កីឡាអន្តរជាតិ
អន្តរជាតិ
EFL Cup៖ Aston Viilla ស៊ី Liverpool ៥-០ ឡើង​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
18, Dec 2019 , 10:06 am        
រូបភាព
Aston Viilla បាន​យកឈ្នះ Liverpool ក្នុង​លទ្ធផល ៥-០ ក្នុងជំនួប​នៅ​រាត្រី​ថ្ងៃទី​១៧ ខែធ្នូ ដើម្បី​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពាន EFL Cup​។ នេះ​ជា​បរាជ័យ​លើកដំបូង និង​ធ្ងន់ធ្ងរ​បំផុត​របស់​ក្រុម​ហង្ស​ក្រហម​រដូវ​កាល​នេះ ខណៈដែល​ពួកគេ​ប្រើប្រាស់​សុទ្ធតែ​កីឡាករ​យុវជន​មួយឈុត​តែម្តង​។​


 
៥​គ្រាប់​របស់ Aston សម្រេចបាន​ដោយ​កីឡាករ Conor Hourihane ,  Jonathan Kodjia (​ពីរ​គ្រាប់​ម្នាក់ឯង​) និង Wesley ខណៈ​កីឡាករ​ហង្ស​ក្រហម Morgan Boyes ធ្វើឱ្យ​ចូល​ទី​ខ្លួនឯង​មួយគ្រា​ប់​។ ការ​របូត​គ្រាប់​បាល់​ដ៏​ច្រើន​នេះ បន្ទាប់ពី​អវត្តមាន​កីឡា​ក៏​ឆ្នើមៗ​របស់ Liverpool ដែល​ត្រូវមាន​ភារកិច្ច​ធ្វើដំណើរ​ទៅ​ចូលរួម​ការប្រកួត​ដណ្តើមពាន FIFA Club World Cup នៅ​ប្រទេស​កាតា ដោយ​ទុក​កីឡាករ U23 ដែល​ដឹកនាំ​ដោយ​លោក Neil Critchley សម្រាប់​ជំនួប​វគ្គ​៨​ក្រុម​ចុងក្រោយ​នេះ​វិញ​។​


 
Liverpool ឈុត U23 នេះ បានចាប់ផ្តើម​ការប្រកួត​ដ៏​អស្ចារ្យ​ជាមួយនឹង​ការគ្រប់គ្រង​បាល់​យ៉ាងច្រើន បើ​ទោះ​ប៉ះ​ក្រុម​ពេញ​សាច់​របស់ Aston Villa ក្តី​។ យ៉ាងណាក៏ដោយ ពួកគេ​បាន​ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​របូត​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​នៅ​ចន្លោះពេល​៣ នាទី ពោលគឺ​នៅ​នាទី​១៤ និង​១៧ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​នេះ​របូត​គ្រាប់​បាល់​ជា​បន្តបន្ទាប់​។​
 
​ក្រោយ​ជ័យជម្នះ​នេះ Aston ដែល​ធ្វើ​មិនបាន​ល្អ​នៅ​ក្របខណ្ឌ Premier League ដោយ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៧ នោះ ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ពាន League Cup  ឆ្នាំ​២០១៩​នេះ ខណៈ​ក្រុម​នាំមុខ​ដាច់​នៅ​កំពូល​តារាង​លី​គ​កំពូល​អង់គ្លេស Liverpool អស់សិទ្ធិ​ទៅ​វគ្គ​បន្ត​៕
 


Tag:
 EFL Cup
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com