អន្តរជាតិ
លោក មូ​ន ចេ​អ៊ី​ន តែងតាំង​អតីត​ប្រធាន​សភាជាតិ​ជា​នាយករដ្ឋមន្ត្រី
18, Dec 2019 , 9:33 am        
រូបភាព
លោក ជុង សេឃ្យុន អតីតប្រធានសភាជាតិ ត្រូវបានប្រធានាធិបតី មូន ចេអ៊ីន តែងតាំងជានាយករដ្ឋមន្រ្តី។ រូបភាព AFP
លោក ជុង សេឃ្យុន អតីតប្រធានសភាជាតិ ត្រូវបានប្រធានាធិបតី មូន ចេអ៊ីន តែងតាំងជានាយករដ្ឋមន្រ្តី។ រូបភាព AFP
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១៧ ខែធ្នូ បានតែងតាំង​អតីត​ប្រធាន​សភាជាតិ ជុង សេ​ឃ្យុ​ន (Chung Sye-kyun) ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​ថ្មី​។ បេក្ខភាព​លោក ជុង ដែលជា​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​មុខ​ញញឹម​ប្រិមប្រិយ ត្រូវបាន​មើលឃើញថា ជា​ចំណាត់ការ​បន្ថែម​របស់​លោក មូ​ន ក្នុង​ការជំរុញ​សេដ្ឋកិច្ច​ប្រទេស​ដែល​ធ្លាក់ចុះ​។ ប៉ុន្តែ​ការតែងតាំង​នេះ ក៏​រង​ការរិះគន់ ដ្បិត​លោក ជុង ធ្លាប់​ដឹកនាំ​ស្ថាប័ន​នីតិបញ្ញត្តិ​រួចហើយ​ដែរ​។​

 
​លោក ជុង សេ​ឃ្យុ​ន ដែលជា​អតីត​ប្រធានរដ្ឋសភា និង​បច្ចុប្បន្ន​ជា​សមាជិកសភា​សម្រាប់​អាណត្តិ​ទី​៦ ហើយ​នោះ ត្រូវបាន​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក លី ណាក់​យុន ដែល​ទំនងជា​ត្រឡប់​ចូល​ឆាកនយោបាយ​ម្ដងទៀត​។ លោក មូ​ន បាន​និយាយ​លើកសរសើរ​លោក ជុង ថា ជា​មនុស្សម្នា​ក់មាន​សម​ត្ថ​ភាព​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ ដែល​កំពុងតែ​ជួប​បញ្ហា​ថមថយ​ល្បឿន​។​
 
​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​វិមាន​ប្រធានាធិបតី លោក មូ​ន លើកឡើងថា​៖ «​លោក ជុង តែងតែ​អនុវត្ត​គោលនយោបាយ​ដោយ​ការ​ស្ដាប់ ឲ្យ​តម្លៃ​លើ​កិច្ចសន្ទនា និង​ការសម្របសម្រួល​ជាមួយ​បុគ្គលិកលក្ខណៈ​ទន់ភ្លន់រ​ប​ស់លោក​។​»
 
​លោក ជុង ដែលជា​សមាជិកសភា​ប​ក្ស​ប្រជាធិបតេយ្យ​កំពុងកាន់​អំណាច មាន​បទពិសោធ​ក្រាស់ក្រែល​លើ​កិច្ចការ​សេដ្ឋកិច្ច​។ លោក​ធ្លាប់​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ឯកជន​រយៈពេល​១៧​ឆ្នាំមុន​ប្រឡូក​ចូល​នយោបាយ ក្លាយជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០០៧ និង​ចុងក្រោយ​ជា​ប្រធាន​សភាជាតិ​។ លោក ត្រូវបាន​ចាត់ទុកជា​អ្នកនយោបាយ​ម្នាក់​ដែល​ប្រិមប្រិយ មុខរីក​មិន​ដាច់ រហូត​ត្រូវបាន​អ្នកសារព័ត៌មាន​កូរ៉េខាងត្បូង​ផ្ដល់​រហស្សនាម​ថា «​បុរស​មុខ​ញញឹម​»​។​
 
​តាមច្បាប់​កូរ៉េខាងត្បូង បេក្ខភាព​របស់លោក ជុង ត្រូវការ​ការយល់ព្រម​ពី​សភា​ជាមុនសិន​។ សវនាការ​ដើម្បី​ជជែក​ពី​បេក្ខភាព​លោក ជុង បានចាប់ផ្ដើម​នៅ​ថ្ងៃទី​១៨ ខែធ្នូ​នេះ​។ យ៉ាងណាមិញ សំឡេង​ប្រឆាំង បាន​លាន់​រន្ថើន​បណ្ដើរៗ​ហើយ​។ គណបក្ស​សេរីភាព​កូរ៉េ​ដែលជា​បក្សប្រឆាំង​ហៅ​ការតែងតាំង​នេះ ជាការ​ប្រកាស​ចេតនា​ទៅរក​របប​ផ្ដាច់ការ ដែល​បំផ្លាញ​ការបែងចែក​អំណាចនីតិបញ្ញត្តិ តុលាការ និង​នីតិប្រតិបត្តិ ក៏ដូចជា​ការយក​សភា​ជា​ទាសករ​ផងដែរ​។  
 
​តាមពិតទៅ នៅ​កូរ៉េខាងត្បូង តំណែង​នាយករដ្ឋមន្ត្រី​មិនសូវមាន​អំណាច​ឡើយ ខណៈ​ប្រទេស​នេះ​អនុវត្ត​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​បែប​ប្រធានាធិបតីនិយម ដែលជា​ប្រមុខរដ្ឋ​ផង និង​ជា​ប្រមុខ​រដ្ឋាភិបាល​ផង​។ នាយករដ្ឋមន្ត្រី គ្រាន់តែ​ជា​ជំនួយការ​ក្នុងការ​ដឹកនាំ​កិច្ចការ​ក្នុងប្រទេស​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្នុង​អាណត្តិ​លោក មូ​ន កៅអី​នាយករដ្ឋមន្ត្រី ហាក់​មានអំណាច​ខ្លាំង ហើយ​ចេញមុខ​ចេញ​មាត់​ញឹកញាប់​លើ​ឆា​អន្តរជាតិ​ផងដែរ​។ កន្លងទៅ លោក មូ​ន បានផ្ដល់​សិទ្ធិ​ឲ្យ​លោក លី មាន​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​បរទេស​ទៀតផង​៕ 

Tag:
 កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន ជុង សេ​ឃ្យុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com