អត្ថបទ៖ ស៊ីធី
ក្នុងឆ្នាំ ២០១៩ Eduard Folayang រហស្សនាម «Landslide»បានចូលរួមប្រកួតប្រជែងយ៉ាងខ្លាំងក្លាក្នុងការដណ្ដើមយកខ្សែក្រវាត់ ONE Lightweight World Champion ជាច្រើនដង។ កីឡាករជើងចាស់មកពីក្លិប TEAM LAKAY រូបនេះបញ្ចប់ ទៅដោយភាពលេចធ្លោជាច្រើន នៅសង្វៀន One។
កីឡាករវ័យ ៣៦ ឆ្នាំ ដដែលនេះបានរបូតខ្សែក្រវាត់ ទៅកាន់គូប្រជែងជូរចត់ Shinya Aoki នៅក្នុងកម្មវិធី ONE: A NEW ERA នៅក្រុងតូក្យូ ប្រទេសជប៉ុន កាលខែ មីនា និងបន្តចាញ់ ជើងខ្លាំង Eddie Alvarez នៅក្នុងកម្មវិធី ONE: DAWN OF HEROES នាក្រុងម៉ានីលប្រទេសហ្វីលីពីនទៀត កាលខែ សីហា។ ទោះជាបែបណាក្ដី Folayang នៅតែបន្តការតាំងចិត្តជាថ្មី។
ក្នុងការប្រកួតចុងក្រោយប្រចាំឆ្នាំ Folayang បានយកឈ្នះកីឡាករម៉ុងហ្គោលី Amarsanaa Tsogookhuu ដោយពិន្ទុកាលខែ វិច្ឆិកា នៅក្នុងកម្មវិធី ONE: MASTERS OF FATE នាក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ជាមួយគ្នានោះ មិត្តភ័ក្តិរបស់ Folayang កីឡាករ Geje Eustaquio និង ម្ចាស់ខ្សែក្រវាត់ទម្ងន់ Strawweight កីឡាករ Joshua Pacio ឬ “The Passion” បានឈ្នះការប្រកួតរៀងៗខ្លួន។ លើសពីនេះកីឡាករមកពី Team Lakay បានទៅប្រកួតនៅស៊ីហ្គេមនិងឈ្នះមេដាយមួយចំនួនផងដែរ។
“Landslide” នឹងដាក់គោលដៅដើម្បីនាំយកលទ្ធផលល្អពេលប្រឈមនឹងកីឡាករជំនាញចំបាប់មកពីប៉ាគីស្ថាន Ahmed Mujtaba នៅក្នុងកម្មវិធី ONE: FIRE & FURY នៅសង្វៀន Mall Of Asia Arena នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២០ខាងមុខ ពីក្រុងម៉ានីលប្រទេសហ្វីលីពីន។ កីឡាករជានិមិត្តរូបរបស់ហ្វីលីពីនបានរំលឹកការប្រកួតនៅឆ្នាំ ២០១៩ មានភាពជូរចត់ និង ដាក់គោលដៅនៅឆ្នាំ ២០២០។
VIDEO
ONE Championship: តើឆ្នាំ ២០១៩ មានអ្វីដែលចាប់អារម្មណ៍សម្រាប់ Folayang? Folayang ប្រកួតជាមួយកីឡាករខ្លាំងៗពីររូបនៅឆ្នាំ ២០១៩ តើ យល់យ៉ាងណាសម្រាប់ឆ្នាំកន្លងទៅ?
Eduard Folayang: យើងមិនអាចផ្លាស់ប្ដូរអ្វីដែលបានកើតឡើងនោះទេ។ ទោះបីខ្ញុំចង់ធ្វើបានល្អដូចអ្វីដែលខ្ញុំបានធ្វើកន្លងមក ក៏ខ្ញុំមិនអាចទៅរួចដែរ។ ខ្ញុំទទួលលទ្ធផលមិនល្អ ប៉ុន្តែខ្ញុំនៅសប្បាយរីករាយក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំមានភាពសោកស្ដាយយ៉ាងច្រើន បើសិនជាខ្ញុំបានចូលនិវត្តន៍ ហើយក៏មិនមានឱកាសបង្ហាញឲ្យល្អជាងនេះដែរ។ យ៉ាងណាក្ដីខ្ញុំនៅតែអរគុណចំពោះរឿងទាំងនេះ និង រឿងរ៉ាវដែលកើតឡើង១ឆ្នាំកន្លងមក។ អ្វីៗកើតឡើងក្នុងឆ្នាំកន្លងទៅ បានក្លាយជាផ្នែកមួយសម្រាប់ខ្ញុំដើម្បីរៀបចំការប្រកួតបន្ទាប់នៅឆ្នាំថ្មី។
ONE: អ្វីទៅជារឿងសំខាន់ដែល Folayang បានរៀនអំពីការប្រកួតទាំងនេះ?
