ធ្លាប់ដឹងទេថាបញ្ហាសុខភាពរ៉ាំរ៉ៃមួយចំនួនដូចជាក្រហាយទ្រូង និងឈឺខ្នងអាចបណ្ដាលមកពីការគេងខុសទីតាំង។ ថាតើគួរគេងបែរទៅខាងណាទើបប្រសើរ?
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរគេងខាងស្ដាំ ឬផ្កាប់មុខ ៖
១. វាបង្កបញ្ហាក្រហាយទ្រូង ឬច្រាលទឹកអាស៊ីតក្រពះ
ការគេងរាបស្មើបែរទៅខាងស្ដាំ ឬការគេងផ្ងារងាយនឹងបណ្ដាលឱ្យកើតមានបញ្ហាច្រាលទឹកអាស៊ីតក្រពះណាស់។ ហើយប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហានៃជំងឺច្រាលទឹកអាស៊ីតក្រពះនោះ អ្នកគួរគេងផ្អៀងទៅខាងឆ្វេងទើបប្រសើរ។ នៅពេលអ្នកគេងក្នុងទីតាំងបែបនេះ ក្រពះ គឺនឹងស្ថិតនៅក្រោមបំពង់អាហារ។ ដូច្នេះទឹកអាស៊ីតក្រពះមិនអាចច្រាលត្រឡប់ចូលទៅក្នុងបំពង់អាហារវិញបានឡើយ។
២. វាមិនល្អចំពោះឆ្អឹងកងខ្នងនិងខ្នងរបស់អ្នកឡើយ
យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថាការគេងបែរខាងស្ដាំ គឺមានទំនាក់ទំនងផ្សារភ្ជាប់ទៅនឹងការឈឺខ្នងរ៉ាំរ៉ៃ។ នេះក៏ព្រោះតែការគេងក្នុងទីតាំងនេះដាក់សម្ពាធលើខ្នងនិងឆ្អឹងកងខ្នងដោយទំងន់មួយភាគធំត្រូវស្ថិតក្នុងផ្នែកនៃរាងកាយទាំងនោះ។ ហើយនៅពេលឆ្អឹងកងខ្នងមិនស្ថិតក្នុងទីតាំងធម្មជាតិវានឹងបង្កអាការៈស្ពឹក ឬត្រូវការសន្ធឹងនៅពេលអ្នកផ្លាស់ប្ដូរទីតាំង។ ខណៈដែលការគេងបែរទៅខាងឆ្វេង គឺប្រសើរបំផុតចំពោះអ្នកមានបញ្ហាឈឺខ្នង។ អ្នកដែលមានបញ្ហាឈឺខ្នងរ៉ាំរ៉ៃអាចទទួលបានអត្ថប្រយោជន៍យ៉ាងប្រសើរពីការគេងផ្អៀងទៅខាងឆ្វេង។ នោះក៏ព្រោះតែការគេងផ្អៀងអាចបំបាត់សម្ពាធដែលសង្កត់លើឆ្អឹងខ្នង។ ដូច្នេះប្រសិនបើអ្នកចង់គេងលក់បានស្រួល ចូរព្យាយាមគេងផ្អៀងទៅខាងឆ្វេង។
៣. វាអាចបង្កបញ្ហាឈឺកញ្ចឹងករ៉ាំរ៉ៃ
អ្នកមិនអាចដកដង្ហើមបានស្រួលនិងត្រឹមត្រូវឡើយនៅពេលគេងផ្កាប់មុខ ប្រសិនបើមិនបែរកទៅម្ខាង។ ហើយការគេងក្នុងទីតាំងបែបនេះយូរទៅនឹងបង្កបញ្ហាឈឺកញ្ចឹងកជាមិនខាន។
៤. វាអាចដាក់សម្ពាធបន្ថែមលើទារកក្នុងផ្ទៃ
ស្ត្រីមានផ្ទៃពោះមិនគួរគេងផ្កាប់មុខឡើយ! ការគេងបែបនេះនឹងបន្ថែមទម្ងន់ទៅផ្នែកកណ្ដាលនៃរាងកាយ ហើយបង្កើនសម្ពាធលើឆ្អឹងកងខ្នង។ លើសពីនេះទៅទៀតការគេងផ្កាប់មុខអាចសង្កត់ទារកជាប់មិនអាចកម្រើកបានដោយសេរីឡើយ។ ចំពោះការគេងបែរទៅស្ដាំវិញ គឺគ្មានអ្វីខុសទេប្រសិនបើអ្នកសម្រេចចិត្តគេងបែរទៅខាងស្ដាំកំឡុងពេលមានផ្ទៃពោះនោះ។ ប៉ុន្តែប្រសិនបើអ្នកគេងបែរទៅខាងឆ្វេង អ្នកអាចទទួលបានអត្ថប្រយោជន៍មួយចំនួនបន្ថែម ជាពិសេសកំឡុងត្រីមាសចុងក្រោយ។ អត្ថប្រយោជន៍នោះ គឺវាអាចជួយធ្វើឲ្យចរន្តឈាមរត់មានលក្ខណៈកាន់តែល្អប្រសើរឡើង និងសង្គ្រោះថ្លើមពីទម្ងន់ដែលលើស ដោយការអនុញ្ញាតឲ្យថ្លើមដំណើរការមុខងារផ្សេងទៀតរបស់វា។ នោះហើយជាមូលហេតុដែលវេជ្ជបណ្ឌិតជាច្រើនណែនាំអោយស្ត្រីមានផ្ទៃពោះគេងផ្អៀងទៅខាងឆ្វេង។ បើទោះជាអ្នកគ្មានផ្ទៃពោះ ប៉ុន្តែការគេងផ្អៀងទៅឆ្វេងក៏ជួយកាត់បន្ថយសម្ពាធចេញពីបេះដូងគួរឲ្យកត់សម្គាល់។
៥. វាអាចបណ្ដាលឱ្យមុខឡើងស្នាមជ្រីវជ្រួញ
នោះក៏ព្រោះតែការគេងផ្អៀង ឬផ្កាប់មុខដាក់សម្ពាធលើស្បែកមុខដោយត្រូវផ្អឹបជាប់នឹងខ្នើយដែលអាចបណ្ដាលឱ្យមានស្នាមជ្រីវជ្រួញនៅពេលយូរទៅ។
៦. វាបន្ថែមសម្ពាធទ្រូង និងសុដន់
សម្ពាធបន្ថែមពីការគេងផ្អៀង ឬផ្កាប់មុខងាយនឹងបណ្ដាលឱ្យឈឺទ្រូងណាស់! លើសពីនេះទៅទៀតការគេងផ្អៀងយូរទៅក៏អាចបណ្ដាលឱ្យសុដន់ធ្លាក់យារផងដែរព្រោះទំនាញធម្មជាតិទាញសុដន់ឱ្យធ្លាក់ចុះក្រោម។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមគេងផ្ងារ៕
ត្រួតពិនិត្យដោយ www.health.com.kh