ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​រំលង​! ចង់ឱ្យ​សក់​រឹងមាំ គួរ​ញុាំ​អ្វី​?
18, Dec 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក៏​ដូច​ទៅនឹង​ស្បែក​ដែរ ស្ថានភាព​នៃ​សក់​របស់​អ្នក គឺជា​សញ្ញា​មួយ​នៃ​សុខ​ភាពល្អ​។ កោសិកា​ដែល​បង្កើតជា​សរសៃសក់​នីមួយៗ​ទាមទារ​ឱ្យមាន​ការផ្គត់ផ្គង់​ជាប្រចាំ​នូវ​សារធាតុចិញ្ចឹម​សំខាន់ៗ​ដើម្បី​រក្សាបាន​នូវ​ភាពរឹងមាំ​ស្រស់ស្អាត​។ អ្វីដែល​អ្នកទទួល​ទាន​ក៏​ជះឥទ្ធិពល​លើ​ស្ថានភាព​នៃ​សក់​គួរឱ្យកត់សម្គាល់​ផងដែរ​។


​ដូច្នេះ​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អ្វីដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ទទួលបាន​សក់​ស្រស់ស្អាត​មាន​សុខ​ភាពល្អ ៖
 
១. វីតាមីន C

​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C គួរ​ត្រូវបាន​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ប្រសិនបើ​អ្នក​ចង់​រក្សាបាន​នូវ​សុខភាព​សក់​ល្អប្រសើរ​។ នោះ​ក៏​ព្រោះតែ​វីតាមីន C ជួយ​បង្កើន​ការ​ស្រូប​យកជាតិ​ដែក ហើយ​ការពារ​រាងកាយ​ពី​ការ​រលាក​និង​ជំងឺ​ផ្សេងៗ​ដែល​អាច​បណ្ដាលឱ្យ​សក់​ផុយស្រួយ បែក​ចុង និង​ឆាប់​ជ្រុះ​។ លើសពីនេះទៅទៀត​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​បង្កើន​ការផលិត​កូ​ឡា​ជែ​ន ហើយ​ពង្រឹង​ឫស​សក់​ឱ្យ​កាន់តែ​រឹងមាំ​ផងដែរ​។​
 
២. ការ៉ុត​

​បន្លែ​មើម​នេះ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន A ដែល​ចាំបាច់​សម្រាប់​ការផលិត​ជាតិ​ប្រេង​ធម្មជាតិ​នៃ​សក់ ដើម្បី​រក្សាបាន​នូវ​ស្បែកក្បាល​មាន​សុខ​ភាពល្អ​។ ប្រសិនបើ​គ្មាន​ជាតិ​ប្រេង​គ្រប់គ្រាន់​ទេនោះ​ស្បែកក្បាល​នឹង​ប្រែជា​ស្ងួត ហើយ​រមាស់​។​
 
៣. អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣

​អាស៊ីត​ខ្លាញ់​ល្អ​អាចជួយ​ចិញ្ចឹម​សក់ ហើយ​បង្កើន​ការលូតលាស់​ធ្វើឱ្យ​សក់​ដុះ​លឿន​ឆាប់​ក្រាស់​។ ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ គឺ​ត្រី​សម្បូរ​ខ្លាញ់​។​

៤. ទឹកដោះគោ​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ដែល​មិន​ត្រឹមតែ​ល្អ​សម្រាប់​ឆ្អឹង​និង​ធ្មេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សំខាន់​ចំពោះ​សុខភាព​សក់​ផងដែរ​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​ទឹកដោះគោ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៥. វីតាមីន E

​វីតាមីន E ជួយ​ឱ្យ​ឫស​នៃ​សក់​ធ្វើការ​កាន់តែ​មាន​ប្រសិទ្ធភាព និង​បង្កើន​ចរន្តឈាម​ជំរុញ​ការលូតលាស់​សក់​។ វា​ក៏​ជួយ​រក្សា​កម្រិត​តុល្យភាព PH និង​ជាតិ​ប្រេង​ទប់ស្កាត់​ភាព​រាំងស្ទះ​ដល់​ការលូតលាស់​នៃ​សក់​ផងដែរ​។ ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​វីតាមីន E រួមមាន​ផ្លែ​បឺ​រ និង​គ្រាប់​ធញ្ញជាតិ​។​
 
៦. ស៊ុត​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ Biotin និង Protein ដែល​សំខាន់​សម្រាប់​សុខភាព​ស្បែកក្បាល ព្រមទាំង​ការលូតលាស់​នៃ​សក់​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com