កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ប្តឹង​លោក Blatter និង Platini ទារប្រាក់ ២ លាន​ដុល្លារ​មកវិញ​
17, Dec 2019 , 9:39 pm        
រូបភាព
លោក Sepp Blatter ឆ្វេង និង លោក Michel
លោក Sepp Blatter ឆ្វេង និង លោក Michel
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ដាក់ពាក្យ​ប្តឹង​លោក Sepp Blatter និង​លោក Michel Platini ដើម្បី​ទាមទារ​ប្រាក់​ចំនួន ២​លាន​ដុល្លារ​អាមេរិក​មកវិញ​។ តុលាការ​កំពូល​ស្វី​សបាន​ហៅ​ប្រាក់​២​លាន​ដុល្លារ​នេះ ជា​ប្រាក់​ពុករលួយ​។​


 
​អតីត​ប្រធាន FIFA លោក Blatter បាន​ផ្តល់ប្រាក់ ២​លាន​ដុល្លារ​អាមេរិក ទៅ​ឲ្យ​លោក Platini ដែលជា​អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) កាលពី​ឆ្នាំ​២០១១​។ ការផ្តល់ប្រាក់​ឲ្យ​គ្នា​នេះ ត្រូវបាន​ក្រុម​អ្នកស៊ើប​អង្កេត​រកឃើញ​ថា ជា​ប្រាក់​ស៊ីសំណូក ហើយ​បានដាក់​ពិន័យ​អ្នក​ទាំងពីរ មិន​ឲ្យ​មាន​សកម្មភាព​ក្នុង​កីឡាបាល់ទាត់​រយៈពេល​៤​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៥​មក​។​
 
​គណៈ​ក​ម្មា​ធិ​អភិបាលកិច្ច FIFA កាលពី​ខែវិច្ឆិកា បានសម្រេច​ថា ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក ត្រូវមាន​កាតព្វកិច្ច​ទាមទារ​រកប្រាក់ ដែល លោក Blatter ឲ្យ Platini ក្រោម​កិច្ចព្រមព្រៀង​ផ្ទាល់មាត់​នោះ​ត្រឡប់មកវិញ​។​
 
​ដោយមាន​ការគាំទ្រ​ពី​តុលាការ​កំពូល​របស់​ស្វ៊ី​ស​ផង​នោះ FIFA បានដាក់​ពាក្យ​ប្តឹងទៅ​បុរស​សញ្ជាតិ​ស្វ៊ី​ស Blatter និង Platini សញ្ជាតិ​បារាំង ដើម្បី​ទាមទារ​ប្រាក់ ២​លាន​ដុល្លារ ព្រមទាំង​ថ្លៃ​ការប្រាក់​ពីលើ​នេះ​បន្ថែម​ផង​។ 
 
​ក្នុង​សំណេរ​របស់ FIFA បានសរសេរថា​៖«​ថ្ងៃនេះ FIFA បានដាក់​ពាក្យបណ្តឹង ទៅ​តុលាការ​កំពូល​របស់​ស្វី​ស ដែល​ពាក់ព័ន្ធ​នឹង​លោក Joseph Blatter អតីត​ប្រធាន FIFA និង​អតីត​អនុប្រធាន FIFA លោក Michel Platini ដើម្បី​ទារប្រាក់​ខុសច្បាប់ ចំនួន ២ លាន​ដុល្លារ ដែល Blatter ឲ្យ​ជា​កាដូ សម្រាប់ Platini កាលពី​ខែកុម្ភៈ ឆ្នាំ​២០១១ ត្រឡប់មកវិញ​»​។​
 
​ជុំវិញ​ករណីនេះ សូម្បីតែ​តុលាការ​កំពូល​ស្វី​ស ក៏បាន​បញ្ជាក់ដែរថា កាដូ​ជា​ទឹកប្រាក់ រហូតដល់​ទៅ ២​លាន​ដុល្លារ​អាមេរិក​នេះ គឺមាន​ចំនួន​ច្រើន​ហួសហេតុ​ពេក​ហើយ​។​
 
​លើសពីនេះ​ទៀត ក្រុមមន្ត្រី​ពាក់ព័ន្ធ​បាន​ស៊ើបអង្កេត​លើ​ករណី​ប្រព្រឹត្ត​អំពើពុករលួយ ដែល​ជាប់ទាក់ទង​នឹង​ការផ្តល់​សិទ្ធិ​ប្រកួត World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី និង​ឆ្នាំ​២០២២ នៅ​កាតា​ផង​។ លោក Blatter និង Platini ក៏​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងក្តី​នេះដែរ មុនពេល​លោក​ចុះ​ចេញពី​តំណែង ក្នុង​ឆ្នាំ ២០១៥​។​
 
​ប្រសិនបើ​ប្រាក់ ២​លាន​ដុល្លារ និង​ការប្រាក់​មួយចំនួន​នោះ យកបាន​មកវិញ FIFA អះអាងថា​នឹង​ផ្តល់​ឲ្យ​ទៅ​មូលនិធិ​នេះ ជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​៕

Tag:
 FIFA
  Sepp Blatter
  Michel Platini
© រក្សាសិទ្ធិដោយ thmeythmey.com