អន្តរជាតិ
Boeing ប្រកាស​ផ្អាក​ការផលិត​យន្តហោះ 737 Max បណ្តោះអាសន្ន
18, Dec 2019 , 8:29 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ក្រុមហ៊ុន​យន្តហោះ​អាមេរិក Boeing នៅ​ថ្ងៃទី​១៦ ខែធ្នូ បានប្រកាសថា ខ្លួន​នឹង​ផ្អាក​ដំណើរ​ការផលិត​យន្តហោះ 737 Max ដែល​លក់ដាច់​បំផុត​នៅក្នុង​ខែមករា ឆ្នាំ​២០២០​ខាងមុខនេះ​។ ការផ្អាក​ដំណើរការ​ផលិត​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​កន្លងមកនេះ ត្រូវបាន​គេ​មើលឃើញថា ដោយសារតែ​ការធ្លាក់​យន្តហោះ​ប្រភេទ​នេះ ២​គ្រឿង ត្រឹមតែ​រយៈពេល​៥ ខែ​ប៉ុណ្ណោះ​។​


 
​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក Boeing យៈ​ពេល​ពីរ​ថ្ងៃ បានសម្រេច​ផ្អាក​ដំណើរ​ការផលិត​យន្តហោះ​ប្រភេទ​Boeing 737MAX នៅក្នុង​ខែមករា ឆ្នាំ​២០២០ ខាងមុខ បន្ទាប់ពី​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធរ​បស់​អាមេរិក (FAA) បាន​បដិសេធ ផ្តល់​អាជ្ញា​ប័​ណ្ឌ​ក្នុងការ​ហោះហើរ​មុន​ឆ្នាំ ២០២០ លើ​យន្តហោះ​ខ្នាត​ធំ​មួយ​នេះ ។ 
 
​យ៉ាងណាក៏ដោយ ការសម្រេច​របស់​ក្រុមប្រឹក្សាភិបាល ត្រូវបាន​គេ​មើលឃើញថា វា​មានការ​ប៉ះពាល់​តិចតួច​តែប៉ុណ្ណោះ​ក្នុងពេល​ភ្លាមៗ​នេះ ខណៈពេល​ជើងហោះហើរ​មួយចំនួន​ត្រូវបាន​ផ្អាក​រួចហើយ និង​ការជំរុញ​ឲ្យ​ភ្ញៀវ​ជាច្រើន​លុបចោល​ការហោះហើរ​ជាដើម​។ ដោយឡែក​បុគ្គលិក​ជាង​១​ម៉ឺន​នាក់​វិញ ក្រុមហ៊ុន​នៅតែ​រក្សាទុក​ដដែល ដើម្បី​បញ្ចៀស​ផលវិបាក​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម​សកល និង​សេដ្ឋកិច្ច​អាមេរិក​។ 
 
​មកទល់ពេលនេះ ក្រុមហ៊ុន Boeing នៅតែ​បន្ត​ផលិត​ដដែល​យន្តហោះ​ដដែល បើទោះបី​ជាមាន​ការហាម​ឃាត់​ការហោះហើរ​ក៏ដោយ ប៉ុន្តែ​ក្នុង​តែ​បរិមាណ​តិចតួច​តែប៉ុណ្ណោះ​។ ពោលគឺ​ក្រុមហ៊ុន​យន្តហោះ នឹង​ផលិត​ត្រឹមតែ ៤២​គ្រឿង និង​ទិញ​គ្រឿង​ម៉ាស៊ីន​យន្តហោះ ត្រឹមតែ ៥២​ផ្នែក​តែប៉ុណ្ណោះ​ក្នុង​មួយខែ​។ 
 
​យន្តហោះ Boeing ប្រភេទ 737 MAX ត្រូវបាន​ផ្អាក​ហោះហើរ​តាំងពី​ខែមីនា​មក​ម្លេះ ដោយសារ​យន្តហោះ​ប្រភេទ​នេះ បាន​ធ្លាក់​នៅក្នុង​ឥណ្ឌូណេស៊ី​មួយគ្រឿង និង​អេ​ត្យូ​ពីមួយ​គ្រឿង ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣៤៦​នាក់ ក្នុង​រយៈពេល ៥​ខែ​តែប៉ុណ្ណោះ​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​យន្តហោះ​មួយ​នេះ បាន​ខាត​លុយ​ប្រមាណ​ជា ៩​ពាន់​លាន​ដុល្លារ​។ 
 
​យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹងថា យន្តហោះ​ប្រភេទ​737MAX ត្រូវ​អនុញ្ញាត​ឲ្យ​ហោះហើរ​នៅពេលណា​ទេ ប៉ុន្តែ​វា​ត្រូវ​ផ្អែកទៅលើ​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​។ បើ​គេ​រំពឹងទុក យន្តហោះ 737MAX អាច​នឹង​អនុញ្ញាត​ឲ្យ​ដំណើរការ​វិញ ប្រសិន​មានការ​ផ្លាស់ប្តូរ​ការសាកល្បង​ផ្នែក​បច្ចេកទេស​ឲ្យ​ស្របទៅនឹង​ច្បាប់​របស់​អាមេរិក​៕

Tag:
 អាមេរិក​
  Boeing
© រក្សាសិទ្ធិដោយ thmeythmey.com