EF: ខ្ញុំបានរៀនសូត្រច្រើនមែនទែន។ ការរក្សាចិត្តឲ្យត្រជាក់តាមតែអាចធ្វើទៅបានជារឿងមួយក្នុងចំណោមរឿងទាំងនេះ។ ខ្ញុំត្រូវតែធ្វើឲ្យចិត្តឲ្យត្រជាក់ទោះជាពោរពេញដោយកំហឹងក្ដី។ រឿងមួយទៀត គឺបង្ហាញអំពីចំណុចខ្លាំងរបស់ខ្ញុំ និង បន្តផែនការនៃការប្រកួតឲ្យកាន់តែល្អ។ នេះជារឿងសំខាន់ទីពីរដែលខ្ញុំបានរៀនសូត្រនៅឆ្នាំកន្លងទៅ។
ONE: ពេលបញ្ចប់ការប្រកួតចុងក្រោយ ប៉ុន្តែយើងមើលឃើញអាយុរបស់អ្នកគ្រាន់តែជាតួលេខប៉ុណ្ណោះ។ តើ Folayang មានអារម្មណ៍ថាវាអាចត្រលប់មកកាន់ការឈ្នះកាន់តែច្រើនជាងឆ្នាំចាស់ទេ?
EF: បាទការពិត! ខ្ញុំសប្បាយចិត្ត ហើយខ្ញុំដូចជាធ្វើបានល្អឡើងវិញ។ ខ្ញុំទទួលស្គាល់ចំណុចនេះ។ បើក្រឡេកទៅ ខ្ញុំគិតថាឆ្នាំ ២០១៩ ជាឆ្នាំដ៏តឹងតែងរបស់ខ្ញុំ ។ បែបណាក្ដី វានៅតែមានឱកាសសម្រាប់ខ្ញុំដើម្បីធ្វើឲ្យល្អប្រសើរឡើង និង ប្រកួតកាន់តែល្អនៅប្រកួតបន្ទាប់។
ONE: ឆ្នាំ២០១៨ Folayang និង សមាជិក៣នាក់ផ្សេងទៀតមកពី Team Lakay កាន់ខ្សែក្រវាត់ World Title។ តើ Folayang គិតថាវាជារឿងសំខាន់ទេ?
EF: យើងចង់ផ្ញើសារទៅកាន់អ្នករាល់គ្នា ជាពិសេសអ្នកដែលចូលចិត្តក្បាច់គុន។ សារដ៏សំខាន់នោះគឺយើងមិនអាចគេចពីថ្ងៃអាក្រក់បានរហូតបាននោះទេ។ ហើយយើងក៏អាចស្វែងរកថ្ងៃល្អសម្រាប់ជីវិតដែរ។ ជ័យជម្នះ របស់ពួកយើង គឺអាចលើកទឹកចិត្តដល់អ្នករាល់គ្នាមិនថាប្រជាជនហ្វីលីពីន ហើយក៏ជាការលើកទឹកចិត្តសម្រាប់កីឡាករដែលប្រកួតស៊ីហ្គេមទៀតផងដើម្បីឲ្យពួកគេខំប្រឹងប្រែង។
ONE: ខ្ញុំមើលឃើញបណ្ដាញសង្គមរបស់អ្នកពោរពេញដោយព័ត៌មានថ្មីៗនៅស៊ីហ្គេម តើមានមិត្តរួមក្រុមប្រកួតមែនទេ?
EF: Team Lakay មានកីឡាករ៣រូបប្រកួត kickboxing ហើយអ្នកទាំង៣ឈ្នះមេដាយមាសទាំង៣តែម្ដង។ ហើយកីឡាករវ័យក្មេងក៏ប្រកួតវិញ្ញាសា «មួយ» ហើយឈ្នះមេដាយប្រាក់ និង សំរឹទ្ធ។ យ៉ាងណាក្ដី វាជាការលើកទឹកចិត្ត និង ជាការបង្កើតកីឡាករថ្មីៗសម្រាប់ជម្រើសជាតិ ផ្នែកក្បាច់គុន។ ហើយត្រូវបន្តបេសកកម្មនេះសម្រាប់ប្រទេសទៅថ្ងៃអនាគត និង ដាក់គោលដៅយកជើងឯកសម្រាប់ប្រទេសរបស់យើង។
ONE: តើ Folayang ផ្ដល់ព័ត៌មានអំពីស៊ីហ្គេមដោយវិធីណា?
