថា​មានទោស​ត្រង់​មាត្រា ៦ ដោយ​ល្មើស​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ប៉ា​គី​ស្ថាន​»​។ មន្ត្រី​ការិយាល័យ​ច្បាប់​របស់​រដ្ឋាភិបាល  លោក Salman Nadeem ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ១៧ ធ្នូ​នេះ​។​
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​កាតា Aljazeera លោក Musharraf ដែល​បច្ចុប្បន្នកំពុងរ​ស់​នៅ​ដោយ​និរទេស​ខ្លួន​ក្នុង​ទីក្រុង ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ពុំទាន់​បាន​ឆ្លើយតប​អ្វី​ឡើយ​ចំពោះ​ដំណឹង​កាត់ទោស​នេះ​។ យ៉ាងណាមិញ កន្លងទៅ លោក​ធ្លាប់បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងអស់​មកលើ​លោក​។ 
 
​សវនាការ​កាត់ទោស​ប​ទ​ចោទ «​ក្បត់ជាតិ​» ប្រឆាំង​លោក Musharraf បានចាប់ផ្តើម ក្នុង​ឆ្នាំ​២០១៤​។ សកម្មភាព​លោក​ក្នុង​ឆ្នាំ​២០០៧ ជា​មូលដ្ឋាន​ដ៏​សំខាន់​មួយ​ក្នុងករណី​ទោស​ក្បត់ជាតិ​ប្រឆាំង​អតីត​មេដឹកនាំ​វ័យ​៧៦​ឆ្នាំ​រូបនេះ​។ កាលនោះ​គឺ​នៅ​ថ្ងៃ ៣ វិច្ឆិកា ឆ្នាំ​២០០៧ មេដឹកនាំ​សឹក​រូបនេះ បានប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន និង​បាន​ព្យួរ​រដ្ឋធម្មនុញ្ញ ព្រមទាំង​បាន​ឃុំឃាំង​មេដឹកនាំ​នយោបាយ​ជាន់ខ្ពស់ និង​ចៅក្រម​។ 
 
​ក្រោយមក វិបត្តិ​នយោបាយ​នេះ​កាន់តែ​ដុនដាប ក្នុង​ខែមីនា ឆ្នាំ ២០០៧ ដោយ​កាលនោះ លោក Musharraf បាន​ប៉ុន​ប៉ុង​ដកហូត​តំណែង​របស់​ប្រធាន​យុត្តិធម៌​របស់​តុលាការ​កំពូល​ប៉ា​គី​ស្ថាន គឺ​លោក Iftikhar Muhammad Chaudhry ។ ជា​ទង្វើ​មួយ​ដែល​តុលាការ​កំពូល ក្រោយមក បាន​ចាត់ទុកថា ខុសច្បាប់​។ ការ​ប៉ុន​ប៉ុង​នេះ បាន​រង​ការ​បាតុកម្ម​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​មេធាវី​នៅ​ទូទាំងប្រទេស ។​
 
​លោក Musharraf បាន​ចូល​ក្តោប​អំណាច​ដោយ​ការធ្វើ​រដ្ឋប្រហារ​យោធា​មួយ ក្នុង​ឆ្នាំ​១៩៩៩ ហើយ​បាន​ដឹកនាំ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​នេះ​អស់​ពេល​៩​ឆ្នាំ​។ ក្នុង​ឆ្នាំ​២០០៨ លោក​បាន​សុំលាលែង​ពី​តំណែង​ជា​ប្រធានាធិបតី​ទី​១០​របស់​ប៉ា​គី​ស្ថាន ក្រោយពី​បក្សប្រឆាំង​បាន​ព្យាយាម​បណ្តេញ​រូបលោក​ពី​តំណែង​កំពូល​នេះ​៕

Tag:
 ​ប៉ា​គី​ស្ថាន​
  តុលាការ​
  Pervez Musharraf
© រក្សាសិទ្ធិដោយ thmeythmey.com