EF: ខ្ញុំឡើង និងចុះភ្នំនៅតំបន់ Baguio ដើម្បីគាំទ្រក្រុមជម្រើសជាតិផ្សេងគ្នា។ ខ្ញុំទៅគាំទ្រ វូស៊ូ ព្រោះបងប្អូនជីដូនមួយខ្ញុំប្រកួត ហើយក៏មកគាំទ្រកីឡាករ kickboxer វិញជាដើម។ វាមានតម្លៃណាស់សម្រាប់ជាតិ និង ស្វែងរកមេដាយជូនជាតិ។
ONE: នៅក្រៅសង្វៀន តើអ្វីជាសកម្មភាពពេញចិត្តបំផុតនៅឆ្នាំ ២០១៩?
EF: អ្វីដែលខ្ញុំពេញចិត្ត គឺ ចំណាយពេលនៅជាមួយគ្រួសាររបស់ខ្ញុំ ជាមួយប្រពន្ធ និង កូនស្រីពីរនាក់របស់ខ្ញុំ។ ខ្ញុំនៅជាមួយពួកគេក្រោយការប្រកួតចប់។ យើងមានពេលធ្វើដំណើរជាមួយគ្នាក្រោយចប់ការប្រកួត។ នោះហើយជាសកម្មភាពដ៏មានតម្លៃសម្រាប់ខ្ញុំ។
ONE: នៅឆ្នាំ ២០២០ ខាងមុខ តើFolayang ចង់ខ្សែក្រវាត់ ONE Lightweight World Title ទេបើមានឱកាសប្រកួត?
EF: ខ្ញុំគិតថាឈ្នះខ្សែក្រវាត់កម្រិតពិភពលោកគឺជាគោលដៅមួយ។ ខ្ញុំពិតជាចង់ឈ្នះណាស់។ ខ្ញុំយល់អំពីរឿងនេះ ហើយត្រូវធ្វើការងារខ្លាំងដើម្បីឈ្នះខ្សែក្រវាត់ម្ដងទៀត។ ខ្ញុំនឹងរៀបចំខ្លួនឲ្យល្អបំផុតនៅឆ្នាំក្រោយ។
ONE: តើ Folayang មានគោលដៅផ្ទាល់ខ្លួនផ្សេងទៀតទេ?
EF: ដូចខ្ញុំបាននិយាយ ខ្ញុំមានការងារជាច្រើនត្រូវធ្វើ និង អភិវឌ្ឍខ្លួន ហើយកែប្រែចំណុចមិនល្អទាំងនេះឡើងវិញដើម្បីឈានដល់គោលដៅ។ ខ្ញុំមានឆន្ទៈសម្រាប់ឆ្នាំថ្មី។ បើទោះវាមិនបានផ្ដល់ឲ្យខ្ញុំនូវរឿងល្អឥតខ្ចោះប៉ុន្តែ អាចនាំខ្ញុំទៅសម្រេចគោលដៅ។
ONE: ចុះគ្រួសាររបស់ Folayang យ៉ាងណាដែរ? បច្ចុប្បន្នមានកូនស្រីពីរនាក់ តើមានគម្រោងយកកូនប្រុសដើម្បីស្នងត្រកូលទេ?
EF: វាលំបាកបន្តិចព្រោះពិបាករកគេឲ្យមើលកូនរបស់យើង ប៉ុន្តែគោលដៅមួយរបស់ខ្ញុំសម្រាប់គ្រួសារ គឺចង់បានកូនប្រុសមួយ។ កូនស្រីរបស់ខ្ញុំពីរនាក់នេះជាជំនួយដ៏ល្អ។ ខ្ញុំសូមអរគុណដល់ប្រពន្ធរបស់ខ្ញុំ ដែលមានឆន្ទៈដើម្បីមើលថែកូនបានល្អ។ ហើយប្រពន្ធខ្ញុំក៏ជួយដល់អាជីពខ្ញុំច្រើនណាស់ដែរ។
កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